ជំនួយការពេទ្យម្នាក់នៅកូរ៉េ ទៅចាក់វ៉ាក់សាំងកូវីដក្នុងម៉ោងការងារ ហើយមានប្រតិកម្មធ្ងន់ធ្ងរ ពេលនេះត្រូវបានចាត់ជាករណីគ្រោះថ្នាក់ការងារពាក់ព័ន្ធវ៉ាក់សាំងកូវីដដំបូងបង្អស់នៅកូរ៉េ

កូរ៉េខាងត្បូង៖ ជំនួយការគិលានុបដ្ឋាធិការកូរ៉េម្នាក់ ដែលក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច លេចចេញអាការៈស្ពឹកមួយតួខ្លួនក្រោមកចុះក្រោមនោះ នៅថ្ងៃនេះត្រូវបានក្រសួងជំនាញប្រកាសជាជនរងគ្រោះដោយសារគ្រោះថ្នាក់ការងារហើយ ដែលមានន័យថាជំនួយការគិលានុបដ្ឋាធិការរូបនេះ នឹងមានសិទ្ធអាចទទួលបានសំណងឧបត្ថម្ភគ្រោះថ្នាក់ការងារបន្ថែមទៀតផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថាអង្គភាពសេវាកម្មសំណង និងសុខមាលភាពសម្រាប់និយោជិតកូរ៉េដែលស្ថិតក្រោមក្រសួងការងារ និងពលកម្មកូរ៉េ បានប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះ ពីករណីជំនួយការគ្រូពេទ្យម្នាក់ ដែលជួបបញ្ហាប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ ជាករណីគ្រោះថ្នាក់ការងារ ដែលសេចក្តីប្រកាសនេះមានន័យថាក្នុងចំណោមករណីគ្រោះថ្នាក់ការងារទាំងអស់នៅកូរ៉េ ករណីនេះជាករណីទីមួយដែលគ្រោះថ្នាក់ការងារបណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ។

សូមបញ្ជាក់ថា ជំនួយការគិលានុបដ្ឋាធិការកូរ៉េដែលជួបបញ្ហាប្រតិកម្មវ៉ាក់សាំងធ្ងន់ធ្ងរនេះ បានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ហើយក្រោយមកក៏ជួបញ្ហាមានអាការៈមើលឃើញព្រិលចេញជាពីរ និងស្ពឺកផ្នែកខ្លះនៃរាងកាយ ដែលក្រោយពីការពិនិត្យរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីរលាកឆ្អឹងកងខ្នង និងរលាកខួរក្បាល។ ករណីប្រតិកម្មបែបនេះ ភាគច្រើនមានបណ្តាលមកពីការឆ្លងមេរោគបាក់តេរី ឬក៏អាចបណ្តាលមកពីប្រតិកម្មការចាក់វ៉ាក់សាំងមួយចំនួនដូចជាវ៉ាក់សាំងកញ្រ្ជិល ជំងឺស្អូច ឬជំងឺក្រឡទែន។ តែអជ្ញាធរជំនាញបញ្ជាក់ថា អាការៈបែបនេះថ្វីត្បិតតែហាក់មានភាពពាក់ព័ន្ធផ្ទាល់ទៅនឹងសកម្មភាពចាក់វ៉ាក់សាំង តែគេរកមិនឃើញហេតុផលបច្ចេកទេសណាមួយដែលបញ្ជាក់ថាប្រតិកម្មបណ្តាលមកពីការវ៉ាក់សាំងកូវីដ-១៩នោះទេ។

យ៉ាងណាមិញ ករណីនេះត្រូវបានទទួលស្គាល់ថាជាគ្រោះថ្នាក់ការងារ​ និងដូចនេះអ្នកប្រតិកម្មវ៉ាក់សាំងអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗនោះ ដោយសារក្រុមជំនាញយល់ឃើញថាជនរងគ្រោះត្រូវបានថ្នាក់ដឹកនាំខ្លួននៅកន្លែងការងារណែនាំឱ្យទៅចាក់វ៉ាក់សាំង ហើយក៏បានទៅចាក់វ៉ាក់សាំងក្នុងម៉ោងធ្វើការផងដែរ ហើយលើសពីនោះទៀតការងាររបស់ជនរងគ្រោះជាជំនួយការគិលានុបដ្ឋាធិការ អាចនឹងមានការលំបាកក្នុងការអនុវត្តប្រសិនបើមិនបានចាក់វ៉ាក់សាំងកូវីដ។

សូមបញ្ជាក់ផងដែរថារដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថាចាប់ពីថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកដែលមានអាការៈប្រតិកម្មក្រោយពីការចាក់វ៉ាក់សាំងកូវីដ-១៩រួច អាចដាក់ពាក្យស្នើសុំជំនួយសម្រាប់ការចំណាយលើការព្យាបាល បើទោះបីមិនមានភស្តុតាងណាមួយបញ្ជាក់ថាជាករណីដែលពាក់ព័ន្ធនឹងប្រតិកម្មនៃវ៉ាក់សាំងកូវីដក៏ដោយ។ ក្រោយពីបានទទួលពាក្យស្នើសុំជំនួយសម្រាប់ការចំណាយព្យាបាល លើករណីប្រតិកម្មដែលអាចកើតមានឡើងក្រោយទទួលវ៉ាក់សាំងនេះរួច គណៈកម្មការជំនាញផ្នែកសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KDCA) នឹងធ្វើការពិនិត្យទៅតាមករណីទាំងអស់ ហើយនិងអនុម័តយល់ព្រមលើការផ្តល់ការជួយលើចំណាយថ្លៃព្យាបាល សម្រាប់អ្នកដែលមិនទាន់មានចុះឈ្មោះធានារ៉ាប់រងសុខាភិបាលណាមួយពីមុនមកនោះ។ តែក្នុងនោះដែរ អជ្ញាធរក៏បានបញ្ជាក់ថា ការផ្តល់ជំនួយលើថ្លៃព្យាបាលនេះ នឹងត្រូវផ្តល់ឱ្យបណ្តោះអាសន្នប៉ុណ្ណោះ ហើយក៏នឹងមិនធានាជួយលើប្រភេទជំងឺណាដែលមិនពាក់ព័ន្ធទៅនឹងប្រតិកម្មវ៉ាក់សាំងនោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *