ផ្ទុះកូវីដបន្តបន្ទាប់ច្រើនពេក! ក្រុងប៊ូសានសម្រេចបង្កើនគម្លាតសង្គមដល់កម្រិត៤ហើយ ជួបជុំក្រោយ៦ល្ងាចបានតែ២នាក់ទេ ខណៈឆ្នេរទាំងអស់ត្រូវបិទចោល ..

កូរ៉េខាងត្បូង៖ គម្លាតសង្គមនៅក្នុងក្រុងប៊ូសាន នឹងត្រូវតម្លើងដល់កម្រិត៤ ខ្ពស់ជាងគេបង្អស់ចាប់ពីសប្តាហ៍ក្រោយនេះទៅហើយ ក្រោយពីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ពេញនិយមនេះរកឃើញមានករណីឆ្លងកូវីដកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនធូរស្បើយសោះនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News។

ក្នុងការចុះផ្សាយបានឱ្យដឹងថា លោកអភិបាលក្រុងប៊ូសានបានចេញមកប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះថា ការឆ្លងរាតត្បាតនៃករណីជំងឺកូវីដ-១៩ក្នុងក្រុងទាំងមូលមានសភាពគួរឱ្យបារម្ភ ហើយប្រភពនៃការចម្លងក៏ពិបាកក្នុងការកំណត់ និងតាមដានផងដែរ។ គេបារម្ភថាប្រសិនបើមិនមានវិធានការថ្មីទេនោះ ការឆ្លងរាតត្បាតនៃករណីកូវីដនេះអាចគ្រប់គ្រងស្ថានការណ៍លែងបានតែម្តង។ ដូចនេះ វិធានការគម្លាតសង្គមនៅក្នុងក្រុងប៊ូសាន នឹងត្រូវអជ្ញាធរមូលដ្ឋានរបស់ប៊ូសានសម្រេចតម្លើងដល់កម្រិត៤ ចាប់ពីថ្ងៃអង្គារទី១០ សីហានេះ ពីម៉ោង១២យប់ទៅ (គឺយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ) ហើយនឹងបន្តរយៈពេល១២ថ្ងៃរហូតដល់ថ្ងៃទី២២ ខែសីហាខាងមុខ។

ជាមួយនឹងការតម្លើងគម្លាតសង្គមដល់កម្រិត៤នេះ ក្រុងប៊ូសាននឹងរឹតត្បិតលើការជួបជុំគ្នាឯកជន​​មិនឱ្យលើសពី៤នាក់ត្រឹមម៉ោង៦ល្ងាច ហើយពីម៉ោង៦ល្ងាចតទៅ ជួបជុំគ្នាបានត្រឹមតែ២នាក់ប៉ុណ្ណោះ ហើយកម្មវិធីកម្សាន្ត ព្រឹត្តិការណ៍សង្គមអ្វីនានានឹងត្រូវហាមឃាត់មិនឱ្យរៀបចំនោះទេ។ ក្នុងកម្រិត៤នៃគម្លាតសង្គមនេះ គ្រប់ឆ្នេរសមុទ្រទាំងអស់ដែលជាទីកំសាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទូទាំងប្រទេសកូរ៉េ សម្រាប់រដូវក្តៅនេះ នឹងត្រូវតម្រូវឱ្យបិទទាំងស្រុងផងដែរ។

សូមបញ្ជាក់ថា ការបង្កើនគម្លាតសង្គមដល់កម្រិត៤នេះ ត្រូវបានធ្វើឡើងត្រឹម២ថ្ងៃបន្ទាប់ពីក្រុងប៊ូសានប្រកាសរក្សាគម្លាតសង្គមត្រឹមកម្រិត៣បន្ត តាមការកំណត់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ សម្រាប់បច្ចុប្បន្ននេះ ក្រៅពីក្រុងប៊ូសាន មានតែក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ប៉ុណ្ណោះដែលស្ថិតក្រោមគម្លាតសង្គមកម្រិត៤ដូចគ្នា ខណៈតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េស្ថិតក្រោមគម្លាតសង្គមកម្រិត៣។

Leave a Reply

Your email address will not be published. Required fields are marked *