ប្រយ័ត្នសុខភាពមែនទែន! ឆ្នាំនេះនៅកូរ៉េអាកាសធាតុក្តៅអាក្រក់ណាស់ ហួសពីឆ្នាំមុនៗគួរឱ្យបារម្ភ នាំឱ្យមានអ្នកធ្លាក់ខ្លួនឈឺកើនទ្វេដង ហើយអ្នកស្លាប់ដល់ទៅ …

កូរ៉េខាងត្បូង៖ ត្រឹមប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលកូរ៉េខាងត្បូងមានការប្រកាសឱ្យប្រុងប្រយ័ត្នពីរលកកម្តៅខ្លាំងសឹងទូទាំងប្រទេស មានការរាយការណ៍ករណីបាត់បង់ជីវិតកើនឡើងគួរឱ្យបារម្ភ ដែលគេសន្និដ្ឋានបានថាអាចបណ្តាលមកពីឥទ្ធិពលនៃរលកកម្តៅក្តៅខ្លាំងនេះ បើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គិតចាប់តាំងពីថ្ងៃទី២០ ខែឧសភា ២០២១នេះមកដល់ពេលនេះ គឺប្រមាណជាង២ខែ អជ្ញាធរសុខាភិបាលទទួលបានការរាយការណ៍ករណីប្រជាជនធ្លាក់ខ្លួនឈឺដោយអាការៈផ្សេងៗ បណ្តាលមកពីឥទ្ធិពលនៃរលកកម្តៅខ្លាំងនៃរដូវក្តៅនៅកូរ៉េខាងត្បូងនេះ ដល់ទៅ៨៦៩ករណីហើយ ដែលអ្វីជាការបារម្ភខ្លាំងនោះគឺតួលេខនេះកើនឡើងហួសពីគុណនឹងពីរទៅទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅដែលមានត្រឹមតែ៣៥៦ករណី សម្រាប់រយៈពេលដូចគ្នាបើតាមតួលេខផ្សព្វផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

បើគិតពីតួលេខនៃករណីបាត់បង់ជីវិតបណ្តាលពីមូលហេតុផ្សេងៗក្រោមឥទ្ធិពលនៃរលកកម្តៅវិញ ឆ្នាំនេះក៏ខ្លាំងលើសពីតួលេខនៃឆ្នាំកន្លងៗទៅផងដែរ។ គិតត្រឹមថ្ងៃពុធនេះ តួលេខនៃករណីបាត់បង់ជីវិតដែលអាចបណ្តាលពីរលកកម្តៅខ្លាំងនេះ កើនដល់ទៅ១២នាក់ហើយ រាប់ទាំង៤ករណីចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍នេះមក បើប្រៀបទៅនឹងករណីបាត់បង់ជីវិតដោយសាររលកកម្តៅដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានត្រឹម១១នាក់ និងកាលពីឆ្នាំ២០២០ដែលមានត្រឹម៩នាក់ប៉ុណ្ណោះ។

សម្រាប់ឆ្នាំនេះ អាកាសធាតុក្តៅខ្លាំងនៅកូរ៉េខាងត្បូងបានគ្របដណ្តប់មកលើប្រទេសទាំងមូលចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។ បើតាមការពិនិត្យរបស់អជ្ញាធរ ចំនួនថ្ងៃដែលមានអាកាសធាតុក្តៅខ្លាំង សំដៅដល់ថ្ងៃដែលមានអាកាសធាតុក្តៅលើសពី៣៣អង្សារសេ សម្រាប់តំបន់សេអ៊ូលឆ្នាំនេះអាចនឹងកើនឡើងខ្លាំង លើសពីកម្រិតតួលេខជាមធ្យមសម្រាប់ឆ្នាំកន្លងទៅៗ។ បើគិតក្នុងឆ្នាំ២០២១នេះ ត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមក ចំនួនថ្ងៃដែលក្តៅខ្លាំងដល់លើស ៣៣អង្សារសេនៅក្នុងក្រុងសេអ៊ូលមានដល់ទៅ៩ថ្ងៃទៅហើយ ដែលលើសពីតួលេខមធ្យមដែលគិតចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០កន្លងទៅនេះទៅហើយ។

Leave a Reply

Your email address will not be published.