កូរ៉េខាងត្បូង៖ ម៉ោងប្រហែល១០យប់ នៅពេលដែលភោជនីយដ្ឋាននានា ហាងអាជីវកម្មទាំងអស់នៅសេអ៊ូលចាប់ផ្តើមបិទទ្វារ ឈប់ទទួលភ្ញៀវក្នុងហាង អនុវត្តទៅតាមវិធានការគម្លាតសង្គមកម្រិត៤ ជាវិធានការគម្លាតសង្គមតឹងរ៉ឹងជាងគេ ដើម្បីការពារស្ថានការណ៍កូវីដនោះ គេសង្កេតឃើញបណ្តាបន្ទប់កញ្ចក់ភ្លើងក្រហមភ្លឺចាំងចែងនៅនឹងតំបន់មួយនៅនឹងក្បែរស្ថានីយ៍ 영등포역 នៅកណ្តាលក្រុងសេអ៊ូល គឺទីតាំងដែលភាគច្រើនគេស្គាល់ថាជាតំបន់ទូកញ្ចក់ ជាទីតាំងសម្រាប់បុរសៗទៅរកសេវាផ្លូវភេទនោះ ទើបនឹងចាប់ផ្តើមបើកវំាងននដំណើរការទៅវិញ។
ក្នុងអត្ថបទពិសេសចុះផ្សាយក្នុងសារព័ត៌មាន Naver News បានរៀបរាប់ឱ្យដឹងថា ក្នុងស្ថានការណ៍កូវីដ ជាពិសេសស្ថានការណ៍ដែលក្រុងសេអ៊ូលកំពុងអនុវត្តគម្លាតសង្គមកម្រិត៤នេះ ទីតាំងអាជីវកម្មបម្រើសេវាពិសេសនេះ បែរជាមិនអនុវត្តតាម ហើយអជ្ញាធរសមត្ថកិច្ចកូរ៉េហាក់ដូចជាមិនមានចំណាត់ការឱ្យតឹងរ៉ឹង ដូចទៅនឹងការចុះចាប់ជាបន្តបន្ទាប់ទីតាំងអាជីវកម្ម ហាងផឹកស៊ីនានាទូទៅនោះឡើយ។ បើតាមការរាយការណ៍រៀបរាប់ពីអ្នកសារព័ត៌មាន ដែលបានចុះទៅអង្កេតផ្ទាល់នៅនឹងទីតាំងទូកញ្ចក់ភ្លើងក្រហមព្រោងព្រាតនោះ បានថានៅទីនោះទាំងស្រ្តីៗអ្នកផ្តល់សេវាក្នុងបន្ទប់កញ្ចក់ និងទាំងភ្ញៀវដែលដើរកាត់ចុះឡើងៗ និងគោះកញ្ចក់ចូលទៅទទួលសេវា សុទ្ធតែមិនបានអនុវត្តការពាក់ម៉ាស់ ហើយគឺនិយាយគ្នាដូចធម្មតា ដំណើរការសេវាកម្មជាធម្មតា ដោយហាក់គ្មានបារម្ភពីហានិភ័យនៃជំងឺកូវីដនោះឡើយ។
បើតាមការបញ្ជាក់ថែមទៀតនោះ បានឱ្យដឹងថានៅយប់ដែលអ្នកសារព័ត៌មានចុះទៅអង្កេតតំបន់នោះគឺយប់ថ្ងៃទី២៧ កក្កដា កន្លងមក គេបានចុះទៅសាកសួរផ្ទាល់ស្រ្តីអ្នករកស៊ីនៅនឹងបន្ទប់កញ្ចក់នោះ ហើយបានចោទជាសំនួរថាតើពួកគាត់មានការបារម្ភពីការចុះមកចាប់ពីសំណាក់អជ្ញាធរ ដែលពួកគាត់ទាំងនេះបានបំពានគម្លាតសង្គម បើកអាជីវកម្មលើសម៉ោងកំណត់ និងមានអនុវត្តវិធានការពាក់ម៉ាស់ជាដើមនោះ តែអ្នករកស៊ីក្នុងបន្ទប់កញ្ចក់ទាំងនោះឆ្លើយទៅវិញថា «នៅនឹងទីតាំងកន្លែងនោះ មិនដែលមានប៉ូលិសសេអ៊ូលណាចុះមកចាប់រឿងល្មើសគម្លាតសង្គមឡើយ» ហើយអ្នករកស៊ីម្នាក់ទៀតបានលើកឡើងថា «បើប៉ូលិសចុះមកចាប់ ទាំងអ្នក និងខ្ញុំសុទ្ធតែត្រូវចាប់ដូចគ្នា ចឹងមានអីដែលត្រូវភ័យនោះ។»
ទីតាំងទូកញ្ចក់ទាំងនេះ បើតាមការបញ្ជាក់របស់អត្ថបទបានឱ្យដឹងថា ជាទូទៅបើកដំណើរការពីម៉ោង១០យប់ ដល់ម៉ោង២ភ្លឺ ហើយប្រឈមនឹងហានិភ័យខ្លាំងនៃជំងឺកូវីដ-១៩ ដោយសារតែជាទូទៅអ្នករកស៊ី និងអ្នកមករកសេវាកម្មទាំងនេះ មិនដែលពាក់ម៉ាស់នោះទេ។ លើសពីនោះទៀត អ្នករកស៊ីទាំងអស់គឺស្នាក់នៅជាមួយគ្នារៀងរាល់ថ្ងៃ ដូចនេះបើមានតែនរណាម្នាក់ចាប់ផ្តើមឆ្លង គឺនឹងឆ្លងបន្តបន្ទាប់ ហើយឆ្លងទៅភ្ញៀវជាបន្តបន្ទាប់ផងដែរ។ អ្វីដែលជាបញ្ហាដែរនោះ គឺភ្ញៀវដែលទៅរកសេវាកម្មទាំងនោះ គេមិនងាយកំណត់ប្រភពបាននោះទេ ហើយក្នុងករណីមានការផ្ទុះឆ្លង ក៏គេមិនអាចទាក់ទងដល់ភ្ញៀវទាំងនោះបានដែរ ដោយសារពួកគេមិនចង់បង្ហើបប្រាប់ជាសាធារណៈថាធ្លាប់បានទៅទីតាំងផ្ទះកញ្ចក់ទាំងនោះឡើយ។

មែនទែនទៅ ទីតាំងទូកញ្ចក់ទាំងនេះ គឺជាចន្លោះប្រហោងនៃច្បាប់កូរ៉េ ជាពិសេសគឺការដាក់ចេញវិធានការឆ្លើយតបនឹងស្ថានការណ៍កូវីដនេះ។ ទីតាំងទាំងនេះ ត្រូវបានច្បាប់កូរ៉េចាត់ទុកជាសកម្មភាពខុសច្បាប់ ដូចនេះរាល់វិធានការគម្លាតសង្គមដែលអជ្ញាធរបានដាក់បម្រាមសម្រាប់វិស័យអាជីវកម្មនានាទាំងអស់នោះ គឺមិនបានរាប់បញ្ចូលនូវទីតាំងសេវាកម្មផ្ទះកញ្ចក់ទាំងនេះទេ ដោយសារតែតាមគោលការណ៍ច្បាប់ អ្វីដែលមិនស្ថិតក្រោមច្បាប់ គឺមិនអាចនឹងកំណត់ការគ្រប់គ្រងដោយច្បាប់បានឡើយ ដែលមានន័យថាសមត្ថកិច្ចប៉ូលិស និងអជ្ញាធរសុខាភិបាលមិនអាចយកហេតុផលចុះចាប់ករណីល្មើសគម្លាតសង្គម នៅតាមទីតាំងទាំងនោះបានឡើយ លើកលែងតែការចុះចាប់ទីតាំងរកស៊ីផ្លូវភេទខុសច្បាប់ ដែលមានតែអជ្ញាធរមូលដ្ឋានប៉ុណ្ណោះ អាចអនុវត្តបានជាទូទៅ។
មែនទែនទៅ ទីតាំងផ្ទះកញ្ចក់នៅនឹងក្បែរស្ថានីយ៍ 영등포역 នៅកណ្តាលក្រុងសេអ៊ូលនេះ កន្លងមកត្រូវបានប៉ូលិស និងសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ នាំឱ្យថយចុះចំនួនអាជីវកម្មមួយភាគធំនៅនឹងតំបន់នោះដោយសារតែគម្រោងអភិវឌ្ឍន៍ទីក្រុងតាំងពីឆ្នាំ២០១១មក តែជាក់ស្តែងក្នុងមួយរយៈនៃស្ថានការន៍កូវីដនេះ ទីតាំងទាំងនេះហាក់មានការកើនឡើងវិញផងដែរ ដោយសារតែបញ្ហាចន្លោះប្រហោងនៃច្បាប់នេះឯង។