សុខចិត្តបើកលួចលាក់ ជាជាងបិទទ្វារចោល! នៅកាំងនឹង ប៊ូសាន និងជេជូ អជ្ញាធរតាមចាប់បានហាងផឹកស៊ីលួចបើកទទួលភ្ញៀវល្មើសគម្លាតសង្គមព្រោងព្រាត តែពេលចាប់បាន ហាក់ដាក់ពិន័យធូររលុងទៅវិញ …

កូរ៉េខាងត្បូង៖ ខណៈបញ្ហាកូវីដកំពុងផ្ទុះឆ្លងពេញស្រុកកូរ៉េ វិធានការគម្លាតសង្គមសព្វថ្ងៃអជ្ញាធរកំពុងបារម្ភថាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទប់ស្កាត់ការរាតត្បាតជំងឺកូវីដផងនោះ គេឃើញថាប្រជាជនកូរ៉េមួយចំនួនតូច នៅតែបន្តល្មើសនឹងបម្រាមគម្លាងសង្គម លួចជប់លៀងជួបជុំ បង្កជាហានិភ័យបន្ថែមក្នុងការចម្លងកូវីដ រីឯ​ម្ចាស់ហាងមួយចំនួនវិញសុខចិត្តលួចបើកដំណើរការទាំងលួចលាក់ សុខចិត្តប្រឈមការផាកពិន័យជាជាង ការបិទអាជីវកម្មទាំងស្រុងទៅវិញផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងពីករណីល្មើសមួយដ៏ធំនៅក្នុងទីក្រុងកាំងនឹង ខេត្តហ្គាងវ៉ុនដែលបច្ចុប្បន្នកំពុងស្ថិតក្រោមគម្លាតសង្គមកម្រិត៤ តែបែរជាសមត្ថកិច្ចប៉ូលីសអាចចុះទៅចាប់បានដល់កន្លែងសណ្ឋាគារមួយកន្លែងលួចលាក់រៀបចំទីតាំងជប់លៀងនៅនឹងអាងទឹក ដែលមានមនុស្សជាច្រើនមកចូលរួមផឹកស៊ី ឈូរឈរ ទ្រហឹងអ៊ឺងកងហាក់ដូចជាគ្មានការផ្ទុះជំងឺកូវីដ និងគ្មានវិធានការគម្លាតសង្គម ដែលព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក។

ក្នុងករណីនេះ អជ្ញាធរក្រុងកាំងនឹងបានឆ្មក់ចុះទៅចាប់ដល់នឹងកន្លែងផ្ទាល់ ហើយពេលដែលអជ្ញាធរចុះទៅដល់នឹងកន្លែងជប់លៀងមានភ្ញៀវជាច្រើននាំគ្នារត់ចេញទៅភ្លាមៗ ខ្លះរត់ពាក់កន្សែងចេញទៅតែម្តង ខណៈដែលបុគ្គលិកនៅទីនោះព្យាយាមបិទភ្លើងឱ្យងងឹងកុំឱ្យប៉ូលីសសង្ស័យ តែមិនអាចរួចផុតពីភ្នែកអជ្ញាធរ។ នៅនឹងទីតាំងនោះគេឃើញមានកែវ ដបគ្រឿងស្រវឹង ដែលសុទ្ធសឹងជាភស្តុតាងបង្ហាញថាទីតាំងនោះមានការជួបជុំផឹកស៊ីប្រាកដមែន។ អជ្ញាធរបញ្ជាក់ទៀតថា ទីតាំងសណ្ឋាគារនោះកន្លងមក ២ថ្ងៃមុនកើតហេតុត្រូវបានអជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាឱ្យបញ្ឈប់សកម្មភាពជប់លៀងនៅនឹងអាងទឹកនោះដែរ ហើយខាងសណ្ឋាគារបានសន្យារនឹងប៉ូលីសថានឹងមិនរៀបចំពិធីជប់លៀងនោះទេ តែដល់ថ្ងៃ គឺនៅថ្ងៃកើតហតុខាងសណ្ឋាគារនៅតែរៀបចំធ្វើដដែលដោយល្មើសនឹងបម្រាមគម្លាតសង្គម ល្មើសនឹងបម្រាមជួបជុំលើសកំណត់ ហើយល្មើសមិនមានអ្នកពាក់ម៉ាស់ទៀតផង។

ករណីនេះត្រូវបានអជ្ញាធរបញ្ជាក់ថាជាករណីទីមួយហើយ ដែលសណ្ឋាគារកម្រិតធំបែបនេះ មានដល់ទៅលើស២៣០បន្ទប់រៀបចំពិធីជប់លៀងក្នុងអំឡុងពេលអនុវត្តគម្លាតសង្គមនេះ ហើយបើតាមការកំណត់របស់អជ្ញាធរ ទីតាំងនេះអាចនឹងរងការផាកពិន័យឱ្យផ្អាកអាជីវកម្មរយៈពេល១០ថ្ងៃផងដែរ។

ទីតាំងសណ្ឋាគាររៀបចំជប់លៀងអាងទឹក ល្មើសបម្រាមសង្គមនៅកាំងនឹង

ចំណែកឯនៅទីតាំងផ្សេងទៀតវិញ ក៏មានករណីរាយការណ៍បន្តបន្ទាប់ពីបទល្មើសគម្លាតសង្គមផងដែរ។ ជាក់ស្តែកាលពីថ្ងៃសុក្រចុងសប្តាហ៍ នៅប៊ូសានឯណោះវិញ ទីតាំងហាងខារ៉ាអូខេមួយកន្លែងបានលួចលាក់ទទួលភ្ញៀវចូលមកច្រៀង និងផឹកស៊ីជាង១៥នាក់ គឺល្មើសជាថ្មីត្រឹមរយៈពេល៥ថ្ងៃក្រោយពីទីតាំងនោះត្រូវបានអជ្ញាធរចាប់បានល្មើសលួចបើកអាជីវកម្មទទួលភ្ញៀវលួចលាក់កាលពីលើកមុន។ នៅប៊ូសានក្រោមវិធានការគម្លាតសង្គមកម្រិត៣ ទីតាំងហាងផឹកស៊ី ខារ៉ាអូខេតម្រូវឱ្យបិទទ្វារនៅម៉ោង១០យប់ ហើយការជួបជុំគ្នាលើសពី៤នាក់ត្រូវបានហាមឃាត់ផងដែរ។ ទីតាំងនេះបើតាមប៉ូលីសចាប់បានលើកដំបូង ដោយសារតែប៉ូលីសឃើញម៉ាស៊ីនត្រជាក់នៅខាងក្រៅ បើកដំណើរការ ដែលមានន័យថាទីតាំងលួចបើកអាជីវកម្មនៅខាងក្នុង តែដល់លើកទី២កាលពីថ្ងៃសុក្រនេះ ម្ចាស់ហាងមិនបើកម៉ាស៊ីនត្រជាក់ថែមទៀតជាវិធីសាស្រ្តលួចលាក់ថ្មី។

បើតាមការបញ្ជាក់របស់អជ្ញាធរ ទីតាំងល្មើសនៅប៊ូសាននេះនឹងរងការផាកពិន័យល្មើសធ្ងន់ធ្ងរបន្ថែមក្នុងករណីដែលរកឃើញភ្ញៀវទាំងនោះវិជ្ជមានកូវីដ ហើយហាងនេះនឹងត្រូវរដ្ឋលុបចោលពីបញ្ជីហាងដែលអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េផងដែរ។ សម្រាប់មតិសាធារណជនមួយចំនួន ការដាក់ពិន័យប៉ុននេះ មានសភាពស្រាលណាស់ ហើយគេលើកឡើងថាអជ្ញាធរគួរតម្លើងការពិន័យឱ្យកាន់តែខ្លាំងជាងមុនផងដែរ។

នៅឯកោះជេជូឯណោះវិញ ទីតាំងហាងជាច្រើននាំគ្នាបន្លំរៀបចំកម្មវិធីជប់លៀង ដោយបន្លំធ្វើជាញ៉ាំអាហារពេលល្ងាចធម្មតា ដែលភ្ញៀវអាចជួបជុំ ផឹកស៊ីជាមួយមនុស្សប្លែកៗមិនស្គាល់មុខ ដោយសារតែអជ្ញាធរហាម និងកំណត់ចំនួននៃក្រុមមនុស្សដែលមកជួបជុំជាមួយគ្នា តែហាងទាំងនោះរៀបចំហាងដោយឱ្យមនុស្សផ្សេងៗគ្នាមកជួបជុំគ្នាបានដដែល ដោយសារសុទ្ធជាអ្នកដែលមិនស្គាល់គ្នា ហើយហាងទាំងនោះក៏មានឱ្យផឹកស្រាបៀរមិនកំណត់ផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *