កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងមា្នក់បានយកកាំបិតទៅចាក់ពេទ្យសត្វនៅនឹងមន្ទីរពេទ្យ ហើយមួយសន្ទុះក្រោយមក នៅមិនអស់ចិត្តក៏មកម្តងទៀតវាយសំពងលើប្រធានមន្ទីរពេទ្យនោះថែមទៀត ដោយសារតែក្តៅក្រហាយពេទ្យសត្វខាងលើ ធ្វើឱ្យសត្វចិញ្ចឹមរបស់ខ្លួនបាត់បង់ជីវិត ជាករណីគួរឱ្យហួសចិត្តដែលបានចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃនេះ។
ករណីនេះត្រូវបានកើតឡើងនៅនឹងក្រុងសេអ៊ូល ដោយប៉ុស្តិ៍ប៉ូលិសនៅសង្កាត់យ៉ាងឈុន ក្រុងសេអ៊ូលបានបញ្ជាក់នៅថ្ងៃពុធនេះថា សមត្ថកិច្ចប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ និងជាពិសេសលើជនដៃដល់ដែលសង្ស័យថាបានបង្កជាករណីរបួសស្នាមដល់អ្នកដទៃ។ បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើត្រូវបានគេស្គាល់ថាមានអាយុជាង៥០ឆ្នាំ បានបង្កជារបួសដល់អ្នកដទៃ ដោយបានស្ទុះទៅយកកាំបិតវះកាត់នៅនឹងពេទ្យសត្វ ទៅចាក់លើគ្រូពេទ្យសត្វចំដៃ បង្កឱ្យរបួសនៅទីនោះតែម្តង ដែលករណីនេះកើតឡើងនៅមន្ទីរពេទ្យសត្វមួយកន្លែងនៅនឹងសង្កាត់យ៉ាងឈុន ក្រុងសេអ៊ូលប្រមាណម៉ោង៥:៣០ល្ងាច ថ្ងៃអង្គារម្សិលមិញនេះ។ បុរសខាងលើធ្វើរឿងនេះ ក៏ដោយសារតែខឹង ក្តៅក្រហាយដែលពេទ្យសត្វបានធ្វើឱ្យសត្វឆ្កែររបស់ខ្លួនងាប់ក្នុងពេលវះកាត់ ដោយគ្រាន់តែគាត់យកមកក្រៀវនៅនឹងពេទ្យសត្វនោះសោះ។
ក្រោយពីបានខឹងសម្បារ និងបានយកកាំបិតវះទៅចាក់ចំដៃពេទ្យសត្វរួចហើយ បុរសនោះបានដើរចេញទៅបាត់ស្រមោល ហើយស្រាប់តែជាង៣០នាទីក្រោយមក បុរសរូបនេះដដែលបានមកកាន់ពេទ្យសត្វនោះជាថ្មី ដែលលើកនេះគាត់មកដល់ក្នុងអាការៈស្រវឹងផង ហើយស្រាប់តែបានយកស្រាសូជូទៅវាយលើប្រធានមន្ទីរពេទ្យនោះតែម្តង ដែលបង្កជាការភ្ញាក់ផ្អើលខ្លាំងជាថ្មីទៀត។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចដែរ ជនរងគ្រោះទាំងគ្រូពេទ្យ និងប្រធានមន្ទីរពេទ្យមិនមានរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែរងរបួសដៃ និងក្បាលបន្តិចបន្តួចប៉ុណ្ណោះ។ តែយ៉ាងណាមិញ មកដល់ថ្ងៃនេះ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ចំពោះករណីនេះដែរសមត្ថកិច្ចកំពុងពិនិត្យលើស្ថានភាពនៃហេតុការណ៍ ហើយនិងពិចារណាថាតើនឹងត្រូវចេញដីកាចាប់ខ្លួន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ឬយ៉ាងណាដែរ។