កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់សមត្ថកិច្ចប៉ូលិសសេអ៊ូល ឃាត់ខ្លួនបានអ្នកលួចល្មើមបម្រាមគម្លាតសង្គម ជួបជុំផឹកស៊ីជប់លៀងបំពានមិនពាក់ម៉ាសដល់ទៅជាង២០នាក់ រួមទាំងបុគ្គលិកនិងថៅកែហាងផងដែរ ក្នុងប្រតិបត្តិការឆ្មក់ចុះទៅចាប់កន្លែងហាងមួយដែលលួចរៀបចំពិធីជប់លៀងនៅលើទូក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News កូរ៉េនៅថ្ងៃអាទិត្យម្សិលមិញនេះ។
ក្នុងករណីចុះទៅឆ្មក់ចាប់បានទីតាំងលួចរៀបចំជប់លៀងខុសច្បាប់ ល្មើសនឹងបម្រាមគម្លាតសង្គមនេះគឺស្ថិតនៅក្នុងទីក្រុងសេអ៊ូល ហើយគ្រាន់ជាករណីធំមួយជាងគេក្នុងចំណោមបេសកកម្មលួចឆ្មក់ចុះទៅចាប់ទីតាំងអាជីវកម្មល្មើសគម្លាតសង្គមទ្រង់ទ្រាយធំ ចាប់បានដល់ទៅ ៧៩ទីតាំងផ្សេងទៀតដែលអជ្ញាធរស៊ើបអង្កេតរកឃើញថាល្មើសនឹងគម្លាតសង្គមកម្រិត៤ ដែលកំពុងអនុវត្តនៅក្នុងទីក្រុងសេអ៊ូលនេះ។ ក្នុងបេសកកម្មចុះបង្ក្រាបនេះមិនធម្មតានោះទេ គឺមានស្ថាប័នសមត្ថកិច្ចផ្សេងៗគ្នាដល់ទៅ៤ឯណោះ រួមមានអជ្ញាធរក្រុងសេអ៊ូល អជ្ញាធរសង្កាត់ ប៉ូលិស និងអជ្ញាធរពន្លត់អគ្គីភ័យផងដែរ។
ចំពោះហាងកាហ្វេដែលគេលួចបើកកន្លែងពិធីជប់លៀងផឹកស៊ីលើទូកនេះ គឺប៉ូលិសទៅឆ្មក់ចាប់បានកាលពីយប់ថ្ងៃសុក្រនេះ ហើយស្ថិតនៅដងទន្លេហានហ្គាង កណ្តាលទីក្រុងសេអ៊ូលតែម្តង ដោយប៉ូលិសទៅដល់រកឃើញមានការជួបជុំលួចផឹកស៊ី រំាច្រៀងខារ៉ាអូខេ មិនពាក់ម៉ាស់ ហើយតុមួយមានមនុស្សលើសពី៣នាក់ទៅទៀត និងលួចដំណើរការដល់យប់ជ្រៅមិនខ្វាយខ្វល់ពីច្បាប់នោះទេ។ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ពិធីជប់លៀងនេះគឺភ្ញៀវដែលលួចចូលរួមបានធ្វើការចុះឈ្មោះ និងកក់គ្នាជាមុនតាមវីដេអូបង្ហោះលើបណ្តាញសង្គម ហើយគឺមានអ្នកចុះឈ្មោះដោយផ្ញើសារទៅកាន់ទំព័របណ្តាញសង្គមរបស់ហាងនោះពេញតម្រង់ជួរគ្នាតែម្តង។
នៅក្នុងពេលដែលសមត្ថកិច្ចនាំគ្នាចុះទៅចាប់បានដល់ទីតាំងនោះភ្លាម ម្ចាស់ហាងបានបិទចម្រៀងភ្លាម ហើយស្រែកឱ្យភ្ញៀវដែលរាំច្រៀងបំពានគម្លាតសង្គមសឹងប៉ុន្មានម៉ោងមកហើយនោះ ឱ្យពាក់ម៉ាស់និងរក្សាគម្លាតសង្គមយ៉ាងត្រឹមត្រូវ។ តែយ៉ាងណាក៏ដោយ គេចាប់បានភ្ញៀវ និងបុគ្គលិកដែលល្មើសដល់ទៅជាង២០នាក់ ដែលសុទ្ធតែត្រូវរងការផាកពិន័យធ្ងន់ធ្ងរ ម្នាក់ៗគឺរងការចោទបំពានច្បាប់ជាច្រើនមុខឯណោះមានទាំងល្មើសគម្លាតសង្គម ល្មើសការជួបជុំមិនឱ្យហួសពី២នាក់ និងបទល្មើសដទៃទៀត។
ក្នុងទីតាំងផ្សេងទៀតដែលគេចាប់បានមានដូចជាទីតាំងច្រៀងខារ៉ាអូខេនៅ 중랑구 ដែលគេរកឃើញថាបើទោះជាពីខាងក្រៅបានបិទអាជីវកម្មមែន តែនៅលួចដំណើរការមានភ្ញៀវច្រៀងនៅខាងក្នុងលួចលាក់ ដែលចំពោះករណីនេះ អជ្ញាធរគ្រោងនឹងធ្វើការរាយការណ៍ និងពិន័យរដ្ឋបាលលើមនុស្សដែលល្មើសពាក់ព័ន្ធដល់ទៅ១២នាក់ផងដែរមានទាំងភ្ញៀវ និងបុគ្គលិកម្ចាស់ហាងជាដើម។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងបេសកកម្មទ្រង់ទ្រាយធំនេះ អជ្ញាធរសុទ្ធតែបានលួចស៊ើបការណ៍មុនរួចអស់ហើយ និងប្រមូលព័ត៌មានពីទីតាំងល្មើសទាំងនោះ ដើម្បីឈានទៅចាប់ឱ្យបានក្នុងប្រតិបត្តិការនោះតែម្តង។ សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា នឹងរៀបចំនូវបេសកកម្មចុះឆ្មក់ចាប់បែបនេះបន្ថែមទៀតក្នុងពេលខាងមុខ ខណៈដែលអាជីវកម្ម និងមនុស្សជាច្រើននៅតែបន្តល្មើសដោយមិនអើពើនឹងបម្រាមរដ្ឋាភិបាល បើទោះបីជាមានការតាមចាប់គ្រប់កន្លែង និងមានហានិភ័យខ្លាំងពីការចម្លងកូវីដក៏ដោយ។