«តោះកូន ទៅឋានសួគ៍ជាមួយគ្នា» ! ម្តាយវ័យក្មេងនៅជេជូម្នាក់ ដោយសារមានបញ្ហាធំៗ២នេះ ដោះស្រាយមិនចេញ បែរជានឹកចង់សម្លាប់កូនហើយទៅតាមក្រោយ តែសំណាងល្អមិនសម្រេច!

កូរ៉េខាងត្បូង៖ ស្ត្រីជាម្តាយវ័យក្មេងកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចនៅជេជូឃាត់ខ្លួន និងបញ្ជូនបន្តទៅកាន់តុលាការដើម្បីស៊ើបអង្កេត និងបន្តនីតិវិធី ក្រោយពីគេបែកធ្លាយដឹងថាម្តាយវ័យក្មេងរូបនេះ ធ្លាប់ប៉ុនប៉ងចង់សម្លាប់កូនខ្លួនឯងអាយុជាង៧ឆ្នាំ ដែលរស់នៅជាមួយគ្នា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Naver News កូរ៉េនៅថ្ងៃទី៦ សីហា ២០២១នេះ។

ករណីនេះ ត្រូវបានប្រកាសឱ្យដឹងពីការិយាល័យអង្គភាពរដ្ឋអជ្ញានៃសង្កាត់ជេជូ កាលពីថ្ងៃទី៥ សីហា ២០២១ម្សិលមិញនេះថា ស្រ្តីម្នាក់វ័យក្មេងអាយុខ្ទង់២០ឆ្នាំជាង ត្រូវបានឃាត់ខ្លួន និងរងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត និងបំពានលើសិទ្ធ និងសុខុមាលភាពរបស់កុមារដែលជាកូនរបស់ខ្លួន។ ករណីនេះ ត្រូវបានបែកធ្លាយក្រោយពីកូនតូចរបស់ស្រ្តីរូបនេះអាយុត្រឹមជាង៧ឆ្នាំ និងត្រឹមជាសិស្សថ្នាក់បឋម បានព្យាយាមខលទៅរកយាយរបស់ខ្លួន និងបានសុំឱ្យយាយរបស់ខ្លួន យកខ្លួនទៅនៅជាមួយវិញ ក្រោយពីម្តាយរបស់ខ្លួនបានចេញនូវកាយវិការគម្រាមកំហែងកូនតូចនោះជាញឹកញយចុងក្រោយនេះ។ យាយរបស់កុមាររងគ្រោះ ក្រោយពីបានដឹងស្ថានការណ៍ដូចនេះ សង្ស័យក៏បានយកចៅឱ្យទៅនៅជាមួយខ្លួនកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅ ហើយក៏បានរាយការណ៍ករណីនេះទៅសមត្ថកិច្ច។

បើតាមការរាយការណ៍ពីលទ្ធផលស៊ើបអង្កេតបានឱ្យដឹងថា ស្រ្តីជាម្តាយរូបនេះត្រូវបានជាប់សង្ស័យពីបទប៉ុនបងសម្លាប់កូនខ្លួនឯង ដោយធ្លាប់ច្របាច់ក និងធ្លាប់ប្រើ៉ឧបករណ៍ផ្សេងៗជាអាវុធដើម្បីគម្រាមកំហែងកូនរបស់ខ្លួនឯង ដល់ទៅ៣ដង ដែលបានកើតឡើងនៅនឹងផ្ទះខ្លួ​នឯង នៅលើកោះជេជូ ពីខែឧសភា ដល់ខែកក្កដានេះ។ បើតាមការបញ្ជាក់ដែរនោះ នៅពេលដែលម្តាយជាជនសង្ស័យនេះប្រើសកម្មភាពគម្រាមកំហែងនានា កូនរបស់ខ្លួនតែងរើសបម្រះ និងចេះតែរត់គេច ទើបបានរួចខ្លួន ហើយនៅពេលដែលម្តាយចេញអាការៈបែបនេះមកម្តងៗ ពេលខ្លះថែមទាំងធ្លាប់និយាយទៅកូនខ្លួនឯងថា «តោះកូន ទៅឋានសួគ៍ជាមួយគ្នា»។

បើតាមចម្លើយសារភាពប្រាប់ទៅកាន់ប៉ូលីស ជនសង្ស័យជាម្តាយបាននិយាយថាកន្លងមក ដោយសារតែខ្លួនក្រោយពីបានលែងលះជាមួយប្តីមក ជួបបញ្ហាលំបាកជាច្រើន ហើយធ្លាក់ខ្លួនបាក់ទឹកចិត្តខ្លាំង ហើយបានបង្កជាសកម្មភាពឧក្រឹដ្ឋទាំងនោះឡើយដោយព្យាយាមសម្លាប់កូនតូចរបស់ខ្លួន ហើយធ្វើអត្តឃាតទៅតាមក្រោយ តែជាសំណាងល្អមិនបានសម្រេចកន្លងមក។ បច្ចុប្បន្ននេះ បើតាមការបញ្ជាក់ក្នុងសារព័ត៌មាន កូនប្រុសតូចអាយុ៧ឆ្នាំជាងនេះ បានមករស់នៅជាមួយនឹងយាយ ហើយសមត្ថកិច្ចក៏កំពុងព្យាយាមស្វែងរកការគាំពារផ្នែកសេដ្ឋកិច្ច និងការគំាពារ និងព្យាបាលផ្លូវចិត្តជូនទៅកុមាររងគ្រោះនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *