ហានិភ័យហើយ! កូវីដបម្លែងខ្លួនដែលតា កំពុងវាយលុកខ្លាំងពេញប្រទេសហើយ ឥឡូវអជ្ញាធរកូរ៉េប្រកាសរកឃើញកូវីដបម្លែងខ្លួនថ្មីទៀតចេញពីដែលតា គឺ “ដែលតាផ្លាស់ (Delta Plus)”

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ប្រកាសពីការរកឃើញវត្តមាននៃមេរោគកូវីដបម្លែងខ្លួនប្រភេទថ្មីជំនាន់ក្រោយទៀត របស់ប្រភេទមេរោគកូវីដបម្លែងខ្លួនដែលតា ចំនួន២ករណីដំបូងបង្អស់ហើយ ជាសញ្ញាណគួរឱ្យព្រួយបារម្ភបន្ថែមសម្រាប់ស្ថានការណ៍កូវីដនៅក្នុងប្រទេសស្រាប់។

តាមរយៈការប្រកាសនេះឱ្យដឹងថា នេះជាករណីដំបូងបង្អស់ហើយដែលកូរ៉េខាងត្បូងរកឃើញវត្តមានប្រភេទមេរោគកូវីដបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) ដែលជាប្រភេទកូវីដបម្លែងខ្លួនជំនាន់ក្រោយចេញពីមេរោគកូវីដបម្លែងខ្លួន ដែលតា ដែលបច្ចុប្បន្នគេកំពុងស្គាល់ភាគច្រើន ហើយក៏កំពុងមានវត្តមានកាន់តែច្រើនឡើងក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ករណីវិជ្ជមានកូវីដ ប្រភេទដែលតាផ្លាស់ (Delta Plus) នេះមាន១ករណីរកឃើញពីបុរសម្នាក់អាយុ៤០ឆ្នាំជាង ហើយមិនដែលមានប្រវត្តិធ្វើដំណើរទៅក្រៅស្រុក។ ឯចំណេកករណីទី២ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេសម្នាក់។

បើតាមលក្ខណៈបច្ចេកទេស មេរោគកូវីដប្រភេទបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) នេះ ជាប្រភេទកូវីដបម្លែងខ្លួនចេញបន្តពីមេរោគកូវីដ ដែលតា ដែលមានប្រភពដំបូងចេញពីប្រទេសឥណ្ឌា។ ចំណុចដែលនាំឱ្យមេរោគ ដែលតាផ្លាស់ (Delta Plus) ខុសប្លែកពីមេរោគកូវីដបម្លែងខ្លួន ដែលតា នោះគឺត្រង់កូវីដប្រភេទបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) មានសំបកប្រូតេអ៊ីន (spike protein mutation) ដែលមានឈ្មោះបច្ចេកទេសថា “K417N” ដែលប្រូតេអ៊ីននេះមានភិតភាគដូចទៅនឹងប្រូតេអ៊ីនមានក្នុងមេរោគកូវីដបម្លែងខ្លួនបេតា ដែលកន្លងមករកឃើញចេញពីប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ មេរោគកូវីដថ្មី ដែលតាផ្លាស់ (Delta Plus) នេះទើបនឹងមានការរាយការណ៍ពីវត្តមានតិចតួចនៅឡើយទេ ហើយទើបនឹងមានប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលរកឃើញវត្តមានវា មានដូចជាប្រទេសអង់គ្លេស ប៉ទុយហ្គាល់ និងឥណ្ឌា និងឥឡូវនេះមាននៅកូរ៉េខាងត្បូងផងដែរហើយ។

សម្រាប់ករណីបុរសដំបូងគេទី១នៅកូរ៉េខាងត្បូង ដែលមានវិជ្ជមានហើយមានកូវីដបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) នេះ គេរកឃើញមានអ្នកប៉ះពាល់ផ្ទាល់១នាក់ជាមួយបុរសរូបនេះ ក៏វិជ្ជមានកូវីដផងដែរ តែអជ្ញាធរសុខាភិបាលកូរ៉េមិនទាន់កំណត់បានថាករណីវិជ្ជមានដែលឆ្លងតពីបុរសខាងលើ ជាប្រភេទកូវីដបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) ដែរឬយ៉ាងណានោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងរកឃើញវត្តមានកូវីដបម្លែងខ្លួនថ្មីដល់ទៅ៤ប្រភេទហើយ ដែលមានសរុបដល់ទៅ៦០១៦ករណីទូទាំងប្រទេស ដែលក្នុងនោះមាន២៩៨៣ករណីជាប្រភេទកូវីដបម្លែងខ្លួនថ្មីដែលតា ដែលជាប្រភេទកូវីដបម្លែងខ្លួន អាចចម្លងបានលឿន និងខ្លាំងជាងមុន។

Leave a Reply

Your email address will not be published. Required fields are marked *