គ្រោះថ្នាក់ទៀតហើយ! នៅឃ្យ៉ុងគី កម្មករកូរ៉េម្នាក់នៅការដ្ឋានសំណង់ ត្រូវអេស្កាវ៉ាទ័រកាយដីបុកស្លាប់ភ្លាមៗ! មន្ត្រីជំនាញថា គ្រោះថ្នាក់នេះអាចមកពីបញ្ហាធំ១ ហើយក្រុមហ៊ុនធ្លាប់ល្មើសច្រើនដងហើយដែរ ..

កូរ៉េខាងត្បូង៖ កម្មករជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានរកឃើញបាត់បង់ជីវិតនៅនឹងទីតាំងការដ្ឋានសំណង់មួយនៅហ្គូយ៉ាង ខេត្តឃ្យ៉ុងគី ជាករណីគ្រោះថ្នាក់បុកសង្កត់ដោយម៉ាស៊ីនអេស្កាវ៉ាទ័រកាយដី នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ជាភាសាកូរ៉េនៅព្រឹកថ្ងៃសុក្រនេះ។

ចុះផ្សាយបានឱ្យដឹងថា ករណីនេះកើតឡើងនៅការដ្ឋានសំណង់អាផាតមិនមួយរបស់ក្រុមហ៊ុន Hyundai E&C នៅនឹងតំបន់ហ្គូយ៉ាង ខេត្តឃ្យ៉ុងគីដូ ដោយគេរកឃើញនៅព្រឹកព្រលឹមកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ម៉ោងជាង ៨:៤០ នាទីព្រឹក កម្មករកូរ៉េម្នាក់អាយុជាង ៦០ឆ្នាំ ឈ្មោះថា គីម ត្រូវបានបុកសង្កត់ជាមួយនឹងម៉ាស៊ីនអេស្កាវ៉ាទ័រកាយដីនាំឱ្យបាត់បង់ជីវិតភ្លាមៗ។

ករណីនេះកើតឡើងនៅពេលដែលការដ្ឋានសាងសង់នោះកំពុងដំណើរការ ហើយបើតាមការបញ្ជាក់នៅពេលដែលកើតហេត គេបានឃើញលោក គីម កំពុងធ្វើការឈរសំរាក និយាយគ្នាលេងជាមួយកម្មករដទៃទៀត ហើយពេលនោះស្រាប់តែម៉ាស៊ីនកាយដីនោះដែលកំពុងនៅក្បែរនោះ បានរុញដែកកាយដី មកបុកចំគាត់តែម្តង។ ក្រោយកើតហេតុ គេបានព្យាយាមកាយរកជនរងគ្រោះ នៅក្រោមដីដល់ទៅជម្រៅ២ម៉ែត្រឯណោះ ក្រោយពីគាត់ត្រូវបានបុកដោយម៉ាស៊ីនអេស្កាវ៉ាទ័រកាយដី។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នៅនឹងទីតាំងការដ្ឋាននោះ មិនមានបំពាក់ឧបករណ៍សុវត្ថិភាពសម្រាប់ចាប់សញ្ញាព្រមាន ឬអ្នកផ្តល់សញ្ញាដើម្បីឱ្យដឹងថាអាចនឹងមានគ្រោះថ្នាក់កើតឡើង ឬយ៉ាងណានោះទេ។ បើតាមការបញ្ជាក់របស់ភាគីក្រុមហ៊ុន Hyundai E&C ជាម្ចាស់ការដ្ឋាន បានឱ្យដឹងថាជាទូទៅឧបករណ៍សុវត្ថិភាពសម្រាប់ចាប់សញ្ញាព្រមាន ត្រូវបានគេតម្លើងនៅនឹងតាមទិសដៅដែលម៉ាស៊ីនអេស្កាវ៉ាទ័រកាយដី ត្រូវធ្វើដំណើរកាត់ ហើយនៅកន្លែងដែលជនរងគ្រោះជួបនឹងគ្រោះថ្នាក់នេះ មិនមានតម្លើងឧបករណ៍សុវត្ថិភាពនេះទេ ដោយសារតែមិនមែនជាទីតាំងបរិវេណកន្លែងការងារតែម្តង។

ក្រោយពីបានធ្វើការស៊ើបអង្កេតលើករណីនេះ ក្រសួងការងារ និងពលកម្មកូរ៉េបានដាក់ចេញវិធានការផ្អាកដំណើរការម៉ាស៊ីនអេស្កាវ៉ាទ័រកាយដី និងសម្ភារៈឧបករណ៍សុវត្ថិភាពនៅនឹងទីតាំងការដ្ឋាននោះសិន ដើម្បីឱ្យអជ្ញាធរ និងអ្នកជំនាញពិនិត្យលើប្រព័ន្ធសុវត្ថិភាពនៅនឹងការដ្ឋាននោះសិន និងធ្វើការស៊ើបអង្កេតពាក់ព័ន្ធដទៃទៀតជុំវិញមូលហេតុ និងស្ថានការណ៍ជាក់ស្តែងនៃករណីគ្រោះថ្នាក់នេះ។

សូមបញ្ជាក់ថាករណីនេះ បានក្លាយជាករណីបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារលើកទី៤ហើយ នៅនឹងទីតាំងការដ្ឋានពាក់ព័ន្ធជាមួយក្រុមហ៊ុន Hyundai E&C ក្នុងឆ្នាំនេះ ហើយកាលពីដើមខែមិថុនានេះ ក្រសួងការងារ និងពលកម្មកូរ៉េបានធ្វើការចុះពិនិត្យពិសេសនៅនឹងទីតាំងស្នាក់ការ និងបណ្តាការដ្ឋានរបស់ក្រុមហ៊ុន Hyundai E&C នេះ និងបានរកឃើញករណីផ្សេងៗល្មើសទៅនឹងវិធានការសុវត្ថិភាពតម្រូវឱ្យមានអនុវត្តនៅនឹងទីតាំងការដ្ឋាន ដល់ទៅ៣០១ករណីឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *