កូរ៉េខាងត្បូង៖ ស្ថានការណ៍គម្លាតសង្គមបច្ចុប្បន្ននៅទូទាំងប្រទេសកូរ៉េខាងត្បូង នឹងត្រូវបន្តពន្យារអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត ខណៈដែលអត្រានៃករណីឆ្លងកូវីដនៃរលកទី៤ក្នុងប្រទេសកូរ៉េ ហាក់មិនទាន់បង្ហាញភាពធូរស្បើយនៅឡើយនោះ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាវិធានការគម្លាតសង្គមដែលមានកំពុងអនុវត្ត គឺវិធានការគម្លាតសង្គមកម្រិត៤តឹងតែងខ្លាំងជាងគេ សម្រាប់ប្រជុំជនសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់នឹងត្រូវបន្តអនុវត្តដដែលរយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី២២ ខែសីហាឯណោះ។ មានន័យថា ការហាមជួបជុំឯកជនលើសពី២នាក់ ទាំងនៅក្នុងហាងភោជនីយដ្ឋាន និងការហាមញ៉ាំនៅក្នុងហាងត្រឹមម៉ោង១០យប់នឹងនៅតែបន្តអនុវត្តដដែល២សប្តាហ៍ទៀត រួមជាមួយនឹងវិធានការគម្លាតសង្គមដែលមានស្រាប់ផ្សេងៗទៀត។
ចំណែកឯតំបន់ផ្សេងៗទៀតទូទាំងប្រទេសនឹងត្រូវបន្តអនុវត្តគម្លាតសង្គមកម្រិត៣ដដែល លើកលែងតែតំបន់ណាដែលមានការតម្លើងគម្លាតសង្គមបន្ថែមពីសំណាក់អជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ ក្រោមវិធានការគម្លាតសង្គមកម្រិត៣នេះ នឹងហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពី៤នាក់នោះទេ និងហាមឃាត់ការជួបជុំក្រុមធំជាសាធារណៈ ដូចជាការធ្វើបាតុកម្ម ឬជួបជុំនានាដែលមានគ្នាលើសពី៥០នាក់ឡើងទៅ។ ហាងកាហ្វេ និងភោជនីយដ្ឋានានា ត្រូវបើកដំណើរការទទួលភ្ញៀវបានត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ ដោយលើសពីម៉ោង១០យប់ទៅ ត្រូវទទួលតែការវេចខ្ចប់ចេញប៉ុណ្ណោះ រួមជាមួយនឹងវិធានការគម្លាតសង្គមលម្អិតតាមវិស័យ និងសកម្មភាពនានាដទៃទៀត ដែលរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលបានកំណត់លម្អិតក្នុងសេចក្តីជូនដំណឹងកាលពីពេលកន្លងទៅទាំងស្រុងនោះ។
បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី គឺខាងអជ្ញាធរសុខាភិបាលបន្តមានក្តីបារម្ភខ្លាំងលើស្ថានការណ៍កូវីដ ដោយសារតែតួលេខឆ្លងថ្មីប្រចាំថ្ងៃ កើនដល់៤ខ្ទង់លើសពី១០០០នាក់សឹងរយៈពេល១ខែពេញមកហើយ។ ក្នុងនោះដែរ អជ្ញាធរក៏មានការបារម្ភចំពោះថ្ងៃបុណ្យឈប់សម្រាកឯករាជ្យជាតិកូរ៉េ ដែលនឹងចាប់ផ្តើមពីរង្វង់ថ្ងៃទី១៥ សីហាខាងមុខផងដែរ ដោយគេរំពឹងថាប្រជាជនកូរ៉េជាច្រើននឹងធ្វើដំណើរទៅទីតាំងកំសាន្តនានាសឹងទូទាំងប្រទេស ក្នុងពេលឈប់សម្រាកនោះ ក្រោយពីរងការបិទខ្ទប់និងគម្លាតសង្គមយ៉ាងតឹងរ៉ឹងអស់ជាច្រើនខែមកហើយនោះ។
បើនិយាយពីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់វិញ បានស្ថិតក្រោមគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេនេះអស់រយៈពេល១ខែជាងមកហើយ ដែលវិធានការនេះបានពន្យារចំនួន២ដងមកហើយ ដោយមិនទាន់អាចបិទបញ្ចប់បាននោះឡើយ។ ជាក់ស្តែងចំនួនតួលេខឆ្លងប្រចាំថ្ងៃនៅតំបន់ប្រជុំជនធំៗទាំងបីនេះ ជាមធ្យមសឹងលើស១០០០ករណីជារៀងរាល់ថ្ងៃ។ បើតាមការបញ្ជាក់របស់អជ្ញាធរ តំបន់ទាំងបីនេះអាចនឹងបន្ថយគម្លាតសង្គមមកនៅកម្រិត៣ ក្នុងករណីដែលអត្រាករណីឆ្លងកូវីដប្រចាំថ្ងៃ ធ្លាក់ចុះមកនៅជាមធ្យមត្រឹមតែជាង ៨០០ករណីវិញ។
យ៉ាងណាមិញ បើតាមការបញ្ជាក់របស់អជ្ញាធរជំនាញ គឺអនុប្រធាននៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ បានបញ្ជាក់ថារលកទី៤នៃកូវីដដែលកំពុងផ្ទុះក្នុងប្រទេសកូរ៉េសព្វថ្ងៃ នឹងមិនងាយចប់ឆាប់ៗនេះទេ ដោយនឹងអាចនៅបន្តរយៈពេលយូរទៀត ហើយអាចនឹងមានរយៈពេលយូរជាងរលកផ្ទុះកូវីដទាំង៣ដងកន្លងមកទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រម្សិលមិញ កូរ៉េខាងត្បូងមានអ្នកចាក់វ៉ាក់សាំងកូវីដបានដល់ទៅលើស២០លាននាក់ហើយ គឺចំនួន ២០.៥២លាននាក់ ហើយបើតាមផែនការរដ្ឋាភិបាល ក្នុងអំឡុងខែសីហា និងកញ្ញានេះ នឹងជាពេលវេលាមមាញឹកសម្រាប់កម្មវិធីចាក់វ៉ាក់សាំង គឺសម្រាប់ប្រជាជនអាយុពី១៨ ដល់៤៩ឆ្នាំទូទាំងប្រទេស ដែលក្នុងនោះរួមមានទាំងការចាក់ជូនសម្រាប់ពលករបរទេសផងដែរ ទាំងអ្នកស្រប់ច្បាប់ និងខុសច្បាប់។ បើតាមផែនការលើកឡើងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន កន្លងមក គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ ៣៦លាននាក់មុនរដូវកាលឈប់សម្រាកធំ បុណ្យឈូសុកកូរ៉េចូលមកដល់នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។