ប្រយ័ត្នផង អ្នកនៅម្តុំហ្គាងវ៉ុន! យប់នេះ និងព្រឹកថ្ងៃចន្ទស្អែក តំបន់ឆ្នេរភាគកើតកូរ៉េ អាចនឹងរងឥទ្ធិពលខ្លាំងពីព្យុះ «លូពីត» បង្កជាភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងក្លា ..

កូរ៉េខាងត្បូង៖ ព្យុះត្រូពិកថ្មីមួយទៀតអាចនឹងបក់បោកមកដល់ក្បែរឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងត្បូង នាំមកជាមួយនូវទឹកភ្លៀងជោគជាំខ្លាំង និងខ្យល់បោកបក់ខ្លាំង នេះបើតាមការប្រកាសឱ្យដឹងរបស់អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចាប់ពីត្រឹមពាក់កណ្តាលយប់ថ្ងៃអាទិត្យនេះ ព្យុះត្រូពិកថ្មីនេះដែលមានឈ្មោះថា “លូពីត (Lupit)” នឹងបោកបក់មកដល់កោះឃ្យ៉ូស៊ូរបស់ជប៉ុន ហើយឆ្លងកាត់ហួសមកដល់ក្បែរប្រទេសកូរ៉េនៅនឹងសមុទ្រខាងកើត នៅព្រឹកថ្ងៃចន្ទស្អែកនេះ បើតាមការបញ្ជាក់របស់អជ្ញាធរឧតុនិយមកូរ៉េ។ បើតាមការបញ្ជាក់របស់អជ្ញាធរ ព្យុះនេះទំនងជានឹងមិនប៉ះពាល់ និងបង្កជាគ្រោះថ្នាក់ដោយផ្ទាល់ដល់ប្រទេសកូរ៉េខាងត្បូងនោះទេ តែអាចនឹងមានឥទ្ធិពលមួយចំនួនជះមកលើឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូង ដែលនឹងមានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ជោគជាំផងដែរនៅព្រឹកថ្ងៃចន្ទស្អែកនេះ។

ព្យុះនេះអាចនឹងនាំមកជាមួយខ្យល់កម្លាំងល្បឿនដល់ជាង ២០មែ៉ត្រក្នុងមួយវិនាទីនៅយប់ថ្ងៃអាទិត្យនេះនៅតាមផ្នែកខ្លះនៃខេត្តហ្គាងវ៉ុន ហើយបើតាមការបញ្ជាក់របស់អជ្ញាធរ គេអាចនឹងចេញសេចក្តីជូនដំណឹងព្រមានពីហានិភ័យទៅដល់ប្រជាជននៅតំបន់ដែលអាចនឹងរងផលប៉ះពាល់នាពេលឆាប់ៗនេះផងដែរ។ នៅតាមបណ្តាឆ្នេរភាគខាងកើតនៃខេត្តហ្គាងវ៉ុន នៅយប់ថ្ងៃអាទិត្យនេះក៏អាចនឹងមានភ្លៀងធ្លាក់ខ្លាំងដល់ទៅ ២០០មីលីម៉ែត្រផងដែរ ហើយតំបន់ដទៃទៀតដូចជានៅកោះអ៊ូឡុង និងកោះដុកដូ ដែលស្ថិតក្នុងសមុទ្រភាគខាងកើតនោះ អាចនឹងមានភ្លៀងធ្លាក់ខ្លាំងដល់ទៅ ២៥០មីលីម៉ែត្រផងដែរនៅព្រឹកព្រលឹមថ្ងៃចន្ទស្អែក។

សូមបញ្ជាក់ថា រយៈពេលកាលពីអំឡុងខែសីហានេះដែរ កាលពីឆ្នាំ២០២០កន្លងទៅ កូរ៉េខាងត្បូងជួបប្រទះ និងរងគ្រោះដោយសារព្យុះទីហ្វុងជាច្រើនជាប់គ្នាបន្តបន្ទាប់ ហើយមានការលិចលង់សម្បើមខ្លាំងណាស់ដែរ តែចំណែកឆ្នាំនេះ ហាក់មានភាពធូរស្រាលវិញ ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុង និងព្យុះនានាត្រឹមកម្រិតស្រាល និងមិនមានជាបញ្ហាលិចលង់ខ្លាំងក្លានោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *