អបអរសារទរ! ស្ថានទូតខ្មែរចុះ MOU ថ្មីជាមួយសមាគមកូរ៉េ ពាំនាំការឧបត្ថម្ថប្រចាំខែជូនសមាគមនិស្សិតខ្មែរនៅកូរ៉េ អាចរៀបចំស្នាក់ការផ្ទាល់នៅសេអ៊ូលតែម្តង

កូរ៉េខាងត្បូង៖ អនុស្សរណៈនៃការយោគយល់គ្នា MOU ដើម្បីជាឯកសារសម្រាប់ជួយឧបត្ថម្ភដល់សមាគមនិស្សិតខ្មែរនៅកូរ៉េ ត្រូវបានសម្រេចបានចុះហត្ថលេខាដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជាមួយនឹងសមាគម Happy Dream Association របស់កូរ៉េ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង់ នៅរសៀលថ្ងៃសៅរ៍នេះ។

ក្នុងការបង្ហោះនោះបានឱ្យដឹងថា សមាគមនិស្សិតខ្មែរនៅកូរ៉េ ក្រោមស្មារតីនៃកិច្ចព្រមព្រៀងនេះនឹងទទួលបានការជួយជ្រុមជ្រែងឧបត្ថម្ភពីសំណាក់សមាគម Happy Dream Association របស់កូរ៉េ ដោយក្នុងពេលឥឡូវនេះទៅសមាគមនេះនឹងជួយឧបត្ថម្ភដល់ការជួលស្នាក់ការរបស់សមាគមនិស្សិតប្រចាំខែនៅក្នុងទីក្រុងសេអ៊ូល ក្នុងតម្លៃ ៥០០ ដុល្លារក្នុងមួយខែសម្រាប់រយៈពេលពេញមួយឆ្នាំសិន។ បន្ថែមពីនេះ សមាគមHappy Dream Association នេះក៏បានប្រគល់ម៉ាស់សម្រាប់ជូនប្រជាជនកម្ពុជា តាមរយៈស្ថានទូតខ្មែរនៅកូរ៉េចំនួន២ម៉ឺនសន្លឹក។

សូមបញ្ជាក់ថា សមាគមនិស្សិតខ្មែរនៅកូរ៉េជាស្ថាប័នបណ្តុំនូវបណ្តានិស្សិតខ្មែរសិក្សានៅក្នុងប្រទេសកូរ៉េ ហើយត្រូវបានបង្កើតឡើងលើកដំបូងតាំងពីឆ្នាំ២០១១ ដែលគោលបំណងសំខាន់គឺដើម្បីបង្កើនចំណងមិត្តភាព និងបណ្តាញទំនាក់ទំនងរវាងនិស្សិតកម្ពុជាសិក្សានៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាចូលរួមលើកកម្ពស់ចំណេះដឹងវប្បធម៌ សង្គម និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងក្នុងចំណោមនិស្សិតខ្មែរ ដែលអាចជាផ្នែកមួយសំខាន់រួមចំណែកដល់ការបណ្តុះបណ្តាលសមត្ថភាព និងទទួលបានភាពជោគជ័យក្នុងឱកាសនៃការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *