បារម្ភមែនទែន! នៅសេអ៊ូលមន្ទីរពេទ្យមួយផ្ទុះករណីកូវីដយ៉ាងលឿន ៣ថ្ងៃសោះ រកឃើញលើស១០នាក់ហើយមានទាំងគ្រូពេទ្យទៀត សំខាន់ភាគច្រើនសុទ្ធជាអ្នកចាក់វ៉ាក់សាំងរួច ..

កូរ៉េខាងត្បូង៖ ករណីផ្ទុះកូវីដឆ្លងជាចង្កោមបន្តបន្ទាប់មួយ កើតឡើងនៅនឹងទីតាំងមន្ទីរពេទ្យមួយកន្លែងនៅក្នុងសង្កាត់ហ្គាងស៊ាវ ក្រុងសេអ៊ូលតែម្តង ដែលមកពេលនេះគេបន្តរកឃើញអ្នកវិជ្ជមានកូវីដពាក់ព័ន្ធគ្នាបន្តបន្ទាប់ដល់ទៅជាង ១០នាក់ហើយ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN របស់កូរ៉េកាលពីថ្ងៃចន្ទដើមខែសីហានេះ។

តាមការចុះផ្សាយបានឱ្យដឹងថា នៅនឹងមន្ទីរពេទ្យក្នុងក្រុងសេអ៊ូល ដែលករណីផ្ទុះកូវីដជាចង្កោមនេះកើតឡើង ដំបូងឡើងករណីទី១ដែលរកឃើញគឺរកឃើញកាលពីថ្ងៃទី៣០ ខែកក្កដា នេះ ហើយគិតមកដល់ពេលចុះផ្សាយព័ត៌មាននៅថ្ងៃចន្ទនេះ គឺត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ គេរកឃើញអ្នកវិជ្ជមានប​ន្តបន្ទាប់ដល់ទៅ ១១នាក់ហើយចេញពីទីតាំងមន្ទីរពេទ្យនេះ។ អ្វីដែលកាន់តែបារម្ភទៀតនោះ គឺករណីមួយភាគធំសឹងលើសពាក់កណ្តាលនៃអ្នកវិជ្ជមាន គឺសុទ្ធសឹងជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ អ្នកខ្លះបានចាក់ហើយដល់ទៅ២ដូសទៀតផង ដោយសារភាគច្រើនជាគ្រូពេទ្យដែលបានអាទិភាពចាក់វ៉ាក់សាំងកូវីដមុនគេនោះ។

បើតាមប្រធានមន្ទីរសុខាភិបាលនៅសេអ៊ូលបានឱ្យដឹងថាករណីនេះ ក្នុងចំណោមអ្នកវិជ្ជមានទាំង១១នាក់ ដែលមានទាំងគ្រូពេទ្យផង និងអ្នកជំងឺផងនោះ គេរកឃើញថាមាន៧នាក់បានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយ ដែលគេចាត់ចូលជាករណីឆ្លងពិសេស ខណៈ៤នាក់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ ដែលជាករណីឆ្លងធម្មតា។ ហើយក្នុងចំណោម៧នាក់ដែលបានចាក់វ៉ាក់សាំងកូវីដហើយនោះ មាន៦នាក់ដែលបានចាក់វ៉ាក់សាំងកូវីដទាំងពីរដូស ហើយមានរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងរួចរាល់ ដល់ថ្ងៃឆ្លង១៤ថ្ងៃផុតផងដែរ។ ខណៈម្នាក់ទៀត ទើបនឹងចាក់វ៉ាក់សាំងកូវីដដូសទី១ មិនទាន់បានផុត១៤ថ្ងៃផង។

អជ្ញាធរសុខាភិបាលបានសម្រេចពិនិត្យករណីទាំងនេះផងដែរ ដើម្បីពិនិត្យឱ្យដឹងថាតើជាករណីកូវីដបម្លែងខ្លួនថ្មីឬយ៉ាងណា ដោយសារតែការឆ្លងបន្តគ្នាមានភាពលឿនរហ័ស ហើយជាពិសេសនោះគឺសុទ្ធតែឆ្លងក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចភាគច្រើនថែមទៀតផង។ វិធានការបន្ទាប់ទៀតនោះ គឺអជ្ញាធរនឹងធ្វើការកាត់ផ្តាច់អាគារដែលមានករណីឆ្លងនេះ មានទាំងអ្នកជំងឺផងដែរដែលបានប៉ះពាល់ជាមួយនឹងគ្រូពេទ្យដែលបានឆ្លងវិជ្ជមាន គឺនឹងត្រូវដាក់ឱ្យព្យាបាលបន្ត តែក្នុងស្ថានភាពដោយឡែកតែម្តង។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញករណីឆ្លងកូវីដហាក់មានការថមថយ តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះការធ្លាក់ចុះនេះ គឺគ្រាន់តែគាប់ជួនទៅនឹងពេលចុងសប្តាហ៍ប៉ុន្មានថ្ងៃកន្លងមកដែលជាទូទៅតួលេខឆ្លងចុងសប្តាហ៍តែងតែធ្លាក់ចុះទាបជាងថ្ងៃធម្មតា។ សូមបញ្ជាក់ផងដែរ ទីក្រុងសេអ៊ូល រួមជាមួយខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នៅតែបន្តស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ ដែលនឹងបន្តរហូតរយៈពេល២សប្តាហ៍បន្ថែម ក្រោយពីរយៈពេលកំណត់ចាស់ បានផុតកាលពីសប្តាហ៍មុនមកនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *