កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់វីដេអូ និងរូបភាពលួចបង្កប់ថតដោយសម្ងាត់ និងខុសច្បាប់ពីក្នុងបន្ទប់ទឹកសិស្សនារី និងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់បុគ្គលិក និងគ្រូបង្រៀនដល់រាប់រយសន្លឹក និងវីដេអូនៅសាលារៀនចំនួន២ នៅក្នុងក្រុងសេអ៊ូលត្រូវបានសមត្ថកិច្ចប៉ូលិសនៅយ៉ុងសាន សេអ៊ូល រកឃើញដែលឈានដល់ការឃាត់ខ្លួនគ្រូបង្រៀនប្រុសជនជាតិកូរ៉េខាងត្បូងភ្លាមៗ នេះបើតាមការចុះផ្សាយនៅព្រឹកថ្ងៃសុក្រនេះតែម្តង។
ចុះផ្សាយក្នុងសារព័ត៌មាន Naver News ភាសាកូរ៉េបានឱ្យដឹងថា គ្រូបង្រៀនជាជនជាតិកូរ៉េម្នាក់ អាយុជាង៣០ឆ្នាំ ដែលគេឱ្យស្គាល់ឈ្មោះថា A ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទលួចបង្កប់កាំមេរ៉ាដោយសម្ងាត់នៅនឹងអន្តេវាសិកដ្ឋានរបស់សិស្សនារី និងបន្ទប់ទឹកបុគ្គលិកស្រ្តី នៃសាលារៀនចំនួន២នៅក្នុងក្រុងសេអ៊ូល ដែលគ្រូជាជនជាប់ចោទនោះធ្វើការ។ បើតាមការរៀបរាប់ពីសមត្ថកិច្ច គ្រូបង្រៀនដែលត្រូវចោទប្រកាន់នេះ រងនូវបទចោទប្រកាន់ជាច្រើនករណី ដូចជាការផលិតរូបភាព និងវីដេអូកេងប្រវ័ណ្ឌផ្លូវភេទលើកុមារ និងមនុស្សពេញវ័យ ការលួចបង្កប់កាំមេរ៉ា និងសកម្មភាពខុសច្បាប់ដទៃទៀត។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយពីបានចុះទៅឆែកឆេរដល់ផ្ទះរបស់ជនជាប់ចោទ និងពិនិត្យមើលភស្តុតាងនានាក្នុងទូរស័ព្ទរបស់ជនជាប់ចោទ គេរកឃើញរូបភាព និងវីដេអូដែលត្រូវបានលួចថតចេញពីអន្តេវាសិកដ្ឋានរបស់សិស្សនារី និងបន្ទប់ទឹកបុគ្គលិកស្រ្តី ដូចបានបញ្ជាក់ខាងលើដល់ទៅ ៦៦៩ រូបភាពនិងវីដេអូឯណោះ។ បើគិតពីចំនួនជនរងគ្រោះក្នុងករណីបំពាននេះ គឺមានដល់ទៅ១១៦នាក់។ បើតាមស្រាវជ្រាវបន្ត គេក៏បានដឹងទៀតថាគ្រូបង្រៀនជាជនជាប់ចោទនេះ លួចថតនិងបានរក្សាទុករូបថតនិងវីដេអូទាំងអស់នោះ តែមិនបានធ្វើការចែកចាយបន្តនោះទេ។
ករណីដ៏ស្មោគគ្រោកនេះត្រូវបានចាប់ផ្តើមបែកធ្លាយដឹងដល់សមត្ថកិច្ចកាលពីខែមេសាកន្លងទៅនេះ ដោយគេរកឃើញកាំមេរ៉ាបង្កប់នៅក្នុងបន្ទប់ទឹក ហើយកន្លងមកក្នុងការស៊ើបអង្កេតរបស់ប៉ូលីស ជនជាប់ចោទនេះមិនទាន់ត្រូវបានឃាត់ខ្លួននោះទេ ហើយបើតាមការបញ្ជាក់ សមត្ថកិច្ចគ្រោងនឹងបញ្ជូនសំណុំរឿងនេះដល់រដ្ឋអជ្ញាក្នុងសប្តាហ៍ក្រោយនេះហើយ ដើម្បីបន្តនីតិវិធីតុលាការ។
ក្នុងបញ្ហានេះដែរ ការិយាល័យអប់រំនៅក្រុងសេអ៊ូលបានថ្លែងថា មិនគិតពីនីតិវិធីតុលាការ អជ្ញាធរអប់រំនឹងដាក់ចេញនូវវិធានការរដ្ឋបាលកម្រិតខ្ពស់បំផុតដាក់ទោសទៅលើជនដែលប្រព្រឹត្តទោសមួយនេះ ហើយការិយាល័យអប់រំបានបញ្ជាក់ថានឹងរៀបចំផែនការផ្តល់ប្រាក់ឧបត្ថម្ភទៅតាមសាលារៀនទាំងអស់ ដើម្បីអាចបំពាក់ឧបករណ៍សុវត្ថិភាពសម្រាប់ចាប់កាំមេរ៉ាដែលលួចដាក់បង្កប់នៅតាមទីធ្លាក្នុងសាលារៀន ដើម្បីអាចបង្ការនូវបញ្ហាបែបនេះមិនឱ្យអាចកើតមានឡើងជាថ្មីម្តងទៀត។
ក្នុងនោះដែរ សិស្សជាង១០០នាក់ដែលជាជនរងគ្រោះក្នុងករណីនេះ នឹងមានអ្នកប្រឹក្សាផ្លូវចិត្តដើម្បីមកជួយប្រឹក្សាផ្លូវចិត្តកុំឱ្យពួកគេមានបញ្ហាសម្ពាធផ្លូវចិត្តភ្លាមៗនេះ និងទៅពេលអនាគតផងដែរ ហើយក៏នឹងអាចមានការព្យាបាលផ្លូវចិត្តផងដែរ ក្នុងករណីចាំបាច់។ លើសពីនោះទៀត ការប្រឹក្សាទិដ្ឋភាពច្បាប់ក៏នឹងអាចផ្តល់ជូនផងដែរ ប្រសិនបើសិស្សទាំងអស់នោះចង់ធ្វើការប្តឹងផ្តល់ផ្លូវច្បាប់ជាលក្ខណៈបុគ្គលទៅលើជនជាប់ចោទបន្ថែមទៀតនោះ។
