កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២ ខែមិថុនា២០២១កន្លងទៅថ្មីៗនេះ សាលាដំបូងសង្កាត់ដេហ្គូ កូរ៉េខាងត្បូងបានសម្រេចកាត់ក្តីលើសំណុំរឿងមួយពាក់ព័ន្ធក្មេងមួយក្រុមបង្កហឹង្សាជាក្រុម និងគម្រាមកំហែង ដែលបានបណ្តាលឱ្យសិស្សសាលាវិទ្យាល័យកូរ៉េខាងត្បូងមួយរូប ជាជនរងគ្រោះរងការវាយធ្វើបាប និងក្នុងស្ថានការណ៍ពេលនោះសម្រេចចិត្តរត់ចូលផ្លូវធំ ហើយត្រូវឡានបុកបណ្តាលឱ្យបាត់បង់ជីវិត។ តែយ៉ាងណាជាមួយនឹងការកាត់ក្តីនេះ ក្រុមគ្រួសារជនរងគ្រោះ បានតវ៉ា និងបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងទៅលើលទ្ធផលកាត់សេចក្តីរបស់តុលាការ។
ចុះផ្សាយក្នុងអត្ថបទពិសេសរបស់សារព័ត៌មាន YTN ភាសាកូរ៉េបានឱ្យដឹងថា សេចក្តីសម្រេចតុលាការក្នុងករណីនេះ គឺសម្រេចឱ្យជនល្មើស៣រូប ក្នុងនោះមួយរូបជាជនដៃដល់ជាងគេឈ្មោះ ហ្វាង (Hwang) ត្រូវជាប់ទោសឃុំឃាំងត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ រីឯអ្នកជាប់ពាក់ព័ន្ធដទៃទៀតត្រូវតម្រូវឱ្យបង់សំណងត្រឹម៥លានវ៉ុន និង៣លានវ៉ុនប៉ុណ្ណោះពីបទបង្កហឹង្សាជាក្រុម។ តែបើតាមសេចក្តីសម្រេចនេះ ឪពុករបស់ក្មេងរងគ្រោះដែលត្រូវបង្ខំចិត្តរត់គេចពីការតាមវ៉ៃដោយពួកក្រុមជនល្មើស ហើយត្រូវរត់ចូលផ្លូវធំរហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនេះ បានបង្ហាញអារម្មណ៍មិនអស់ចិត្តចំពោះការកាត់សេចក្តីនេះ ហើយនិយាយថាសូម្បីក្មេងអាយុ៥ឆ្នាំ ក៏អាចមើលឃើញថាការតាមដេញវ៉ៃពីពួកជនល្មើស ជាហេតុផលបង្កផ្ទាល់ ដែលឈានដល់ករណីគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
សូមបញ្ជាក់ថា ដំណើរដើមទងនៃរឿងករណីនេះ កើតឡើងដោយសារតែទឹកសុទ្ធ១ដបដែលគប់ត្រូវមកក្រុមជនល្មើសប៉ុណ្ណោះ។ ករណីនេះកើតឡើងតាំងពីថ្ងៃទី៥ មករា ២០២០កន្លងមក នៅហ្គូមី ខេត្តឃ្យ៉ុងប៊ុក ដែលនៅពេលនោះមានក្រុមក្មេងសិស្សសាលាវិទ្យាល័យ២ក្រុមបានជួបជុំគ្នាផឹកស៊ីធម្មតាដោយរីករាយជាមួយគ្នា ហើយក្រុមក្មេងទាំងអស់នេះបានបន្តទៅច្រៀងខារ៉ាអូខេ និងមិនមានជម្លោះអ្វីនោះទេ។ តែស្រាប់ពេលនោះ ក្រុមជនរងគ្រោះបានគប់ដបទឹកសុទ្ធទទេមួយឡើងទៅលើ ហើយចៃដន្យដបទឹកនោះក៏ធ្លាក់មកចំក្បាលជនដៃដល់ឈ្មោះហ្វាង (Hwang) នោះ ហើយពេលនោះស្ថានការណ៍ក៏ផ្លាស់ប្តូរមួយរំពេច ដោយក្រុមទាំងពីរចាប់ផ្តើមមានជំលោះនឹងគ្នាតែម្តង។
ពេលនោះក្រុមជនដៃដល់បានសម្លុតគម្រាមក្រុមរបស់ជនរងគ្រោះ ដូចនេះក្រុមជនរងគ្រោះក៏បានភ័យនាំគ្នារត់ចេញពីបន្ទប់ខារ៉ាអូខេនោះតែម្តង តែក្រុមជនដៃដល់ ដែលមានទាំងជនដៃដល់ឈ្មោះហ្វាង (Hwang) នេះបានរត់ដេញតាមរហូត ហើយក្រោយពីតាមទាន់ក៏បានចាប់ជនរងគ្រោះ រឹតក ហើយទះកំផ្លៀងថែមទៀតដែលសកម្មភាពទាំងអស់នោះត្រូវបានចាប់ជាប់ក្នុងកាំមេរ៉ាតាមដងផ្លូវយ៉ាងច្បាស់ជាក់ស្តែងតែម្តង។ អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែក្តៅ គឺនៅពេលនោះក្រុមជនរងគ្រោះបាននាំគ្នាតដៃមកវិញ នាំឱ្យក្រុមពួកដៃដល់ដែលកំពុងដេញវ៉ៃនោះហៅគ្នាមកកាន់តែច្រើនថែមទៀត ហើយរត់ដេញតាមវ៉ៃក្រុមជនរងគ្រោះរហូតដល់មុខផាប់ មុខហាងទំនិញ។ បើតាមការបញ្ជាក់ពេលនោះ ក្រុមជនរងគ្រោះ នាំគ្នាលុតជង្គង់លើកដៃសុំទោសជាច្រើនដង តែមិនបានការ មិនអាចបញ្ឈប់ការដេញវ៉ៃពីពួកដៃដល់នោះឡើយ។

អ្វីដែលកាន់តែហួសចិត្ត គឺក្រុមជនរងគ្រោះ ទាំងជនរងគ្រោះផងនាំគ្នាហៅឡានតាក់ស៊ីជិះរត់ទៅហើយ តែក្រុមពួកដៃដល់នៅមិនលើកលែងគឺដេញតាមបន្តរហូតអស់ជាងមួយម៉ោង។ ក្រោយពីចុះពីតាក់ស៊ីភ្លាម ជនដៃដល់ចាប់ពួកក្រុមជនរងគ្រោះបានទៀត ហើយក្រុមជនរងគ្រោះសូមទោសទៀត នៅតែពួកជនដៃដល់មិនព្រមទទួល។ ដូចនេះក្រុមជនរងគ្រោះក៏រុញពួកដៃដល់ចេញ ហើយរត់បន្តទៀត រត់រហូតដល់ផ្លូវធំ ផ្លូវ Gyeongbu Expressway ស្រាប់តែពេលនោះជនរងគ្រោះបានស្រែកប្រាប់មិត្តខ្លួនដែលកំពុងរត់គេចជាមួយគ្នានោះថា «ពិបាកណាស់ ខ្ញុំទ្រាំលែងបានហើយ ខ្ញុំចង់ស្លាប់» ហើយពេលនោះក៏បោះទូរស័ព្ទ និងអាវរងាចោល ហើយក៏ផ្លោះរបងលោតចូលទៅផ្លូវធំតែម្តង ហើយពេលនោះជនរងគ្រោះ ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗរហូតបាត់បង់ជីវិតតែម្តង។
ជនរងគ្រោះឈ្មោះ លី ជុងឃ្យ៉ុង (Lee Jung-kyung) អាយុត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ហើយនៅពេលនោះគឺរៀបនឹងបញ្ចប់ថ្នាក់វិទ្យាល័យទៅហើយ។ អ្វីដែលកាន់តែធ្វើឱ្យគ្រួសារជនរងគ្រោះមិនពេញចិត្តដែរនោះ គឺមានលិខិតពីអ្នកស្គាល់គ្នាជាមួយជនដៃដល់ផ្ញើដល់ឪពុកជនរងគ្រោះ សុំឱ្យមានការយោគយល់អភ័យទោស ហើយថែមទាំងបានលើកឡើងថាករណីនេះជនរងគ្រោះមានអាការៈប្លែកៗខ្លួនឯង ហើយធ្វើរឿងប្លែកៗនៅពេលដែលថ្ងៃកើតហេតុនោះ។

