ប្រយ័ត្នផង! នៅកូរ៉េខាងត្បូង មានពលករបរទេសត្រឹ​ម ១២% ក្នុងករណីបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ តែបើធៀបវិញ អត្រាពលករបរទេស គឺខ្ពស់ជាងកម្មករកូរ៉េ ដល់ទៅ៣ដង ដោយសារ …

កូរ៉េខាងត្បូង៖ រយៈពេលជាង១៨ខែចុងក្រោយនេះ នៅកូរ៉េខាងត្បូងករណីគ្រោះថ្នាក់ការងារ ដែលឈានដល់ការបាត់បង់ជីវិត ក្នុងចំណោម១០នាក់ មានលើសពី១នាក់ហើយជាពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េ នេះបើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូងម្នាក់កាលពីថ្ងៃអង្គារម្សិលមិញ ដោយទាមទារឱ្យរដ្ឋាភិបាលពង្រឹងវិធានការសុវត្ថិភាពការងារសម្រាប់ពលករឱ្យបានកាន់តែប្រសើរឡើង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា សមាជិកសភាកូរ៉េខាងត្បូងលោកស្រី កាំង អ៊ុនមី (Kang Eun-mi) បានទាញយកទិន្នន័យពីក្រសួងការងារកូរ៉េ ហើយយកលើកឡើងជាសាធារណៈថា ក្នុងចន្លោះ១៨ខែចុងក្រោយ ពីខែមករាឆ្នាំ២០២០ ដល់ខែមិថុនា២០២១ចុងក្រោយនេះ មានអ្នករងគ្រោះដោយសារតែគ្រោះថ្នាក់ការងារនៅកូរ៉េខាងត្បូងដល់ទៅ ១១១៣នាក់ ដែលក្នុងនោះមាន ១៣៥នាក់ឯណោះជាពលករបរទេស ដែលស្មើនឹង១២.‌១% នៃចំនួនករណីរងគ្រោះទាំងអស់។

ជនរងគ្រោះពីគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត ជាពលករបរទេសត្រឹមតែ១២.១% ក្នុងចំណោម១០០% មើលទៅហាក់ដូចជាតួលេខតិចតួច តែជាក់ស្តែងបើប្រៀបចំនួនពលករបរទេសទៅនឹងចំនួនពលករ ឬកម្មករជនជាតិកូរ៉េខាងត្បូងផ្ទាល់ គឺមានពលករបរទេសត្រឹមតែ៣.៩% នៃចំនួនកម្មករទូទាំងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ ដូចនេះតួលេខគ្រោះថ្នាក់បាត់បង់ជីវិតដល់ទៅ ១២.១% គឺជាតួលេខខ្ពស់ជាងកម្មករកូរ៉េខាងត្បូងដល់ទៅ៣ដងឯណោះ មានន័យថាអត្រាពលករបរទេសដែលរងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរដល់បាត់បង់ជីវិត គឺខ្ពស់ជាងដល់ទៅ៣ដងឯណោះ ធៀបនឹងកម្មករកូរ៉េទាំងអស់។

លោកស្រីសមាជិកសភា កាំង បានថ្លែងថា «ពលករបរទេសគឺប្រឈមទៅនឹងគ្រោះថ្នាក់ការងារច្រើនជាង ដោយសារតែភាគច្រើនពលករបរទេសត្រូវបានជួលឱ្យធ្វើការនៅឧស្សាហកម្ម ឬកន្លែងការងារដែលភាគច្រើនកម្មករក្នុងស្រុកមិនចង់ធ្វើ ដូចជាវិស័យកសិកម្ម វិស័យនេសាទ ឬការងារក្នុងវិស័យដែលមានភាពប្រឡូកប្រឡាក់ គ្រោះថ្នាក់ ឬពិបាក ដែលគេហៅពាក្យបច្ចេកទេសថាវិស័យ 3Ds»។ លោកស្រីបានបន្តលើកឡើងទៀតថា បញ្ហាប្រឈមធំមួយទៀតដែលពលករបរទេសភាគច្រើនជួបប្រទះ គឺមានពលករបរទេសជាច្រើនជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយដូចនេះពួកគេមិនមានធានារ៉ាប់រងការងារស្របច្បាប់នោះទេ ដែលធ្វើឱ្យពួកគេមិនអាចទទួលបានការព្យាបាលពេញលេញ ឬអាចដាក់ពាក្យបណ្តឹងការងារក្នុងករណីមានគ្រោះថ្នាក់ការងារ បានដោយងាយស្រួលនោះទេដោយសារតែទិដ្ឋភាពផ្លូវច្បាប់ជាបញ្ហាប្រឈមដែលរារាំងពួកគេ។ ដូចនេះ តថភាពជាក់ស្តែងសម្រាប់ពលករបរទេសគឺកាន់តែមានភាពអាក្រក់ខ្លាំងមែនទែន។

លោកស្រីបានបង្ហាញក្តីបារម្ភពីច្បាប់ថ្មីដែលដាក់ទណ្ឌកម្មតឹងរ៉ឹងលើម្ចាស់អាជីវកម្ម ថៅកែដែលបណ្តាលឱ្យគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ដែលបានចូលជាធរមាន នឹងចាប់ផ្តើមអនុវត្តពីខែមករាឆ្នាំក្រោយនេះទៅ ថាច្បាប់នេះនឹងមិនអាចឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែងក្នុងការការពារពលករបរទេស ដោយសារតែទីតាំងកន្លែងការងារដលមានបុគ្គលិកតិចជាង៥នាក់ មិនស្ថិតក្រោមច្បាប់នេះនោះទេ ហើយទីតាំងការងារដែលមានបុគ្គលិកក្រោម៥០នាក់ ស្ថិតក្រោមច្បាប់នេះ តែត្រូវរង់ចាំរយៈពេល៣ឆ្នាំទៀត ទើបមានប្រសិទ្ធភាពចាប់អនុវត្តបាន។ ក្រោមច្បាប់ថ្មីនេះ តម្រូវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរអាចជាទោសជាប់ឃុំឃាំង ឬការរងពិន័យធ្ងន់ធ្ងរសម្រាប់ថៅកែ និងម្ចាស់រោងចក្រ ករណីដែលមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរកើតឡើង។

លោកស្រីសមាជិករដ្ឋសភារូបនេះ បានថ្លែងចុងក្រោយថា កូរ៉េខាងត្បូងត្រូវមានវិធានការជាប្រព័ន្ធដើម្បីអាចធានាសុវត្ថិភាពការងារជូនដល់ពលករបរទេសបានពិតប្រាកដមែន។

Leave a Reply

Your email address will not be published. Required fields are marked *