ការពារខ្លួនមែនទែន! អជ្ញាធរកូរ៉េបញ្ជាក់ថា ឥឡូវនេះកូវីដបម្លែងខ្លួន«ដែលតា» មានកាន់តែច្រើននៅកូរ៉េ នាំឱ្យករណីអ្នកជំងឺកូវីដឈឺធ្ងន់ ក៏កើនកាន់តែច្រើនដែរ ដោយសារតែ ..

កូរ៉េខាងត្បូង៖ អាការៈអ្នកជំងឺកូវីដដែលឈានដល់ស្ថានការណ៍ឈឺធ្ងន់ ហាក់មានការកើនឡើងខ្លាំងថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺស្របទៅនឹងពេលដែលគេរកឃើញករណីវិជ្ជមានកូវីដដោយសារមេរោគកូវីដបម្លែងខ្លួនថ្មី ដែលតាកាន់តែច្រើនដែរនោះ នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

បើតាមការលើកឡើងពីក្តីបារម្ភរបស់អជ្ញាធរសុខាភិបាលកូរ៉េ បានឱ្យដឹងថាអត្រានៃការបាត់បង់ជីវិតដោយសារកូវីដក្នុងប្រទេសកូរ៉េខាងត្បូងដែលហាក់ឃើញការធ្លាក់ចុះប៉ុន្មានខែចុងក្រោយជាមួយនឹងល្បឿននៃដំណើរការចាក់វ៉ាក់សាំងនោះ ឥឡូវនេះ ឬទៅពេលខាងមុខខ្លីឆាប់ៗ អាចនឹងកើនឡើងខ្ពស់ឡើងវិញ ដោយសារតែកត្តាកើនឡើងនៃករណីមេរោគកូវីដបម្លែងខ្លួនប្រភេទថ្មី ដែលតា ដែលកំពុងមានវត្តមានកាន់តែច្រើនឡើងទូទាំងប្រទេសកូរ៉េបច្ចុប្បន្ននេះ។

បើតាមតួលេខដែលផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KDCA) គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មានអ្នកជំងឺកូវីដកំពុងសម្រាកព្យាបាលដល់៣៦៩នាក់ហើយ​​ ដែលកំពុងស្ថិតក្នុងអាការៈឈឺធ្ងន់ធ្ងរខ្លាំង ដែលមានន័យថាពួកគេត្រូវការឧបករណ៍ជំនួយដកដង្ហើម និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដដទៃទៀតដែលមានអាការៈស្រាល។ តួលេខនេះ គឺបានកើនឡើងដល់ទៅ៤០ជាងករណីប្រៀបទៅនឹងថ្ងៃពីម្សិលមិញ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាល នៃមជ្ឈមណ្ឌល KDCA នេះ ប្រហាក់ប្រហែលទៅនឹងស្ថានការណ៍នៃប្រទេសដទៃដែរ បើករណីកូវីដប្រភេទបម្លែងខ្លួនដែលតា នេះរាតត្បាតឆ្លងកើនកាន់តែច្រើន នោះករណីវិជ្ជមានថ្មីប្រចាំថ្ងៃក៏នឹងកើនឡើងខ្លាំងផងដែរ ហើយស្របគ្នានោះករណីអ្នកជំងឺដែលធ្លាក់ខ្លួនឈឺធ្ងន់ក៏នឹងកើនឡើងខ្លាំងដូចគ្នាផងដែរ ដោយសារតែគេដឹងថាមេរោគបម្លែងខ្លួនថ្មីនេះ មានសមត្ថភាពអាចកាត់បន្ថយប្រព័ន្ធការពាររាងកាយដែលកកើតឡើងតាមការចាក់វ៉ាក់សាំងកូវីដនានា។

សម្រាប់ករណីប្រទេសកូរ៉េខាងត្បូង មុនពេលដែលករណីកូវីដបម្លែងខ្លួនដែលតាកើនឡើងខ្លាំងដូចទៅនឹងស្ថានការណ៍បច្ចុប្បន្ននេះ ប៉ុន្មានខែនៃឆ្នាំ២០២១ដំបូងនេះ ចំនួនករណីបាត់បង់ជីវិតដោយកូវីដហាក់ថយចុះខ្លាំង ដោយសារតែការពន្លឿននៃដំណើរការចាក់វ៉ាក់សាំង ដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈ២០២១នេះមក។ ចំណុចពិសេសមួយទៀត គឺវ៉ាក់សាំងដែលបានចាក់ប៉ុន្មានខែកន្លងមកនេះ គឺផ្តោតអាទិភាពទៅលើក្រុមមនុស្សវ័យចំណាស់ ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ ដែលជាក្រុមមានហានិភ័យខ្លាំងជាងគេទៅនឹងការឆ្លងជំងឺកូវីដ ហើយក៏ហានិភ័យខ្លាំងគេចំពោះការធ្លាក់ចុះសុខភាពដុនដាប ករណីមានឆ្លងវិជ្ជមានកូវីដផងដែរ។ ដូចនេះ សម្រាប់ការបច្ចុប្បន្ន អត្រាមនុស្សចាស់ដែលឆ្លងវិជ្ជមានកូវីដហាក់មានការថយចុះច្រើន ហើយអត្រាធ្លាក់ខ្លួនឈឺក៏ហាក់ថយខ្លាំងផងដែរ។

តែបញ្ហាប្រឈមសព្វថ្ងៃនៃការចម្លងកូវីដសព្វថ្ងៃ គឺក្នុងចំណោមប្រជាជនវ័យក្មេងដែលសឹងតែទាំងអស់មិនទាន់ទទួលបានវ៉ាក់សាំងកូវីដនោះទេ ហើយជាក់ស្តែងចំនួនអ្នកដែលឆ្លងវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ហើយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំង ភាគច្រើនក៏ជាក្រុមអាយុវ័យក្មេង និងវ័យកណ្តាលផងដែរ គឺភាគច្រើនអ្នកអាយុ៤០ និង៥០ឆ្នាំ។ បញ្ហាប្រឈមធំមួយទៀត គឺករណីដែលបានចាក់វ៉ាក់សាំងហើយ តែនៅតែឆ្លងវិជ្ជមានកូវីដដដែល ក៏ហាក់មានការកើនឡើងខ្លាំងផងដែរ ហើយក៏មួយភាគធំជាអ្នកដែលមានវត្តមានកូវីដប្រភេទបម្លែងខ្លួនថ្មី ដែលតានេះ។ គិតត្រឹមថ្ងៃទី ២៩ កក្កដា​កន្លងទៅនេះ ចំនួនអ្នកវិជ្ជមានកូវីដ ក្រោយបានចាក់វ៉ាក់សាំងកូវីដរួចរាល់មានដល់ទៅ ១១៣២ករណីហើយ ដែលក្នុងទាំងជាងមួយពាន់ករណីវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំងនោះ គេបានពិនិត្យទៅលើប្រភេទនៃមេរោគកូវីដ ហើយរកឃើញថាលើសពាក់កណ្តាលដល់ទៅ ៦១.៧% ឬប្រមាណជាង១៥០នាក់ មានវិជ្ជមានជាមួយកូវីដបម្លែងខ្លួនថ្មីប្រភេទផ្សេងៗ ហើលប្រភេទដែលតា មានដល់ទៅ ១២៨ករណី​ឯណោះ។

ក្នុងស្ថានការណ៍បែបនេះ សាធារណជនបានជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដដូសទី៣បន្ថែម ឱ្យបានរហ័ស ដើម្បីជាយន្តការជំនួយបន្ថែមទៅបង្កើនអង់ទីករ កម្រិតធាតុការពារប្រឆាំងនឹងមេរោគកូរូ៉ណានេះ ជាពិសេសគឺសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ដូចជាមនុស្សចាស់ អ្នកធ្វើការដែលប៉ះពាល់ជាមួយមនុស្សច្រើនជាដើម ដើម្បីជួយកុំឱ្យមានករណីវិជ្ជមានកូវីដ លើអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ថែមទៀត និងដើម្បីកាត់បន្ថយអត្រាអ្នកជំងឺកូវីដដែលធ្លាក់ខ្លួនដល់ឈឺធ្ងន់ផងដែរ។

វ៉ាកសាំងកូវីដ កំពុងត្រូវរៀបចំដឹកជញ្ជូនពីព្រលានយន្តហោះនៅកូរ៉េខាងត្បូង

 

 

Leave a Reply

Your email address will not be published. Required fields are marked *