អ្នកប៊ូសានប្រយ័ត្នផង! ពីរសៀលម្សិលមិញ ដល់ថ្ងៃនេះ ក្រុងប៊ូសានបំបែកកំណត់ត្រាថ្មី រកឃើញកូវីដច្រើនជាងគេប្រចាំថ្ងៃទៀតហើយ មានអ្នកឆ្លងកូវីដដល់ទៅ …

កូរ៉េខាងត្បូង៖ គិតពីត្រឹមរសៀលថ្ងៃម្សិលមិញដល់រសៀលថ្ងៃសៅរ៍នេះ ក្រុងប៊ូសានបានប្រកាសថារកឃើញករណីវិជ្ជមានកូវីដថ្មីច្រើនជាងគេបង្អស់ ដល់ទៅ១៧១ករណីហើយ ជាតួលេខអត្រាឆ្លងច្រើនជាងគេបង្អស់ចាប់តាំងពីផ្ទុះកូវីដមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News។

ព័ត៌មានដែលចុះក្នុងសារព័ត៌មាន Naver News ជាភាសាកូរ៉េបានឱ្យដឹងថា គិតពីរសៀលថ្ងៃសុក្រម្សិលមិញមកដល់រសៀលថ្ងៃសៅរ៍នេះ ក្រុងប៊ូសានបានរកឃើញករណីឆ្លងកូវីដថ្មីច្រើនមែនទែនដល់ទៅ ១៧១ករណីហើយ ដែលតួលេខនេះនាំឱ្យចំនួនករណីឆ្លងកូវីដសរុបនៅក្នុងក្រុងប៊ូសានបានកើនដល់ ៨៩៧៨ ហើយ។ តួលេខនេះដែរ ក៏ជាកំណត់ត្រាថ្មីសម្រាប់ក្រុងជាប់នឹងឆ្នេរសមុទ្រនេះ សម្រាប់ការកើតមានករណីឆ្លងកូវីដប្រចាំថ្ងៃច្រើនជាងគេបង្អស់ផងដែរ គឺកើនលើសពីកំណត់ត្រាច្រើនបំផុតកាលពីលើកមុន កាលពីថ្ងៃទី ២៣ កក្កដាកន្លងទៅ ដែលមានត្រឹមតែ ១១៨នាក់ក្នុងរយៈពេលដូចគ្នានេះ។

បើតាមការបញ្ជាក់ ការផ្ទុះឆ្លងដ៏ច្រើននេះមានប្រភពចេញពីទីតាំងផ្សេងៗគ្នាច្រើនទូទាំងក្រុងប៊ូសានទាំងមូល មានទាំងនៅមន្ទីរពេទ្យ នៅតាមភោជនីយដ្ឋាន ហាងកុំព្យូទ័រអ៊ីនធើណែត បន្ទប់ច្រៀង និងផាប់កម្សាន្តជាដើម។ សម្រាប់ករណីផ្ទុះឆ្លងធំមួយ គឺកើតឡើងនៅនឹងមន្ទីរពេទ្យថែទាំមនុស្សចាស់ Gijang-gun Nursing Hospital (기장군 요양병원은) ដែលគេរកឃើញបុគ្គលិក៣នាក់មានវិជ្ជមានកូវីដ ហើយក្រោយមកក៏មានការរកឃើញករណីឆ្លងជាបន្តបន្ទាប់ក្នុងចំណោមអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺបន្តបន្ទាប់ ដែលកើនឥឡូវនេះដល់ទៅ៣៩នាក់ហើយ។ ក្នុងនោះដែរ អ្នកដែលឆ្លងភាគច្រើនដល់ទៅ៣៤នាក់ សុទ្ធជាអ្នកបានចាក់វ៉ាក់សាំងកូវីដរួចផងដែរ មាន១នាក់បានចាក់វ៉ាក់សាំង Pfizer របស់អាម៉េរិក និង៣៣នាក់ទៀតបានចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca។

បើគិតជាទីតាំងនៃអ្នកដែលរកឃើញវិជ្ជមានកូវីដនៅប៊ូសានវិញ គេរកឃើញមាននៅតាមទីតាំងសង្កាត់ និងតំបន់ផ្សេងៗក្នុងក្រុងប៊ូសានដល់ទៅ ១៦ ទីតាំង មានដូចជា៖ ៣ករណីនៅ 중구, ៣ករណីនៅ 서구, ៣ករណីនៅ 동구, ៤ករណីនៅ 영도구, ១៨ករណីនៅ 부산진구, ៧ករណីនៅ 동래구, ៧ករណីនៅ 남구, ៣ករណីនៅ 북구, ១៣ករណីនៅ 해운대구, ៦ករណីនៅ 사하구, ៧ករណីនៅ 금정구, ៤ករណីនៅ 강서구, ១១ករណីនៅ 연제구, ១៤ករណីនៅ 수영구, ៦ករណីនៅ 사상구, ១២ករណីនៅ 기장។

បើគិតជាចំនួនក្រុមអាយុវិញ មានអ្នកឆ្លងកូវីដថ្មីចុងក្រោយ ៧នាក់ជាកុមារ មាន៥នាក់ជាក្មេងជំទង់ ៣៣នាក់មានអាយុខ្ទង់២០ឆ្នាំជាង ៣១នាក់មានអាយុខ្ទង់៣០ឆ្នាំជាង ២៥នាក់មានអាយុខ្ទង់៤០ឆ្នាំជាង ២០នាក់មានអាយុខ្ទង់៥០ឆ្នាំជាង ១៧នាក់មានអាយុខ្ទង់៦០ឆ្នាំជាង ១០នាក់មានអាយុខ្ទង់៧០ឆ្នាំជាង និង២៣នាក់មានអាយុខ្ទង់៨០ឆ្នាំ។

សូមបញ្ជាក់ថា ក្រុងប៊ូសានបច្ចុប្បន្នកំពុងស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៣ ហើយដែលវិធានការគម្លាតសង្គមនេះត្រូវបានពន្យារបន្តរយៈពេលដល់ទៅ២សប្តាហ៍ពីថ្ងៃទី៨ សីហានេះ រហូតដល់ថ្ងៃទី២២ ខែសីហាខាងមុខ ទើបនឹងមានការជូនដំណឹងជាថ្មីបន្ថែមទៀត។

 

Leave a Reply

Your email address will not be published. Required fields are marked *