ហានិភ័យណាស់! ប៊ូសានរកឃើញករណីកូវីដឆ្លងជាចង្កោមបន្តបន្ទាប់ថ្មី ចេញពីផ្សារទំនើបដ៏ធំជាងគេ ខណៈអជ្ញាធរថាអាចមានអ្នកពាក់ព័ន្ធបន្តដល់ ១៦០០នាក់

កូរ៉េខាងត្បូង៖ ករណីកូវីដផ្ទុះឆ្លងជាចង្កោមជាច្រើនករណីបន្តបន្ទាប់ចេញពីទីតាំងផ្សារទំនើបស៊ីនស៊ីគេ (Shinsegae Centum City Department Store) នៅប៊ូសាន ត្រូវបានអជ្ញាធរសុខាភិបាលប្រកាសផ្សាយឱ្យដឹង ដែលមកដល់ពេលនេះរកឃើញអ្នកឆ្លងជាង ១០នាក់ហើយ​ទាំងបុគ្គលិក និងអ្នកដើរផ្សារ ដែលបង្កជាការបារម្ភថ្មីចំពោះករណីផ្ទុះឆ្លងពាក់ព័ន្ធកាន់តែធំទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News ភាសាកូរ៉េ បានឱ្យដឹងថាក្នុងរយៈពេលត្រឹម៣ថ្ងៃចុងក្រោយនេះ ផ្សារទំនើបស៊ីនស៊ីគេដ៏ធំនៅតំបន់ឆ្នេរហាអ៊ុនដេ នៃក្រុងប៊ូសាន ត្រូវបានរកឃើញអ្នកពាក់ព័ន្ធជាបន្តបន្ទាប់មានវិជ្ជមានកូវីដ មានទាំងបុគ្គលិក និងអ្នកដែលបានដើរផ្សារកន្លងមកផងដែរសរុបមកជាង១០នាក់ហើយ។ អ្វីដែលកាន់តែបារម្ភទៀតនោះគឺ ក្នុងរយពេលប៉ុន្មានថ្ងៃដែលសង្ស័យពាក់ព័ន្ធនេះ បើតាមការប៉ាន់ស្មានមានអ្នកដែលបានពាក់ព័ន្ធ និងចេញចូលទិញទំនិញដើរផ្សារ ដល់ទៅជាង១៦០០ទៀតឯណោះ ដែលសុទ្ធសឹងតែអាចរងហានិភ័យទាំងអស់។

ករណីនេះមានប្រភពដំបូងដោយកាលពីថ្ងៃទី២៨ កក្កដានេះ បុគ្គលិកម្នាក់នៅក្នុងផ្សារទំនើបនេះត្រូវរកឃើញថាវិជ្ជមានកូវីដ ដែលជាហេតុនាំឱ្យអជ្ញាធរសុខាភិបាលបន្តការស៊ើបអង្កេតប្រភពពាក់ព័ន្ធជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្រោយមកទៀត មានអ្នកស្គាល់គ្នាជាមួយបុគ្គលិកវិជ្ជមានខាងលើ ៥នាក់ទៀត និងអ្នកដទៃទៀតៗត្រូវរកឃើញវិជ្ជមានជាបន្តបន្ទាប់។ គិតមកដល់ពេលនេះ បុគ្គលិកទាំងអស់៥៦នាក់ហើយ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ហើយអតិថិជនអ្នកដើរផ្សារជាង ១៦០០នាក់ត្រូវបានអជ្ញាធរតាមរយៈការចុះឈ្មោះតាមប្រព័ន្ធនានាមុននឹងចូលទៅក្នុងផ្សារ ដែលអ្នកទាំងនោះសុទ្ធតែអាចនឹងមានជាប់ពាក់ព័ន្ធ និងជាករណីហានិភ័យចម្លងកូវីដជាបន្តបន្ទាប់ទៀត។

សម្រាប់បច្ចុប្បន្ន អជ្ញាធរមិនទាន់បញ្ចេញឈ្មោះហាងឱ្យចំនៅក្នុងផ្សារទំនើបនោះ ដែលមានបុគ្គលិកមានវិជ្ជមានកូវីដនេះនៅឡើយទេ ដោយអជ្ញាធរកំពុងព្យាយាមទាក់ទងបន្តជាមួយអ្នកដែលរកឃើញវិជ្ជមានឥឡូវនេះសិន ដើម្បីស៊ើបប្រភពអ្នកដែលអាចមានហានិភ័យខ្លាំងសិន។ ក្នុងករណីដែលនៅពេលខាងមុខដ៏ខ្លីនេះ មានតម្រូវការបញ្ចេញឈ្មោះហាង ដើម្បីអាចឱ្យអ្នកដែលបានចូលហាងនោះផ្ទាល់ដឹងខ្លួនកាន់តែច្បាស់នោះ អជ្ញាធរនឹងសម្រេចបញ្ចេញឱ្យដឹងភ្លាម។

ជាមួយនឹងការបន្តផ្ទុះឆ្លងក្នុងក្រុងផ្ទាល់នេះ អជ្ញាធរមូលដ្ឋានក៏បារម្ភផងដែរចំពោះរដូវកាលវិស្សមកាលនេះដែលមានអ្នកទេសចរណ៍មកពីគ្រប់ទិសទី សំដៅដើរកំសាន្ត ហើយក្រុងប៊ូសានក៏ជាទីតាំងទេសចរណ៍មួយពេញនិយមខ្លាំងជាងគេផងដែរ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុងប៊ូសានមានករណីឆ្លងក្បែរៗដល់១០០ករណីសឹងជាប្រចាំដែរ ហើយកាលពីថ្ងៃសុក្រម្សិលមិញ ប៊ូសានមានករណីឆ្លងកូវីដដល់ទៅ ៧៥ករណីផងដែរ។ បច្ចុប្បន្នក្រុងប៊ូសាននេះមានករណីឆ្លងសរុបដល់ទៅ ៧៨១០ករណីត្រឹមថ្ងៃសុក្រទី៣០ កក្កដា ២០២១នេះ។

ភ្ញៀវទេសចរណ៍នៅព្រលានគីមផូ ត្រៀមហោះទៅកាន់ទីតាំងទេសចរណ៍នានាក្នុងស្រុកកូរ៉េ

 

Leave a Reply

Your email address will not be published. Required fields are marked *