កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ នេះបើតាមការចែករំលែករបស់លោកទូតកម្ពុជានៅកូរ៉េ ឡុង ឌីម៉ង់ ក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះ។
ជាមួយនឹងមោទនភាព និងកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះ លោកទូតបានរៀបរាប់ថា ពានរង្វាន់នេះរៀបចំឡើងដោយសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ ដែលជាសហព័ន្ធបណ្ដុំដោយជាង ៣០០ សមាគមចលនា និងសហជីពដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។
នេះគឺជាការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉ ហើយពិតណាស់ ស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកទូត ឡូង ឌីម៉ង់ បានសូមឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិ។