កុំភ័យរឿងគាំងប្រព័ន្ធ! ប្រព័ន្ធអនឡាញចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនៅកូរ៉េ ឥឡូវលែងគាំងហើយ អាចចុះបានដល់២លាននាក់/ម៉ោង បងប្អូនពលករខ្មែរយើងនៅកូរ៉េ ក៏អាចចុះឈ្មោះបាន ..

កូរ៉េខាងត្បូង៖ ប្រព័ន្ធអនឡាញចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងឥឡូវនេះមានសមត្ថភាពអាចទទួលចំនួនអ្នកចុះឈ្មោះបុកមកខ្លាំង ធានាមិនមានការអាក់ខានគាំងដូចបញ្ហាកើតឡើងកន្លងមកៗនោះឡើយ នេះបើតាមការធានាអះអាងរបស់អជ្ញាធរសុខាភិបាលទទួលបន្ទុកការងារចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះកំពុងចាប់ផ្តើមអនុវត្តផែនការវ៉ាក់សាំងជូនប្រជាជនច្រើនមែនទែនទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News អជ្ញាធរសុខាភិបាលទទួលបន្ទុកការងារចាក់វ៉ាក់សាំងគឺ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េខាងត្បូងបានបញ្ជក់ថា ប្រព័ន្ធចុះឈ្មោះថ្មីដែលអជ្ញាធរបានកែសម្រួលជាមួយស្ថាប័ន​ឯកជននោះ មានសមត្ថភាពអាចឆ្លើយតបទៅនឹងការចុះឈ្មោះគំហុកដើម្បីទទួលចាក់វ៉ាក់សាំងកូវីដ គឺត្រៀមសម្រាប់ចំនួនមនុស្សដែលគេគ្រោងនឹងមានយ៉ាងច្រើនដើម្បីអញ្ជើញចុះឈ្មោះក្នុងចំណោមប្រជាជនអាយុ១៩ ដល់៤៩ឆ្នាំនេះ។ បើតាមការបញ្ជាក់របស់អជ្ញាធរជំនាញ ប្រព័ន្ធថ្មីនឹងមានសមត្ថភាពអាចទទួលចុះឈ្មោះដល់ទៅជាង២លាននាក់​ឯណោះ ក្នុងរយៈពេលមួយម៉ោង។​ សមត្ថភាពនេះគឺវាអាចឆ្លើយតបទៅនឹងចំនួននៃអ្នកចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងកូវីដ ដែលគេគ្រោងថានឹងមានដល់ចន្លោះពី៣០ម៉ឺន ដល់ជាង២លាននាក់ក្នុង១ម៉ោង​ឯណោះ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាយុពី១៨ ដល់៤៩ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី២៦សីហា ហើយបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា រីឯដំណើរការបើកចុះឈ្មោះមុនសម្រាប់ត្រៀមចាក់វ៉ាក់សាំងកូវីដ ចំពោះក្រុមអាយុ១៨ដល់៤៩ឆ្នាំនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៩ សីហាខាងមុខ ដែលនឹងមានរយៈពេល១០ថ្ងៃ សម្រាប់អាចចុះឈ្មោះបាន។ ប្រជាជនរំពឹងថានឹងអាចទទួលវ៉ាក់សាំងមានដល់ទៅជាង១៧.៧លាននាក់ទូទាំងប្រទេសកូរ៉េ។ ក្នុងនោះដែរ​ កម្មវិធីចាក់វ៉ាក់សាំងនេះក៏អនុញ្ញាតឱ្យចាក់ជូនបានទាំងបងប្អូនជនបរទេស ពលករបរទេស ដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសកូរ៉េ ​និងព្រមទាំងសម្រាប់បងប្អូនពលករដែលមិនស្របច្បាប់នៅកូរ៉េផងដែរ ដែលមានន័យថា ពលករខ្មែរយើងនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ អាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនៅកូរ៉េបាន។

សម្រាប់បងប្អូនខ្មែរយើងដែលចាប់អារម្មណ៍ អាចពិនិត្យមើលតាមរយៈ៖ ព័ត៌មានលម្អិត ពីនីតិវិធីសម្រាប់ពលករខ្មែរយើងនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ អាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនៅកូរ៉េបាន!

 

Leave a Reply

Your email address will not be published. Required fields are marked *