«ខ្ញុំពិតជាមានមោទនភាព» ! លោកទូត ឡុង ឌីម៉ង់ ថ្លែងបែបនេះក្រោយឃើញកូនខ្មែរកាត់កូរ៉េ ចេះអាននិងស្គាល់អក្សរ ទង់ជាតិ និងចម្រៀងខ្មែរ ក្រោយបញ្ចប់វគ្គសិក្សាពិសេសនេះរបស់ស្ថានទូត និងដៃគូ …

កូរ៉េខាងត្បូង៖ «ខ្ញុំពិតជាមានមោទនភាព» នេះជាពាក្យដែលលោក ឡុង ឌីម៉ង់ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចែករំលែក និងលើកឡើងក្នុងឱកាសដែលលោកបានឃើញកុមារកូនខ្មែរកាត់កូរ៉េ អាចអានអក្សរខ្មែរ ស្គាល់ស្រៈនិងព្យញ្ជនៈខ្មែរ ស្គាល់ពីអត្ថន័យទង់ជាតិខ្មែរ និងចេះច្រៀងបទចម្រៀងខ្មែរទៀតផង បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូតនៅថ្ងៃអាទិត្យម្សិលមិញ។

ក្នុងការចែករំលែកនេះបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានលោកទូត ឡុង​ ឌីម៉ង់ និងលោក Lee Sangrak នាយកមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ ព្រមទាំងក្រុមការងារស្ថានទូត និងដៃគូសហការកូរ៉េអ្នកចូលរួមប្រមាណ ៤០នាក់ បានចូលរួមក្នុងពិធីបិទវគ្គទី១ នៃការអប់រំភាសានិងសុជីវធម៌ខ្មែរ ជូនដល់កុមារខ្មែរកាត់កូរ៉េ។ កម្មវិធីពិសេសនេះរៀបចំឡើងដោយក្រុមការងារស្រ្តីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសហការជាមួយនឹងមជ្ឈមណ្ឌលគាំពារជនបរទេសសុងណាំ និងទទួលបាន​ការស្ម័គ្រចិត្តពីនិស្សិតខ្មែរចំនួនពីររូបគឺកញ្ញា ឈន់ ធាវី និងកញ្ញា គឿន កល្យាណ។

កម្មវិធីបិទវគ្គទី១នេះ ធ្វើឡើងដើម្បីស្វែងយល់ និងវាយតម្លៃអំពីលទ្ធផលនៃការសិក្សារបស់សិស្សដែលជាកូនខ្មែរ បន្ទាប់ពីសិក្សាបានរយៈពេលបួនខែកន្លងមក។ ក្នុងកម្មវិធីពិសេសអប់រំភាសានិងសុជីវធម៌ខ្មែរ ជូនដល់កុមារខ្មែរកាត់កូរ៉េនេះ មានក្មេងៗកូនកាត់ខ្មែរកូរ៉េទាំង១៥រូប និងឪពុកម្តាយ បានចូលរួម ហើយតាមរយៈលទ្ធផលដែលបានទទួល គឺក្រុមការងារបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលជាផ្លៃផ្កានៃគម្រោងនេះ ហើយឃើញថាក្មេងៗកូនកាត់ខ្មែរកូរ៉េទាំង១៥រូប និងឪពុកម្តាយ ពិតជាទទួលបានចូលរួមយ៉ាងសកម្មក្នុងគម្រោងនេះ ហើយក្មេងៗពិតជាទទួលនូវចំណេះដឹង និងការអនុវត្តជាក់ស្តែងក្នុងការនិយាយជាភាសាខ្មែរ ច្រៀងចំរៀងជាភាសាខ្មែរ និងយល់ដឹងអំពីវប្បធម៌មួយចំនួនរបស់ខ្មែរដូចជាអត្ថន័យនៃទង់ជាតិខ្មែរ ការសំពះ និងការស្លៀកពាក់ជាដើម។

ក្នុងឱកាសនៃពិធីបិទវគ្គនេះ លោកទូត ឡុង ឌីម៉ង់បានបង្ហាញអារម្មណ៍របស់លោកផ្ទាល់នៅពេលដែលលោកបានឃើញកុមារខ្មែរកាត់កូរ៉េអានអក្សរខ្មែរ ស្គាល់ស្រៈនិងព្យញ្ជនៈខ្មែរ ស្គាល់ពីអត្ថន័យទង់ជាតិខ្មែរ និងចេះច្រៀងបទចម្រៀងខ្មែរ ដែលលោកបានលើកឡើងថាពិតជា «មានមោទនភាពដែលបានឃើញសមិទ្ធិផលនេះលេចចេញជាផ្លែផ្កា ទោះបីជាមិនទាន់ទូលំទូលាយក៏ដោយ តែវាបានក្លាយជាចំណុចចាប់ផ្ដើមមួយរបស់ស្ថានទូតកម្ពុជា»។ លោកទូតបានសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុង Seongnam និងអរគុណជាពិសេសដល់និស្សិតខ្មែរទាំង ២ រូបដែលបានស្ម័គ្រចិត្តបង្រៀនប្រកបដោយវិជ្ជាជីវៈនិងគរុកោសល្យគួរឲ្យកោតសរសើរចំពោះការរៀបចំគម្រោងដ៏តូចមួយនេះ តែទទួលបានលទ្ធផលល្អហួសការរំពឹងទុកមិនស្រួលនោះទេ បើទោះជាមានជួបការលំបាកមួយចំនួនក៏ដោយ។

សូមជម្រាបផងដែរថា វគ្គទី២ នឹងចាប់ផ្តើមពីខែ សីហា រហូតដល់ចុងខែធ្នូ ឆ្នាំ ២០២១ តាមរយៈអនឡាញដដែលដោយសារវិធានការគម្លាតសុវត្ថិភាពសង្គម។

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *