ជាង៩០%នៃប្រាក់ឧបត្ថម្ភអ្នកប៉ះពាល់ពីកូវីដ រាប់ពាន់លានដុល្លារនឹងអាចចែកជូនប្រជាជននៅកូរ៉េខាងត្បូង ត្រឹមចុងខែកញ្ញាខាងមុខ ! ប្រជាជនសាមញ្ញទូទៅម្នាក់ អាចបានប្រាក់សុទ្ធដល់ទៅ …

កូរ៉េខាងត្បូង៖ កញ្ចប់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងប្រមាណជាង ៣៤.៩ទ្រីលានវ៉ុន (ប្រមាណជាង៣០.៣ពាន់លានដុល្លារ) សម្រាប់សម្រាលបន្ទុកប្រជាជននៅប្រទេសកូរ៉េខាងត្បូងដែលរងគ្រោះដោយសារវិបត្តិកូរ៉ូណា ប្រមាណ៩០% នឹងត្រូវបញ្ចេញទៅដល់ប្រជាជនត្រឹមចុងខែកញ្ញាខាងមុខនេះ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន​ Yonhap News បានឱ្យដឹងថា លោករដ្ឋម​ន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាមគី បានចេញមកប្រកាសបញ្ជាក់ថាប្រាក់ឧបត្ថម្ភរបស់រដ្ឋដល់ទៅ ៣៤.៩ទ្រីលានវ៉ុន (ប្រមាណជាង៣០.៣ពាន់លានដុល្លារ) ដែលសភាជាតិកូរ៉េខាងត្បូងទើបនឹងអនុម័តថ្មីៗនេះ ដែលក្នុងនោះមានដល់១១ទ្រីលានវ៉ុន (ប្រមាណជាង៩.៥ពាន់លានដុល្លារ) ត្រូវ​ប្រគល់ជាសាច់ប្រាក់សុទ្ធជូនដល់ប្រជាជនទូទៅផ្ទាល់ផងនោះ នឹងត្រូវរៀបចំបញ្ចេញដល់ប្រជាជនត្រឹមចុងខែកញ្ញាខាងមុខនេះ។

ក្នុងចំណោមកញ្ចប់ប្រាក់ដ៏ធំធេងនេះ មានប្រាក់ឧបត្ថម្ភចំនួន១១ទ្រីលានវ៉ុន (ប្រមាណជាង៩.៥ពាន់លានដុល្លារ) នឹងត្រូវប្រគល់ជូនដល់ប្រជាជនដែលមានកម្រិតជីវភាពទាបជាងគេ៨៨%ទូទាំងប្រទេសប្រមាណជាង២០.៣លានគ្រួសារ មានន័យមានតែប្រជាជន១២%​ដែលមានទ្រព្យសម្បត្តិជីវភាពប្រសើរជាងគេទូទាំងប្រទេសដែលមិនមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភនេះ។ បើគិតជាសាច់ប្រាក់ដែលបុគ្គលម្នាក់ៗនឹងទទួលបានដល់គឺ ២៥ម៉ឺនវ៉ុន ដែលប្រាក់ទាំងនេះគឺដើម្បីអាចយកទៅសម្រាលជីវភាពរបស់ប្រជាជនផ្ទាល់។

ក្រៅពីនោះក៏មានកញ្ចប់ប្រាក់ប្រមាណជាង ៥.៣ទ្រីលានដុល្លារ នឹងត្រូវផ្តល់ជូនសម្រាប់គាំទ្រដល់បណ្តាអ្នករកស៊ីលក់ដូរតូចតាចដែលរងផលប៉ះពាល់ខ្លាំងដោយសារការអនវុត្តវិធានការគម្លាតសង្គម។ ហើយក្នុងនោះរដ្ឋាភិបាលគ្រោងនឹងពិនិត្យទៅតាមស្ថានភាពខូចខាតប៉ះពាល់ការរកស៊ីរបស់ខ្លួនដោយសារឥទ្ធិពលនៃវិធានការគម្លាតសង្គម ដែលម្ចាស់អាជីវកម្មអាចនឹងទទួលបានប្រាក់ឧបត្ថម្ភច្រើនបំផុតដល់ទៅ២០លានវ៉ុនឯណោះ អាស្រ័យតាមស្ថានភាពរៀងៗខ្លួន។

លើសពីនោះទៀត រដ្ឋាភិបាលកូរ៉េក៏នឹងយកកញ្ចប់ប្រាក់មួយចំនួន ទៅបង្កើតឱ្យមានកម្មវិធីពិសេសផ្សេងៗសម្រាប់ជំរុញឱ្យប្រជាជនចាយលុយឡើងវិញ ដើម្បីជាវិធានការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានភាពរស់រវើកឡើងវិញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *