ទំនងណាស់! កូរ៉េខាងត្បូងចេញកញ្ចប់ទេសចរណ៍ពិសេសថ្មី ដើរលេងផង និងចាក់វ៉ាក់សាំងកូវីដផងនៅអាម៉េរិកតែម្តង មានចំណុចទាក់ទាញច្រើន តែអ្នកចង់ទៅត្រូវត្រៀមលុយយ៉ាងតិច …

កូរ៉េខាងត្បូង៖ កញ្ចប់សេវាកម្មទេសចរណ៍ពិសេសមួយនៅកូរ៉េខាងត្បូង ក្នុងការធ្វើដំណើរទៅចាក់វ៉ាក់សាំងកូវីដនៅសហរដ្ឋអាម៉េរិក កំពុងក្លាយជាប្រធានបទពិភាក្សាពេញនិយម ខណៈដែលគេឃើញថាជើងដំបូងបង្អស់នៃកញ្ចប់សេវាកម្មនេះ ត្រូវបានលក់ដាច់អស់ភ្លាមៗត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ភាសាកូរ៉េ។

កញ្ចប់សេវាកម្មទេសចរណ៍ថ្មីនេះ គឺអនុញ្ញាតឱ្យប្រជាជនកូរ៉េខាងត្បូងទូទៅ អាចធ្វើដំណើរទេសចរណ៍ទៅសហរដ្ឋអាម៉េរិក ហើយអាចទទួលបានការចាក់វ៉ាក់សាំងផ្ទាល់តែម្តងនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយមិនចាំបាច់រង់ចាំរហូតដល់វេនខ្លួនត្រូវចាក់វ៉ាក់សាំងនៅក្នុងស្រុក ប្រទេសកូរ៉េខាងត្បូងខ្លួនឯងនោះឡើយ។ បើតាមការបញ្ជាក់របស់អត្ថបទចុះផ្សាយក្នុងសារព័ត៌មាន YTN នេះ គឺបានឱ្យដឹងថា កញ្ចប់សេវាកម្មទេសចរណ៍នេះ គឺមានភាពខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយនៅក្នុងសហរដ្ឋអាម៉េរិក សម្រាប់អ្នកដែលចង់ធ្វើដំណើរបែបទេសចរណ៍ ហើយទទួលបានការចាក់វ៉ាក់សាំងនៅលើទឹកដីអាម៉េរិកនោះ។

ចំណុចសំខាន់និងទាក់ទាញខា្លងសម្រាប់កញ្ចប់ទេសចរណ៍នេះគឺ ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិកឥឡូវនេះ មិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កពេលចូលដល់ដីអាម៉េរិកនោះទេ ដោយគ្រាន់តម្រូវឱ្យមានក្រដាសបញ្ជាក់ពីការធ្វើតេស្តកូវីដអវិជ្ជមាន រយៈពេល៧២ម៉ោងមុនធ្វើដំណើរតែប៉ុណ្ណោះ ហើយលើសពីនោះទៀត សម្រាប់ដំណើរការចាក់វ៉ាក់សាំងវិញ គឺជនបរទេសទាំងអស់មានសិទ្ធិជ្រើសរើសបានតែម្តងថាចង់ចាក់វ៉ាក់សាំងប្រភេទមួយណា ចង់ចាក់វ៉ាក់សាំងត្រូវការតែ១ដូស ដូចជាវ៉ាក់សាំង Janssen ឬវ៉ាក់សាំង Pfizer ដែលត្រូវការចាក់ចំនួន២ដូស។ ចំណុចទាំងនេះហើយ ជាភាពទាក់ទាញលើសពីកញ្ចប់ទេសចរណ៍ទូទៅ ជាពិសេសក្នុងបរិការណ៍កូវីដនេះ ដែលម្នាក់ៗសុទ្ធតែនឿយហត់នឹងការជាប់នៅក្នុងស្រុក សឹងតែមិនអាចធ្វើដំណើរទៅណាមកណាជាង២ឆ្នាំមកហើយនោះ។

យ៉ាងណាមិញ បញ្ហាចម្បងមួយគឺ កញ្ចប់សេវាកម្មនេះតម្រូវឱ្យមានការចំណាយច្រើន ហើយអាចត្រូវការរយៈពេលយូរទៀតផងអាស្រ័យលើប្រភេទវ៉ាក់សាំងដែលអ្នកទេសចរណ៍ចង់ចាក់។ សម្រាប់អ្នកដែលមានបំណងចង់ចាក់វ៉ាក់សាំងកូវីដ Janssen ដែលត្រូវការ១ដូស ត្រុវការស្នាក់នៅកញ្ចប់ទេសចរណ៍រយៈពេល ៩យប់ ១១ថ្ងៃ ហើយចំណាយត្រូវដល់ប្រមាណជាង ៧.៥លានវ៉ុនឯណោះ។ រីឯអ្នកដែលមានបំណងចង់ចាក់វ៉ាក់សាំងកូវីដ Pfizer ដែលត្រូវការចាក់ចំនួន ២ដូសវិញ ត្រូវស្នាក់នៅកញ្ចប់ទេសចរណ៍រយៈពេលដល់ទៅ ២៧ថ្ងៃ ២៥យប់ នោះចំណយនឹងត្រូវកើនឡើងរហូតដល់ក្បែរ ១៨.២លានវ៉ុន (ប្រមាណជាង១៥០០០ដុល្លារ)ឯណោះ។

បើគិតពីទិដ្ឋភាពផ្លូវច្បាប់ កញ្ចប់សេវាកម្មទេសចរណ៍ប្រភេទនេះមិនមានជាបញ្ហាអ្វីនោះទេនៅអាម៉េរិក ហើយគេអាចទៅរកទទួលវ៉ាក់សាំងនៅតាមទីតាំងកំណត់នានាបាននៅក្នុងប្រទេសអាម៉េរិក ដូចជានៅតាមគ្លីនិក ហាងហ្វាម៉ាស៊ី និងយានយន្តចល័តចាក់វ៉ាក់សាំងផងដែរ ហើយបើតាមការលើកឡើងរបស់ភ្នាក់ងារទេសចរណ៍អាម៉េរិក បច្ចុប្បន្នមានការសាកសួរចាប់អារម្មណ៍ជាច្រើនពីអតិថិជនខ្ទង់អាយុ៣០ ទៅ៥០ឆ្នាំជាង។

តែបើគិតទិដ្ឋភាពអនុវត្តវិញ សម្រាប់ប្រជាជនកូរ៉េខាងត្បូងដែលទៅទទួលការចាក់វ៉ាក់សាំងនៅលើទឹកដីអាម៉េរិកនេះ អាចនឹងមានបញ្ហាប្រឈមមួយចំនួនដូចជា ពេលត្រឡប់មកកូរ៉េខាងត្បូង បើទោះជាបានចាក់វ៉ាក់សាំងរួច តែក៏នៅតែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មិនមានការលើកលែងឡើយ ដោយសារជាគោលការណ៍នេះគ្រាន់ជាដំណើរទេសចរណ៍ធម្មតាប៉ុណ្ណោះ។ ក្រៅពីនោះទៀត អត្ថប្រយោជន៍នានាដែលអជ្ញាធរកូរ៉េខាងត្បូងប្រកាសផ្តល់ជូនដល់អ្នកចាក់វ៉ាក់សាំងកូវីដជាទូទៅ ក្នុងប្រទេស នឹងមិនអាចផ្តល់ជូនអ្នកដែលបានចាក់វ៉ាក់សាំងមកពីក្រៅនោះដែរ ដោយសារតែមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលកូរ៉េខាងត្បូងអាចទទួលស្គាល់ការចាក់វ៉ាក់សាំងពីក្រៅប្រទេសនោះទេ។ ចុងក្រោយទៀតនោះ គឺផលប៉ះពាល់ ឬប្រតិកម្មវ៉ាក់សាំងដែលអាចកើតឡើងក្រោយពីចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងដែលបានចាក់នៅក្រៅប្រទេសមិនទាន់មានការទទួលស្គាល់ពីសំណាក់អជ្ញាធរសុខាភិបាលកូរ៉េ ដូចនេះក្នុងករណីមានបញ្ហាប្រតិកម្មណាមួយ អាចនឹងមានបញ្ហាប្រឈមទាំងចំពោះបុគ្គលផង និងចំពោះចំណាត់ការរបស់អជ្ញាធរសុខាភិបាលផង។

 

 

Leave a Reply

Your email address will not be published. Required fields are marked *