ត្រឹម៦ខែចុងក្រោយ កើនលុយពាន់លានដុល្លារ! តោះមកស្គាល់កំពូលមហាសេដ្ឋី មានលុយច្រើនដាច់គេនៅកូរ៉េខាងត្បូង សំខាន់ជាកូនអ្នកលក់សាច់ធម្មតាសោះ!

កូរ៉េខាងត្បូង៖ នៅពេលដែលនិយាយពីប្រទេសកូរ៉េខាងត្បូង យើងតែងនឹងឃើញឈ្មោះក្រុមហ៊ុនធំៗ ឈ្មោះល្បីៗជុំវិញពិភពលោកជាច្រើនដូចជា Samsung, LG, Hyundai និងក្រុមហ៊ុនល្បីៗជាច្រើនទៀត ហើយជាមួយនឹងអាជីវកម្មដ៏ធំសម្បើមរបស់ក្រុមហ៊ុនទាំងនោះ យើងអាចនឹងគិតដោយងាយៗថាប្រហែលជាម្ចាស់ក្រុមហ៊ុនធំៗទាំងនោះហើយ ជាកំពូលសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង តែតាមពិតជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នោះគឺស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Kakao ​ឯណេះវិញទេ។

បើតាមអត្ថបទពិសេសចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីថ្ងៃទី៣០ ខែកក្កដានេះ បានឱ្យដឹងថាកំពូលសេដ្ឋីដែលមានលុយដាច់គេប្រចាំប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្នគឺស្ថាបនិកក្រុមហ៊ុន Kakao លោក គីម ប៊ុមស៊ូ (Kim Beom-su) ដែលមានវ័យ៥៥ឆ្នាំ ហើយបើតាមការវាស់ស្ទង់ដោយសារព័ត៌មាន Bloomberg Billionaires Index មានទ្រព្យសម្បត្តិសរុបដល់ទៅ ១៣.៤ពាន់លានដុល្លារ (ប្រមាណជាង ១៥.៤ទ្រីលានវ៉ុន) ឯណោះ ហើយតាមពីក្រោយដោយអនុប្រធានក្រុមហ៊ុន Samsung Electronics លោក លី ជេយ៉ុង (Lee Jae-yong) ដែលមានទ្រព្យសុរប ១២.១ពាន់លានដុល្លារ។

បើតាមអត្ថបទនេះ បានឱ្យដឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលេខ១នៅកូរ៉េរូបនេះ បានកើនឡើងដល់ទៅជាង៦ពាន់លានដុល្លារត្រឹមតែដើមឆ្នាំនេះមកប៉ុណ្ណោះ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Kakao កើនឡើងខ្លាំងដល់ទៅ៩១% ពីដើមខែមករាឆ្នាំនេះមក។ ភាគហ៊ុនរបស់ក្រុមហ៊ុន Kakao កើនឡើងខ្លាំងក៏ដោយសារតែក្រុមហ៊ុននេះ បានបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនធំៗជាច្រើន ឱ្យមានវត្តមានក្នុងទីផ្សារភាគហ៊ុនដូចជាធនាគារកម្ចីប្រាក់តាមអ៊ីនធើណែតរបស់ Kakao ដែលនឹងមានវត្តមានក្នុងផ្សារហ៊ុនពីខែក្រោយនេះទៅ។

បើគេនិយាយពីក្រុមហ៊ុន Kakao នៅក្នុងស្រុកកូរ៉េនរណាក៏ធ្លាប់ស្គាល់ និងធ្លាប់លឺ ហើយសឹងតែធ្លាប់ប្រើប្រាស់គ្រប់ៗគ្នាផងដែរ យ៉ាងហោចណាស់ក៏មានសេវាកម្មណាមួយរបសក្រុមហ៊ុននេះផងដែរ។ លោក គីម បានចាប់ផ្តើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីនេះជាទំរង់ប្រព័ន្ធកម្មវិធីឆាតទំនាក់ទំនងកាលពីឆ្នាំ២០១០ ដែលមកដល់ពេលនេះទើបមានអាយុ១០ឆ្នាំប៉ុណ្ណោះ។ បើគិតពីអាយុវិញធៀបទៅនឹងមនុស្សវិញគឺក្មេងខ្ចីមែនទែន តែសម្រាប់ក្រុមហ៊ុន Kakao វិញដើរទៅមុខយ៉ាងជោគជ័យបំផុត ហើយបានឈានជើងចូលទៅក្នុងវិស័យនានាជាច្រើនទៀតក្នុងប្រទេសកូរ៉េ ដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតជាគោល មានដូចជាវិស័យហិរញ្ញវត្ថុតាមទូរស័ព្ទ វិស័យកំសាន្ត វិស័យខ្សែកាប​ជាដើម។

បើគិតពីទំហំក្រុមហ៊ុន Kakao ក្នុងផ្សារភាគហ៊ុនកូរ៉េខាងត្បូងវិញ គឺជាក្រុមហ៊ុនដែលមានទំហំភាគហ៊ុនធំជាងគេលំដាប់លេខ៤ទូទាំងប្រទេស គឺភាគហ៊ុនសរុបដល់ទៅ ៦៦.២៣ទ្រីលានវ៉ុន (ប្រមាណជាង ៥៧​.៦៦ពាន់លានដុល្លារ) ដោយនៅក្រោយតែក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន SK hynix និងក្រុមហ៊ុន Naver ប៉ុណ្ណោះ។

អ្វីដែលកាន់តែអស្ចារ្យ និងគួរឱ្យកើតសរសើរយកជាគម្រូនោះគឺ លោក គីម ចាប់ផ្តើមឡើងជាសហគ្រិនករធម្មតា មានប្រវត្តិចេញពីគ្រួសារធម្មតា ដែលឪពុកធ្លាប់ជាអ្នកលក់សាច់ធម្មតាសាមញ្ញទូទៅប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *