ហួសចិត្ត! នៅសេអ៊ូល អ្នកជំងឺក្នុងឡានសង្គ្រោះបន្ទាន់១១៩ម្នាក់ មិនដឹងមូលហេតុអី នៅសុខៗទាញស្បែកជើងមកវាយគ្រូពេទ្យនៅក្នុងឡាន ឥឡូវត្រូវដេកគុកប៉ុន្មានខែ និងត្រូវផាកអស់មិនស្ទើរ!

កូរ៉េខាងត្បូង៖ ករណីគ្រូពេទ្យឡានសង្គ្រោះបន្ទាន់កូរ៉េ ១១៩ មួយដែលត្រូវបានអ្នកជំងឺបង្កហឹង្សាដាក់នៅលើឡានពេទ្យសង្គ្រោះបន្ទាន់ ជាករណីដ៏គួរឱ្យហួសចិត្តមួយនៅក្រុងសេអ៊ូល ពេលនេះជនល្មើសបង្កហឹង្សារត្រូវបានតុលាការកាត់ទោសហើយ ឱ្យជាប់ឃុំឃាំងដល់ទៅ៦ខែ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ភាសាកូរ៉េ។

អត្ថបទចុះផ្សាយនេះបានឱ្យដឹងថា ករណីនេះ គឺកើតឡើងនៅពេលដែលក្រុមគ្រូពេទ្យប្រតិបត្តិការក្នុងឡានសង្គ្រោះបន្ទាន់កូរ៉េ ប្រព័ន្ធលេខ​សង្គ្រោះបន្ទាន់១១៩ បានលើកជនបង្កហឹង្សាដែលពេលនោះជាអ្នកជំងឺ ឡើងមកឱ្យសម្រាកនៅគ្រែពេទ្យក្នុងឡានសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនបន្តទៅមន្ទីរពេទ្យ តែស្រាប់តែពេលនោះជនបង្កនោះទំនងជាដេកនៅលើគ្រែមានអារម្មណ៍មិនស្រណុកខ្លួន រើចុះរើឡើង ហើយក៏វាយក្រុមគ្រូពេទ្យមួយកណ្តាប់ដៃភ្លាម ហើយបន្ទាប់មកក៏ទាញស្បែកជើងមកវាយបន្ថែមទៀតលើគ្រូពេទ្យនៅលើឡានសង្គ្រោះបន្ទាន់នោះ។ ករណីនេះ ជនបង្កត្រូវបានតុលាការសម្រេចក្តីហើយ ដោយដាក់ទោសជនបង្កហឹង្សាឱ្យជាប់ឃុំឃាំងដល់ ៦ខែ និងរងការផាកពិន័យដល់ទៅ ៥លានវ៉ុនផងដែរ។

ក្រៅពីករណីមួយនេះ ព័ត៌មាននេះក៏បានលើកពីករណីមួយទៀតកន្លងមកដែល អ្នកជំងឺកូវីដ-១៩មា្នក់មានអាការៈវិជ្ជមាន ហើយត្រូវឱ្យក្រុមគ្រូពេទ្យទៅដឹកមកព្យាបាល តែនៅពេលនោះអ្នកជំងឺមានអាការៈស្រវឹង ហើយបានព្យាយាមដោះម៉ាស់មុខចេញ ហើយព្យាយាមធ្វើឱ្យរហែកខោអាវឈុតការពារកូវីដរបស់មន្ត្រីទៀតផង ដែលអាចបង្កជាហានិភ័យនៃការចម្លងកូវីដ។

តាមការរាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ករណីហឹង្សាមកលើបុគ្គលិកបម្រើការក្នុងមធ្យោបាយសង្គ្រោះបន្ទាន់តាមលេខពិសេស១១៩នៅកូរ៉េខាងត្បូងនេះ មានដល់ទៅ ២៥៣ករណីឯណោះ មិនធម្មតាពេកទេ ដែលក្នុងនោះមានករណីហឹង្សាដល់ទៅ ២០៤ករណី ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តឡើងទៅតុលាការ ដែលមាន៦៦ករណីនៃជនបង្កហឹង្សាត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំងផងដែរ។

បើតាមការបញ្ជាក់របស់ មេបញ្ជាការនៃកងកម្លាំងជំនាញលើផ្នែកសង្គ្រោះបន្ទាន់នៅកូរ៉េនេះបានឱ្យដឹងថា ករណីប្រើហឹង្សាលើមន្ត្រីទទួលបន្ទុកសេវាសង្គ្រោះបន្ទាន់មានគ្រូពេទ្យសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គីភ័យក្នុងបេសកកម្ម គឺជាករណីធ្ងន់ធ្ងរណាស់ ហើយអាចនឹងត្រូវប្រឈមការជាប់ឃុំឃាំងដល់ទៅ ៥ឆ្នាំ និងរងការពិន័យអាចដល់ ៥០លានវ៉ុនឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *