ទំនើបណាស់ស្រុកកូរ៉េ! ពីឆ្នាំក្រោយទៅ ប្រជាជនកូរ៉េទូទៅអាចផ្ទៀងផ្ទាត់ព័ត៌មានអត្តសញ្ញាណប័ណ្ណតាមទូរស័ព្ទទាំងស្រុង មិនបាច់កាន់កាតអាយឌី តាមខ្លួននោះទេ

កូរ៉េខាងត្បូង៖ ចាប់ពីឆ្នាំក្រោយទៅ ប្រជាជនកូរ៉េខាងត្បូងដែលមានអត្តសញ្ញាណប័ណ្ណអាចធ្វើការផ្ទៀងផ្ទាត់ និងប្រើប្រាស់បញ្ជាក់អត្តសញ្ញាណបានតាមប្រព័ន្ធទូរស័ព្ទដៃហើយ ដោយមិនចាំបាច់កាន់កាតអាយឌីជាប់នៅនឹងដៃទៀតនោះទេ ដោយសារតែកម្មវិធីទូរស័ព្ទថ្មីដែលរដ្ឋាភិបាលកូរ៉េគ្រោងនឹងបង្កើតឆាប់ៗនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គម្រោងការរៀបចំនូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ពិនិត្យមើល និងផ្ទៀងផ្ទាត់តាមប្រព័ន្ធបច្ចេកវិទ្យានេះរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ហើយបើតាមផែនការអាចនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ពីដើមឆ្នាំក្រោយនេះទៅ ដើម្បីអនុញ្ញាតឱ្យប្រជាជនអ្នកដែលមានសិទ្ធប្រើប្រាស់អត្តសញ្ញាណប័ណ្ណ អាចធ្វើការប្រើប្រាស់ និងផ្ទៀតផ្ទាត់អត្តសញ្ញាណបានដោយងាយតាមទូរស័ព្ទ Smartphone ដោយមិនចាំបាច់បង្ហាញកាតរឹងផ្ទាល់ដូចមុននោះទេ។

សម្រាប់សេវាកម្មថ្មីនេះ អ្នកដែលមិនចង់ប្រើប្រាស់កាតអត្តសញ្ញាណប័ណ្ណដាក់តាមខ្លួនដូចឥឡូវ អាចធ្វើការផ្ទៀតផ្ទាត់ភិនភាគអត្តសញ្ញាណបានដោយគ្រាន់តែបង្ហាញព័ត៌មានចាំបាច់ទាំងអស់ដែលមាននៅលើកាតអត្តសញ្ញាណប័ណ្ណ តាមរយៈកម្មវិធីទូរស័ព្ទទាំងស្រុងតែម្តង មានដូចជាឈ្មោះ លេខអត្តសញ្ញាណ អាសយដ្ឋាន និងស្ថាប័នអ្នកដែលបានចេញកាតឱ្យប្រើប្រាស់មានសុពលភាពជាដើម ដោយអ្នកប្រើប្រាស់គ្រាន់តែត្រូវធ្វើការភ្ជាប់ព័ត៌មានទៅនឹងកម្មវិធីទូរស័ព្ទដៃដែលគេបង្កើតថ្មីនេះ ហើយត្រូវឆ្លងកាត់ដំណើរការពិនិត្យសុវត្ថិភាព និងភិនភាគអ្នកប្រើប្រាស់ដែលមានប៉ុន្មានជំហានជាមុនសិនតាមរយៈកម្មវិធីផ្លូវការរបស់រដ្ឋាភិបាល Government 24 (www.gov.kr) ។

ក្នុងដំណើរការចុះឈ្មោះ និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ សម្រាប់ផ្ទៀងផ្ទាត់បញ្ជាក់អត្តសញ្ញាណទូទៅនេះ គឺមិនពាក់ព័ន្ធទៅនឹងកាតអត្តលេខមន្ត្រីរាជការ (mobile ID card) ដែលសព្វថ្ងៃមានប្រើប្រាស់តាមប្រព័ន្ធកម្មវិធីទូរស័ព្ទនេះដែរនោះឡើយ។ ក្រសួងជំនាញបានបញ្ជាក់ទៀតថា កម្មវិធីថ្មីនេះនឹងមានបង្កជាហានិភ័យលើការគ្រប់គ្រងទិន្នន័យឯកជនរបស់ប្រជាជននោះឡើយ ដោយសារយន្តការសន្តិសុខបច្ចេកវិទ្យាដែលគេប្រើប្រាស់គឺមានសុវត្ថិភាពខ្ពស់ក្នុងការការពារទិន្នន័យ (real-time encrypted) ហើយក្នុងនោះកម្មវិធី App សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានអត្តសញ្ញាណនេះ គឺភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធថ្នាក់ជាតិគ្រប់គ្រងទិន្នន័យអត្តសញ្ញាណតែម្តង។

បើតាមការបញ្ជាក់របស់ក្រសួងជំនាញ សេវាកម្មថ្មីតាមបច្ចេកវិទ្យានេះ គឺនឹងអាចមានប្រយោជន៍សម្រាប់ប្រជាជនទូទៅក្នុងករណីដែលត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្នុងការធ្វើឯកសាររផ្លូវការនានា ការឆែកអត្តសញ្ញាណនៅតាមហាងផឹកស៊ី ភោជនីយដ្ឋាន ហាងទំនិញ ជាពិសេសលើការពិនិត្យអាយុ ការពិនិត្យអត្តសញ្ញាណនៅនឹងព្រយានយន្តហោះ ឬតាមសេវាកម្មនាវាផ្សេងៗ ឬដំណើរការត្រួតពិនិត្យភិនភាគអត្តសញ្ញាណក្នុងការរៀបចំកុងត្រាឯកជនផ្សេងៗផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *