កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់នៅឃ្យ៉ុងគី ត្រូវបានប៉ូលិសកូរ៉េដេញតាមរហូតដល់ឃាត់ខ្លួនបាន ក្រោយពីបានក្លាហានដកកាំបិតមកកាន់សំឡុតសមត្ថកិច្ច ដោយសារតែទាស់ចិត្តរឿងសមត្ថកិច្ចមកណែនាំឱ្យពាក់ម៉ាស់នៅទីសាធារណៈ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News កូរ៉េនៅថ្ងៃសុក្រម្សិលមិញនេះ។
បុរសជាជនបង្កនេះមានអាយុជាង៥០ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្រោយពីបានដេញតាមទំរាំអាចបញ្ឈប់បុរសជាជនបង្កនេះជាប់។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចនៅឃ្យ៉ុងគី បុរសខាងលើនេះត្រូវរងការចោទប្រកាន់ពីបទគម្រាមកំហែង និងរំខានដល់ការអនុវត្តកាតព្វកិច្ចរបស់សមត្ថកិច្ចនៅនឹងកន្លែងកើតហេតុ។
ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថាបានកើតឡើងនៅនឹងសួនច្បារហាត់កីឡាខ្វាងម្យ៉ុង ខេត្តឃ្យ៉ុងគី តាំងពីពេលព្រលឹមម៉ោងជាង៦ព្រឹក ដោយបុរសជាជនបង្កមិនបានពាក់ម៉ាស់ ហើយសមត្ថកិច្ចឃើញក៏បានទៅណែនាំតម្រូវឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ស្រាប់តែរំពេចភ្លាមនោះ បុរសរូបនោះក៏បានដកអាវុធមានជាប់នៅនឹងខ្លួន គឺកូនកាំបិតមកកាន់ ហើយហាក់គម្រាមកំហែងដល់សមត្ថកិច្ចទៀតផង។ ក្រោយមកទៀត បុរសជាជនបង្កនេះ ក៏បានចេញពីទីតាំងកើតហេតនៅនឹងសួនច្បារសាធារណៈនោះ ដើរសំដៅទៅឡានដូចមិនមានរឿងអ្វី ហើយបើកចេញទៅ។ ពេលនោះ សមត្ថកិច្ចប៉ូលិសក៏បានជិះដេញតាមពីក្រោយដល់ជាង ៥គីឡូម៉ែត្រ ទើបអាចបញ្ឈប់។ នៅពេលដែលប៉ូលិសប្រុងនឹងធ្វើការឃាត់ខ្លួននៅពេលនោះ បុរសជាជនបង្កនោះថែមទាំងបានតវ៉ា និងយកកាំបិទមកការពារមិនឱ្យប៉ូលិសអាចឃាត់ខ្លួនបានទៀតផង រហូតដល់តែប៉ូលិសប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ឆក់ឱ្យស្ពឺកដាក់ ទើបអាចធ្វើការឃាត់ខ្លួនបាន។
បើតាមការការសាកសួរក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជាក់ថាបុរសរូបនេះមិនមានប្រើប្រាស់គ្រឿងញៀន ឬមានអាការៈស្រវឹងនោះទេនៅពេលបង្កហេតុនោះ។