ចែករំលែក! អជ្ញាធរកូរ៉េ ចេញផែនការលម្អិតកម្មវិធីចាក់វ៉ាក់សាំងសម្រាប់អាយុ១៨ ដល់៤៩ឆ្នាំ !! នីតិវិធីចុះឈ្មោះចាក់វ៉ាក់សាំងមានការផ្លាស់ប្តូរពិសេស ហើយក៏មានសម្រាប់បរទេសរស់នៅខុសច្បាប់ដែរ

កូរ៉េខាងត្បូង៖ កម្មវិធីចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ប្រជាជនអាយុពី១៨ ដល់៤៩ឆ្នាំ នឹងត្រូវចាប់ផ្តើមដំណើរការពីថ្ងៃទី២៦ ខែសីហាក្រោយនេះហើយ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំនៃអជ្ញាធរសុខាភិបាលកូរ៉េ ទទួលបន្ទុកលើកិច្ចការវ៉ាក់សាំង តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។

បើតាមការបញ្ជាក់លម្អិតដោយប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េ ដែលជាអជ្ញាធរជំនាញទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅមុននេះបន្តិច បានឱ្យដឹងថាការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាយុពី១៨ ដល់៤៩ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី២៦សីហា ហើយបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា រីឯដំណើរការបើកចុះឈ្មោះមុនសម្រាប់ត្រៀមចាក់វ៉ាក់សាំងកូវីដ ចំពោះក្រុមអាយុ១៨ដល់៤៩ឆ្នាំនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៩ សីហាខាងមុខ ដែលនឹងមានរយៈពេល១០ថ្ងៃ សម្រាប់អាចចុះឈ្មោះបាន។ ប្រជាជនរំពឹងថានឹងអាចទទួលវ៉ាក់សាំងមានដល់ទៅជាង១៧.៧លាននាក់ទូទាំងប្រទេសកូរ៉េ។ ដូចនេះអ្នកដែលមានសិទ្ធចាក់វ៉ាក់សាំងក្នុងក្រុមអាយុនេះ គឺត្រូវមានថ្ងៃខែកំណើតចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២ ដល់ថ្ងៃទី៣១ ធ្នូ ២០០៣ ដែលពួកគេនឹងត្រូវទទួលវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង Pfizer ឬ Moderna ដែលជាវ៉ាក់សាំងត្រូវការចាក់ចំនួន២ដូសដូចគ្នា។

អជ្ញាធរក៏បានបញ្ជាក់ពីនីតិវិធីនៃការចុះឈ្មោះថ្មី ដែលគេនឹងគ្រោងដាក់ឱ្យដំណើរការដើម្បីចៀសវាងបញ្ហាកកស្ទះ ឬគាំងដោយសារតែមានមនុស្សចូលទៅចុះឈ្មោះអនឡាញច្រើនលើសលប់ពេក។ តាមប្រព័ន្ធនីតិវិធីចុះឈ្មោះថ្មីនេះ គេបានចែកថ្ងៃច្បាស់លាស់សម្រាប់ប្រជាជនអាចធ្វើការចុះឈ្មោះកក់សម្រាប់ចាក់វ៉ាក់សាំងទុកមុនបាន ដោយអនុញ្ញាតឱ្យធ្វើការចុះឈ្មោះបានតែចំពោះថ្ងៃណាដែលមានកន្ទុយលេខ ដូចទៅនឹងកន្ទុយលេខនៃថ្ងៃកំណើតរបស់អ្នកចុះឈ្មោះប៉ុណ្ណោះ។ ដោយសារគេបើកឱ្យចុះឈ្មោះពីថ្ងៃទី ៩ សីហាទៅមានរយៈពេល១០ថ្ងៃ ដូចនេះជាឧទាហរណ៍ អ្នកដែលកើតថ្ងៃទី១០ អាចធ្វើការចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងបានតែនៅថ្ងៃទី១០ ប៉ុណ្ណោះដោយសារកន្ទុយលេខ០ នៃថ្ងៃកំណើត ដូចទៅនឹងកន្ទុយលេខ០ នៃថ្ងៃចុះឈ្មោះដែរ។

ក្នុងនោះដែរ អជ្ញាធរក៏បានកំណត់ជនអាទិភាពចំនួន២លាននាក់ផងដែរ ដែលនឹងផ្តល់សិទ្ធដល់អជ្ញាធរមូលដ្ឋានជាអ្នកកំណត់ ដែលអាចទទួលអាទិភាពចាក់វ៉ាក់សាំងបានមុនអ្នកដទៃគឺអាចទទួលវ៉ាក់សាំងពីថ្ងៃទី១៧ សីហាទៅមុន ហើយដំណើរការចុះឈ្មោះកក់សម្រាប់ទទួលវ៉ាក់សាំងក៏អាចដំណើរការបានមុនគេផងដែរ។ លើសពីនោះទៀត អជ្ញាធរក៏បានរៀបចំផែនការលម្អិតអំពីនីតិវិធីពិសេសចាក់វ៉ាក់សាំង សម្រាប់ក្រុមមនុស្សមួយចំនួនដូចជាអ្នកមានបញ្ហាសតិអារម្មណ៍ អ្នកជំងឺ និងជនបរទេសដែលមិនបានចុះឈ្មោះត្រឹមត្រូវតាមច្បាប់ផងដែរ។

បើតាមការព្យាករណ៍របស់អជ្ញាធរសុខាភិបាល យ៉ាងហោចណាស់មនុស្ស៣៦លាននាក់ ឬប្រមាណ៧០% នៃប្រជាជនក្នុងប្រទេសសរុបនឹងទទួលបានវ៉ាក់សាំងចាក់យ៉ាងហោចណាស់មួយដូសត្រឹមចុងត្រីមាសទី៣ គឺចុងខែកញ្ញានេះ។ ក្នុងនោះដែរ អជ្ញាធរក៏កំពុងគ្រោងពិនិត្យលទ្ធភាពចាក់វ៉ាក់សាំងដូសបន្ថែម សម្រាប់ក្រុមមនុស្សដែលរងហានិភ័យខ្ពស់ ដើម្បីអាចបង្កើនអង់ទីករ ប្រព័ន្ធការពារប្រឆាំងមេរោគជូនពួកគេផងដែរ អាចពីត្រីមាសទី៤ទៅ។

Leave a Reply

Your email address will not be published. Required fields are marked *