នៅតូក្យ៉ូ បុរសជប៉ុនម្នាក់ដកកាំបិតចាក់មនុស្សពាសវាល របួសអស់១០នាក់នៅក្នុងទូរថភ្លើង ហើយនៅពេលឃាត់ខ្លួនបាន បែរជាសារភាពប្រាប់ប៉ូលិស ហេតុផលហួសចិត្តមួយនេះ ..

ជប៉ុន៖ ក្នុងស្ថានីយ៍រថភ្លើងនៅក្នុងទីក្រុងតូក្យ៉ូ ជាទីក្រុងដែលកំពុងរៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកផងនោះ និងដែលណែនពេញទៅដោយមនុស្សមានករណីបុរសម្នាក់បានកាន់កាំបិត ហើយចាក់អ្នកដទៃបង្កឱ្យរបួសមនុស្សដល់ទៅ១០នាក់ ហើយទើបព្យាយាមរត់គេចខ្លួនរហូតដល់សមត្ថកិច្ចជប៉ុនអាចឃាត់ខ្លួនបាន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times ដកស្រង់បន្តពីសារព័ត៌មានជប៉ុន NHK News។

ប៉ូលិសក្រុងតូក្យ៉ូបានឱ្យដឹងនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ករណីបង្ករបួសស្នាមដោយកាំបិតនេះបានកើតឡើងកាលពីថ្ងៃសុក្រ ម៉ោងជាង៨ល្ងាចនៅតូក្យ៉ូ នៅនឹងស្ថានីយ៍រថភ្លើង Seijogakuen Station។ ក្នុងករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនិងឆោឡោជាខ្លាំង ដោយមានអ្នករងរបួសដល់ទៅ១០នាក់ឯណោះ។ សមត្ថកិច្ចបញ្ជាក់ថាអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមានអ្នករងរបួសម្នាក់ដែលមានអាការៈស្រាលជាងគេ បានដើរចេញពីទីតាំងកើតហេតុនោះដោយខ្លួនឯង។

ក្នុងព្រឹត្តិការណ៍នោះ បើតាមការបញ្ជាក់គឺកើតឡើងនៅក្នុងទូរថភ្លើងតែម្តង ហើយជនបង្កបានដកកាំបិតមកចាក់ដោយកំរោលទៅលើអ្នកធ្វើដំណើរដទៃទៀតបណ្តាលឱ្យរបួស ហើយបន្ទាប់មកក៏បានបោះកាំបិតនោះចោល ហើយរត់ចេញគេចខ្លួន រហូតដល់ត្រូវឃាត់ខ្លួនបាននៅនឹងហាងទំនិញមួយនៅក្បែរនោះ ដោយសារតែជនល្មើសអស់កម្លាំងរត់លែងរួច ក៏បានដើរចូលក្នុងហាងទំនិញនោះ ស្របពេលព័ត៌មានកំពុងចាក់ផ្សាយពីហេតុការណ៍ចាក់មនុស្សនោះ ហើយក៏បានសារភាពប្រាប់ទៅម្ចាស់ហាងថាខ្លួនជាជនបង្ក។ ឃើញដូចនេះម្ចាស់ហាងក៏បានរាយការណ៍ទៅប៉ូលិសមកភ្លាមៗ។ សាក្សីនៅនឹងកន្លែងកើតហេតុបាននិយាយថា នៅពេលដែលរថភ្លើងឈប់ គេឃើញអ្នកដំណើររបួសទាំងអស់នោះនាំគ្នារត់ឆ្លេឆ្លចេញមកក្រៅ មានទាំងរបួសពេញខ្លួន ហើយបានស្រែកថាមានគេចាក់មនុស្ស និងហៅឱ្យមានគ្រូពេទ្យមកជួយ។

សារព័ត៌មានក្នុងស្រុករបស់ជប៉ុនបានបញ្ជាក់ថា ជនបង្កមានអាយុ៣៦ឆ្នាំ ហើយមានឈ្មោះថា Yusuke Tsushima ហើយបានសារភាពប្រាប់ទៅប៉ូលិសសួរចម្លើយថា មូលហេតុដែលខ្លួនមានបំណងចង់សម្លាប់មនុស្សបែបនេះ គឺដោយសារតែឃើញនារីដែលមើលទៅមានភាពរីករាយសប្បាយចិត្ត នាំឱ្យគាត់ចង់ធ្វើសកម្មភាពនេះឡើង ហើយគាត់មិនមានគោលដៅចំពោះនរណាម្នាក់ច្បាស់នោះទេ គឺគាត់បង្កសកម្មភាពនេះដោយភ្លាមៗតែម្តង មិនខ្វល់ថាជនរងគ្រោះជានរណានោះឡើយសំខាន់គឺអ្នកដែលសប្បាយរីករាយ។ យ៉ាងណាមិញ ប៉ូលិសជប៉ុនមិនបានបញ្ជាក់លម្អិតបន្ថែមអំពីវិធានការចំពោះជនបង្កនេះនៅឡើយទេ។

សូមបញ្ជាក់ថា ប្រទេសជប៉ុនកំរមានករណីបទល្មើសបាញ់បោះបង្កជារបួសស្នាមណាស់ តែបើករណីចាក់មនុស្សបង្កជារបួស និងអាចឈានដល់បាត់បង់ជីវិតក្នុងទ្រង់ទ្រាយធំបែបនេះ ហាក់មានជាច្រើនករណីដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ មានបុរសម្នាក់ដែរបានកាន់កាំបិត ២ដើម ហើយបានវាយប្រហារមកលើក្រុមសិស្សស្រីនៅនឹងចំណតឡានក្រុងនៅក្រៅទីក្រុងតូក្យ៉ូ ដែលបាននាំឱ្យបាត់បង់ជីវិត២នាក់ និងរបួសដល់ទៅ១៧នាក់ មុននឹងជនបង្កសម្លាប់ខ្លួននៅនឹងទីតាំងកើតហេតុនោះ។ នៅឆ្នាំ២០១៨ មានបុរសម្នាក់ទៀតបានសម្លាប់អ្នកធ្វើដំណើរម្នាក់ និងបង្ករបួស២នាក់ទៀតដោយការចាក់នឹងកាំបិតដូចគ្នានៅក្នុងរថភ្លើងល្បឿនលឿន និងមានករណីជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នទីក្រុងតូក្យ៉ូ ជប៉ុនកំពុងបន្តរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃអាទិត្យនេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *