កូរ៉េខាងត្បូង៖ វីដេអូកាំមេរ៉ាសុវត្ថិភាពមួយត្រូវបានគេចែករំលែកព្រោងព្រាតពេញប្រព័ន្ធសង្គមនៅស្រុកកូរ៉េ ទិដ្ឋភាពបុរសម្នាក់នៅក្នុងហាងមួយទំនងជានៅកូរ៉េ លាងជើងខ្លួនឯងនៅក្នុងធុងលាងបន្លែ ជាមួយនឹងបន្លែត្រាំនៅក្នុងទឹកនោះតែម្តង ដែលនោះបានបង្កឱ្យមានផ្ទុះការរិះគន់យ៉ាងខ្លាំងពីសាធារណជនកូរ៉េ។
ចុះផ្សាយបន្តក្នុងសារព័ត៌មាន Naver News បានឱ្យដឹងពីវីដេអូមួយដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមកូរ៉េ ចេញពីខាងក្រោយហាងមួយទំនងជានៅប្រទេសកូរ៉េខាងត្បូង ដែលបុគ្គលិកបានយកជើងរបស់ខ្លួន ទៅដាក់ត្រាំក្នុងទឹកធុងដែលលាងបន្លែ ហើយបានយកច្រាស់ទៅដុសជើងនៅក្នុងធុងនោះតែម្តង ទាំងដែលបន្លែទាំងអស់កំពុងត្រាំជាមួយគ្នាក្នុងធុងនោះដែរ។
ក្រោយពីវីដេអូនេះបានចែកចាយភ្លាម មានអ្នកចូលទៅបញ្ចេញមតិរិះគន់យ៉ាងខ្លាំង អ្នកខ្លះថាមិនគួរណាបុរសក្នុងវីដេអូខាងលើហ៊ានធ្វើដូចនេះ ដែលពិតជាគួរឱ្យខ្ពើម និងខ្វះអនាម័យយ៉ាងខ្លាំង។ អ្នកខ្លះទៀតបានព្យាយាមពិនិត្យមើលវីដេអូនោះ ដើម្បីអាចបញ្ជាក់បានថាតើជាវីដេអូពីប្រទេសកូរ៉េផ្ទាល់ ឬយ៉ាងណា ដោយអ្នកខ្លះបញ្ចេញមតិថាករណីបែបនេះសមតែកើតឡើងពីប្រទេសចិនសោះ តែបើតាមការពិនិត្យគឺហាក់ដូចជានៅកូរ៉េខាងត្បូងក្នុងស្រុកខ្លួនឯងទៅវិញ ដែលពិតជាគួរឱ្យហួសចិត្តយ៉ាងខ្លាំង។ កាន់តែហួសចិត្តទៀតនោះ ក្នុងពេលដែលបុរសនោះយកជើងទៅលាងក្នុងធុងបន្លែ គឺមានបុគ្គលិកដទៃទៀតកំពុងឈរនៅមើលជាមួយគ្នានោះទៀត។
ចំណែកឯក្រសួងសុវត្ថិភាពម្ហូប និងចំណីអាហារកូរ៉េវិញ ចំពោះករណីដ៏ក្តៅគគុកមួយនេះ បានប្រកាសនៅថ្ងៃពុធនេះតែម្តង ថាក្រោយពីបានស៊ើបអង្កេតរួចហើយ គេអាចសន្និដ្ឋានបានថាវីដេអូនេះត្រូវបានថតកាលពីថ្ងៃទី ២៣ កក្កដា ២០២១កន្លងមក ដោយគេរកឃើញប្រភពបង្ហោះដំបូងចេញពីបណ្តាញប្រព័ន្ធទីកតុក TikTok ដ៏ពេញនិយម។ ក្នុងវីដេអូដើមនោះ គេឃើញសកម្មភាពបុរសម្នាក់ជាអ្នកលាងបន្លែ បានយកជើងទៅដាក់ចូលក្នុងធុងដែលកំពុងប្រើលាងបន្លែ ហើយថែមទាំងបានយកច្រាស់ទៅដុសជើងក្នុងនោះទៀតផង។ ក្រសួងជំនាញនេះបានបញ្ជាក់ថា វីដេអូនេះទំនងជាវីដេអូចេញពីហាងណាមួយក្នុងប្រទេសកូរ៉េខាងត្បូង ដោយគេពិនិត្យឃើញអក្សរកូរ៉េ និងផ្លាកលេខឡានប្រើនៅក្នុងប្រទេសកូរ់េខាងត្បូងតែម្តង។
បើពិនិត្យទៅតាមផ្លាកលេខរថយន្តដែលគេមើលឃើញក្នុងវីដេអូ គេអាចសន្និដ្ឋានកាលពីថ្ងៃទី២៦ កក្កដាពីទីតាំងគឺនៅនឹងហាងមួយកន្លែងនៅ 방배동 ក្រុងសេអ៊ូលតែម្តង តែនៅពេលចុះទៅពិនិត្យនឹងទីតាំងជាក់ស្តែងដែលអជ្ញាធរកំណត់ គេរកឃើញទិដ្ឋភាពនៅនឹងទីតាំងផ្ទាល់ មានភាពខុសប្លែកពីវីដេអូ តែចំពោះករណីនេះក្រសួងជំនាញកំពុងបន្តសហការគ្នា ពិនិត្យស៊ើបអង្កេតឱ្យបានច្បាស់លាស់មែនទែន ដោយសារមតិសាធារណជនផ្ទុះការរិះគន់យ៉ាងខ្លាំងមែនទែន។ ក្រោយមកទៀត នៅថ្ងៃទី២៧ កក្កដា ក្រោយពីមានការស៊ើបអង្កេតបន្តបន្ទាប់ទៅលើភិនភាគរថយន្ត ព័ត៌មាន និងទីតាំងនានាតាមបច្ចេកទេសសមត្ថកិច្ច គេកំណត់បានទីតាំងជាក់ស្តែងគឺនៅនឹងម្តុំ 방배동 នោះដដែល នៅនឹងហាងមួយឈ្មោះថា ‘방배동 족발집’។ ក្រោយពីការស៊ើបអង្កេតបកទៅក្រោយវិញ គេឃើញមានភស្តុតាងរកឃើញថា ម្ហូបនៅហាងមួយនេះធ្លាប់មានលាយសាច់កណ្តុរនៅក្នុងម្ហូបរបស់ខ្លួនទៀតផង ជាមួយនឹងភស្តុតាងបង្ហាញពីការល្មើសទៅវិធានអនាម័យម្ហូបអាហារជាច្រើនទៀតផងដែរ។

ក្រោយពីបានស៊ើបដឹងហើយ គេបានរកឃើញថាបុគ្គលិកដែលបានប្រព្រឹត្តសកម្មភាពគួរឱ្យស្មោគគ្រោកនេះ ក្រោយពីវីដេអូបានផ្ទុះពេញបណ្តាញសង្គមភ្លាម បានលាឈប់ភ្លាមតាំងពីថ្ងៃទី២៥ កក្កដានេះមក។ ក្រសួងជំនាញបានបញ្ជាក់ថា ករណីនេះក្រសួងបានស្នើដល់អជ្ញាធរមូលដ្ឋានពិចារណាលើការផ្អាកដំណើរការអាជីវកម្មហាងដែលល្មើស និងប្រព្រឹត្តសកម្មភាពមិនគួរឱ្យជឿនេះរយៈពេល ១ខែ ៧ថ្ងៃដើម្បីជាការព្រមានផងដែរ។
សូមបញ្ជាក់ថា ក្រសួងជំនាញមានមន្ត្រីជំនាញសំខាន់៣រូប ទទួលបន្ទុកលើការពិនិត្យគុណភាពចំណីអាហារ និងព័ត៌មានផ្សេងៗដែលជាហានិភ័យដល់វិស័យចំណីអាហារនៅកូរ៉េ ដែលគ្រប់គ្រងនិងពិនិត្យផ្ទាល់លើហាងនានានៅកូរ៉េជាង ១លានហាងឯណោះ។ ហើយករណីនេះគឺជាបន្ទុកចម្បងដែលក្រសួងជំនាញត្រូវពិនិត្យ និងមានវិធានការឆ្លើយតបជាបន្ទាន់ភ្លាមៗ។