កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ប្រជាជនកូរ៉េខាងត្បូងទាំងអស់ដល់៧០% ឬប្រមាណដល់៣៦លាននាក់នឹងបានចាក់វ៉ាក់សាំងកូវីដរួចយ៉ាងហោចណាស់បាន១ដូស ឱ្យបានមុនថ្ងៃបុណ្យឈូសុក បុណ្យភ្ជុំប្រចាំឆ្នាំនៅស្រុកកូរ៉េខាងមុខនេះ គឺលឿនជាងការរំពឹងទុកនៃផែនការពីមុនមក នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងផ្ទាល់ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។
ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ ដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងដឹកនាំដោយផ្ទាល់នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាលោកប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន បានបញ្ជាក់ជាថ្មីទៀតថាផែនការរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចាក់វ៉ាក់សាំងឱ្យបានដល់ប្រជាជន៣៦លាននាក់ ត្រឹមចុងខែកញ្ញាខាងមុខនោះ នឹងត្រូវពន្លឿនយ៉ាងណាសម្រេចឱ្យបានមុនថ្ងៃឈូសុកកូរ៉េ ឬដែលគេស្គាល់ថាជាបុណ្យភ្ជុំស្រុកកូរ៉េនោះ ដែលជាថ្ងៃឈប់សម្រាកដ៏ធំរបស់ប្រជាជនកូរ៉េខាងត្បូង។ ប្រជាជន៣៦លាននាក់ យ៉ាងហោចណាស់នឹងទទួលបានវ៉ាក់សាំងកូវីដ ១ដូសរួចរាល់ ដែលនេះនឹងអាចសម្រេចបានលឿនជាងផែនការសុខាភិបាលដែលបានគ្រោងពីមុនមកនោះ។
បើតាមការបញ្ជាក់របស់លោកប្រធានាធិបតី កាលវិភាគវ៉ាក់សាំងនឹងត្រូវសម្រេចគោលដៅថ្មីនេះឱ្យបានមុនចុងសប្តាហ៍ទី៣ នៃខែកញ្ញា គឺយ៉ាងណាឱ្យបានមុនរដូវកាលឈប់សម្រាកបុណ្យឈូសុក ដែលនឹងចាប់ផ្តើមពីចុងសប្តាហ៍ថ្ងៃទី១៨ កញ្ញាទៅហើយនោះ។ ថ្ងៃបុណ្យឈូសុកកូរ៉េតែម្តងគឺត្រូវចំថ្ងៃទី២០ ដល់ថ្ងៃទី២២ កញ្ញា ដូចនេះរដូវកាលឈប់សម្រាកបុណ្យប្រពៃណីកូរ៉េឆ្នាំនេះ នឹងចាប់ផ្តើមមុនដែលមនុស្សជាច្រើនអាចនឹងមានគម្រោងដើរលេងកាន់តែច្រើនឡើង ខណៈដែលម្នាក់ៗត្រូវរឹតត្បិតក្នុងការដើរហើរអស់ពេលជាយូរមកហើយដល់បច្ចុប្បន្ននេះ។
លោកប្រធានាធិបតីបញ្ជាក់ផងដែរថា ត្រឹមថ្ងៃអង្គារស្អែកនេះ យ៉ាងហោចណាស់មនុស្ស២០លាននាក់នឹងបានចាក់វ៉ាក់សាំងកូវីដរួចបាន១ដូសយ៉ាងតិច ខណៈដែលគម្រោងការចាក់វ៉ាកសំាងសម្រាប់មនុស្ស១៧លាននាក់អាយុខ្ទង់២០ទៅ៤០ឆ្នាំ នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ក្រោយនេះដែរហើយ។ ជាមួយនឹងការចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាយុខ្ទង់២០ទៅ៤០ឆ្នាំនេះដែរ លោកប្រធានាធិបតីបានណែនាំឱ្យមន្ត្រីជំនាញពិនិត្យប្រព័ន្ធចុះឈ្មោះឱ្យមែនទែន ជាពិសេសគឺប្រព័ន្ធចុះឈ្មោះបែងចែកច្បាស់ទើបនឹងចេញថ្មីនេះ ធ្វើយ៉ាងណាកុំឱ្យមានបញ្ហាជាប់គាំងណាមួយដូចពេលកន្លងមក ដោយសារតែចំនួនមនុស្សច្រើនត្រូវនាំគ្នាចុះឈ្មោះ ដែលបណ្តាលឱ្យប្រព័ន្ធចុះឈ្មោះកន្លងមកមានបញ្ហាជាប់គាំងម្តងជាពីរដងផងដែរ។
លោកប្រធានាធិបតីបញ្ជាក់ទៀតថា ការផ្គត់ផ្គង់វ៉ាក់សាំងនឹងមកដល់ទៅតាមផែនការក្នុងខែសីហា និងកញ្ញាខាងមុខ ហើយលោកបញ្ជាក់សម្រាប់ស្ថានការណ៍បច្ចុប្បន្នដែលវត្តមានកូវីដបម្លែងខ្លួនដែលតា កើនមានកាន់តែច្រើននោះ មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះដែលអាចជួយសម្រួលស្ថានការណ៍នេះបាន។