លោកទូត ឡុង ឌីម៉ង់ ចូលរួមជាអធិបតីការប្រកាសសមាសភាពថ្មីអាណត្តិទី៧ សមាគមនិស្សិតខ្មែរនៅកូរ៉េ ហើយលោកបានបង្ហាញអារម្មណ៍រំភើប ក្រោយទទួលពាក្យទាំងនេះពីនិស្សិតខ្មែរនៅកូរ៉េ …

កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទទី២ សីហា ២០២១នេះ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចប់អាណត្តិប្រធានសមាគមនិស្សិតអាណត្តិទី៦ និងតែងតាំងប្រធានសមាគមនិស្សិតអាណត្តិទី៧ ឆ្នាំ២០២១-២០២២ នេះបើតាមការចែករំលែករបស់លោកទូតនៅរសៀលនេះ។

ក្នុង​ឱកាសពិធីប្រកាសបញ្ចប់អាណត្តិប្រធានសមាគមនិស្សិតអាណត្តិទី៦ និងតែងតាំងប្រធានសមាគមនិស្សិតអាណត្តិទី៧ លោកទូត ឡុង ឌីម៉ង់បានបញ្ជាក់ថាសម្រាប់សមាគមនិស្សិតខ្មែរប្រចាំប្រទេសកូរ៉េថ្មីនេះ មានសមាសភាពសំខាន់ៗ នៃគណៈកម្មាការនិស្សិតថ្មីមានសមាសភាពដូចជា៖ ១. កញ្ញា តូច ពិសី ជាប្រធាន ២. លោក សួស វាសនា អនុប្រធាន និង៣. លោក ឈុន គានថៃ អនុប្រធាន។ ក្នុងនោះដែរ ក៏មានសមាសភាពអនុគណៈកម្មាការចំនួន២០រូប ចែកជា៤ ផ្នែកគឺ (១) ផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋបាល (២) ផ្នែកវប្បធម៌ និងកីឡា (៣) ផ្នែកសិក្សា និងស្រាវជ្រាវ និង(៤) ផ្នែកផ្សព្វផ្សាយ ផងដែរ។

លោកទូតក៏បានឆ្លៀតបញ្ជាក់ជាថ្មីផងដែរ ដើម្បីជាចំណងដៃសម្រាប់សមាគមនិស្សិតអាណត្តិទី ៧ ថ្មីនេះ ស្ថានទូតកម្ពុជា និងសមាគម Happy Dream Association បានចុះអនុស្សរណៈយោគយល់គ្នា MOU ដើម្បីជួយដល់សមាគមនិស្សិតខ្មែរនៅកូរ៉េ ហើយក្នុងនោះ Happy Dream នឹងជួយឧបត្ថម្ភការជួលទីស្នាក់ការរបស់សមាគមនិស្សិតខ្មែរប្រចាំខែ នៅក្នុងទីក្រុងសេអ៊ូល ក្នុងតម្លៃ ៥០០ ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំ ដោយគិតចាប់ពីខែសីហា ២០២១- សីហា ២០២២ ព្រមទាំងបានផ្តល់ម៉ាសចំនួន២ពាន់សន្លឹកដល់សមាគមនិស្សិតសម្រាប់បែងចែកសមាជិកអនុគណៈកម្មាការចុះជួបសួរសុខទុក្ខនិស្សិតតាមសកលវិទ្យាល័យ។

ក្នុងឱកាសនោះដែរ លោកទូតបានបង្ហាញពីអារម្មណ៍រំភើបចំពោះពាក្យពេជន៍ដែលនិស្សិតបណ្ឌិត ឆៃ ប៉េងស៊្រន់ អតីតប្រធានសមាគមនិស្សិតជំនាន់ទី៥ ដែលបានសរសេរនៅក្នុងក្របសៀវភៅនិក្ខេបបទរបស់គាត់ជូនមកលោកទូតដោយផ្ទាល់នៅក្នុងពិធីប្រកាសបញ្ចប់អាណត្តិប្រធានសមាគមនិស្សិតអាណត្តិទី៦ និងតែងតាំងប្រធានសមាគមនិស្សិតអាណត្តិទី៧ ឆ្នាំ២០២១-២០២២នេះដែរ។

បន្ថែមពីនោះ លោកទូតក៏បានទទួលនូវតលប័ត្រសរសើរពីសំណាក់សមាគមនិស្សិត និងវត្ថុអនុស្សាវរីយ៍ពីក្រុមនិស្សិតទទួលអាហារូបករណ៍ពីអង្គការ KOICA ។ លោកទូតបានពោលថា វាពិតជាប្រយោគដែលផ្ដល់សច្ចភាព ជាមួយនឹងការលើកទឹកចិត្តដ៏ថ្កៃថ្លា ជាថាមពលមិនចេះរីងស្ងួតដើម្បីបន្តបំរើផលប្រយោជន៍ជាតិនិងប្រជាជនយើងតទៅមុខទៀត។

 

Leave a Reply

Your email address will not be published. Required fields are marked *