កូរ៉េខាងត្បូង៖ ប៉ុន្មានថ្ងៃនេះ កូរ៉េខាងត្បូងមានភ្លៀងធ្លាក់តាមទីកន្លែង សឹងទូទាំងប្រទេសចំពេលដែលអាកាសធាតុកាលពីក្នុងសប្តាហ៍កន្លងមកនេះឡើងក្តៅខ្លាំង ដោយសារតែឥទ្ធិពលនៃរលកកម្តៅ ដែលការធ្លាក់ភ្លៀងនេះជួយនឹងជួយឱ្យសីតុណ្ហភាពតាមតំបន់នានាទូទាំងប្រទេសកូរ៉េខាងត្បូងថយចុះបន្តិចមកវិញ តែបើតាមការបញ្ជាក់របស់អជ្ញាធរ ភ្លៀងធ្លាក់ជាមួយនឹងជាតិសំណើមខ្លាំងក្នុងបរិយាកាសនេះអាចនឹងធ្វើឱ្យ យើងមានអារម្មណ៍ថានៅតែក្តៅខ្លាំងដដែល ឬសឹងក្តៅជាងមុនទៅវិញទៀតផង។
ចុះផ្សាយក្នុងសារព័ត៌មាន YTN News បានឱ្យដឹងពីការព្យាករណ៍របស់អ្នកជំនាញឧតុនិយម ដោយបានលើកឡើង ប៉ុន្មានថ្ងៃនេះ ថ្វីត្បិតតែភ្លៀងធ្លាក់មកអាចជួយបន្ថយកំដៅ និងធ្វើឱ្យសីតុណ្ហភាពសឹងទូទាំងប្រទេសមានភាពប្រសើរជាងមុនបានបន្តិចក៏ពិតមែន តែសូមប្រយ័ត្នដោយសារតែភ្លៀងធ្លាក់បង្កជាសំណើមច្រើនក្នុងបរិយាកាស អាចនឹងនាំឱ្យយើងគ្រប់គ្នាមានអារម្មណ៍ថានៅតែក្តៅដដែល ឬសឹងតែក្តៅជាងមុនទៅទៀត ដោយសារតែកំដៅក្តៅខ្លាំង លាយគ្នាជាមួយនឹងសំណើមក្នុងបរិយាកាសថែមទៀត។
ប៉ុន្មានថ្ងៃកន្លងមកនេះ បើតាមរដ្ឋបាលឧតុនិយមតំបន់ប្រជុំជនសេអ៊ូល ជាតំបន់ដែលមានអាកាសធាតុសឹងតែក្តៅជាងគេទូទាំងប្រទេស។ សីតុណ្ហភាពប្រចាំថ្ងៃកើនដល់សឹងតែ ៣៥អង្សារសេប្រចាំថ្ងៃនៅពេលថ្ងៃ ហើយនៅពេលយប់វិញ អាកាសធាតុនៅតែបន្តក្តៅដដែល ដែលបាតុភូតនេះគេហៅថា «រាត្រីត្រូពិក (tropical nights)» ដែលបានបន្តកើតឡើងរយៈពេលជាង១០ថ្ងៃពេញហើយនៅក្នុងទីក្រុងសេអ៊ូល។ តែជាមួយនឹងភ្លៀងធ្លាក់សឹងគ្រប់កន្លែងទូទាំងប្រទេសប៉ុន្មានថ្ងៃនេះ ជាពិសេសពេលចុងសប្តាហ៍នេះ សីតុណ្ហភាពរំពឹងនឹងអាចថយចុះពី ២ ទៅ៣ អង្សារសេធៀបទៅនឹងសប្តាហ៍មុន។ នៅតំបន់សេអ៊ូល គេរំពឹងថាសីតុណ្ហភាពប៉ុន្មានថ្ងៃខាងមុខ នឹងជាមធ្យមនៅក្បែរ ៣៣អង្សារសេប៉ុណ្ណោះ។
តែផ្ទុយមកវិញ អត្រាជាតិសំណើមក្នុងបរិយាកាសនឹងកើនឡើងខ្លាំងវិញ ដោយសារភ្លៀងផង និងដោយសារតែការកើនឡើងសំណើមក្នុងបរិយាកាសមានប្រភពពីភាគខាងត្បូងប្រទេសផង។ បើតាមការបញ្ជាក់របស់អ្នកជំនាញព្យាករណ៍នៃអជ្ញាធរឧតុនិយមកូរ៉េ បានឱ្យដឹងថាបាតុភូតនេះអាចនឹងបង្កឱ្យសឹងទូទាំងប្រទេសកូរ៉េ សប្តាហ៍ក្រោយនេះនឹងរងនូវបាតុភូត «រាត្រីត្រូពិក (tropical nights)» ដែលសំដៅដល់អាកាសធាតុនៅពេលយប់ ដែលនៅតែបន្តក្តៅដដែលខុសពីធម្មតា ដែលពេលយប់ចុះត្រជាក់ជាងពេលថ្ងៃ។ លើសពីនោះទៀត សីតុណ្ហភាពទូទាំងប្រទេសអាចនឹងមានអារម្មណ៍ថាកើនឡើងជាងសីតុណ្ហភាពជាក់ស្តែង បើទោះជាសីតុណ្ហភាពជាក់ស្តែងបានថយចុះក៏ដោយ។
ជាឧទាហរណ៍ សីតុណ្ហភាពនៅពេលថ្ងៃអាចថយចុះនៅត្រឹម៣៣អង្សារសេ តែដោយសារសំណើមផ្សំគ្នាជាមួយកម្តៅ ធ្វើឱ្យយើងមានអារម្មណ៍ដូចសីតុណ្ហភាពក្បែរ ៣៥ ឬ៣៦ទៅវិញ។ បើតាមការព្យាករណ៍របស់អជ្ញាធរឧតុនិយម អាកាសធាតុក្តៅនៅប្រទេសកូរ៉េ អាចនឹងបន្តរហូតដល់ពាក់កណ្តាលខែសីហាឯណោះ ទើបអាចថមថយមកវិញ ហើយត្រៀមចូលរដូវស្លឹកឈើជ្រុះ។