អាណិតណាស់! ពលករខ្មែរម្នាក់នៅអានសានមានបញ្ហាស្មារតី បង្កហឹង្សានិងចង់លោតពីលើផ្ទះផង ឥឡូវបានអនុព័ន្ធការងារ និងដៃគូជួយអន្តរាគមន៍ព្យាបាល ហើយរកជំនួយថ្លៃព្យាបាលជូនទៀត! បើជាឬយ៉ាងណាទៀត នឹង …

កូរ៉េខាងត្បូង៖ ករណីពលករខ្មែរយើងម្នាក់ម្រើការងារ នៅតំបន់អានសាន ប្រទេសកូរ៉េ ដែលកំពុងមានបញ្ហាស្មារតី ដែលកន្លងមកមានបំណងលោតពីលើផ្ទះ និងដើរវាយគេ បង្កជារបួសស្នាមផ្សេងៗ ពេលនេះត្រូវបានក្រុមអនុព័ន្ធការងារតំណាងនៃស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ សហការជាមួយមជ្ឈមណ្ឌលវប្បធម៌ខ្មែរ និងមជ្ឈមណ្ឌលគាំពារពលករអានសាន បានចេញមកធ្វើការសម្របសម្រួល និងអន្ដរាគមន៍ហើយកាលពីថ្ងៃ២៧ កក្កដា ម្សិលមិញនេះ បើតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោកអនុព័ន្ធការងារ។

ពលករខ្មែរយើងនៅក្នុងប្រទេសកូរ៉េ ដែលមានបញ្ហាស្មារតី និងកំពុងមានបញ្ហាផ្សេងៗនេះមានឈ្មោះថា ហុឹម សុណា កំពុងបម្រើការងារនៅតំបន់អានសាន។ បើតាមកការបញ្ជាក់របស់លោកអនុព័ន្ធការងារបានឱ្យដឹងថា ជាទូទៅក្រុមអនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តែងតែផ្ដល់ការសម្របសម្រួលព្យាបាលពលកររងគ្រោះ ហើយបន្ទាប់ពីបានធូរស្បើយឡើងវិញ ក្រុមការងារនឹងផ្ដល់ជម្រើសឱ្យពលករដែលមានបញ្ហាអាចជ្រើសរើសក្នុងការធ្វើការបន្ត និងអាចត្រលប់ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីមានការស្នើសុំពីសាមីខ្លួន និងគ្រួសារ។

ចំពោះករណីមួយនេះផ្ទាល់ ក្រុមអនុព័ន្ធការងារបានសម្របសម្រួល និងសម្រេចចិត្តស្នើសុំគ្រួសារពលករខាងលើ ឱ្យពលករដែលមានបញ្ហារូបនេះធ្វើការព្យាបាលនៅកូរ៉េមួយរយៈសិន ហើយក្រុមការងារបានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលគាំពារពលករតំបន់អានសាន ក្នុងការស្វែងរកមូលនិធិសាលាក្រុងអានសាន ដើម្បីជួយចេញថ្លៃព្យាបាលផ្សេងៗផងដែរ។

លើសពីនេះ លោកអនុព័ន្ធការងារបានបញ្ជាក់ផងដែរថា ក្រុមការងារនឹងនៅតែឆ្លៀតពេលទៅសួរសុខទុក្ខ និងជួយសម្របសម្រួលបន្ថែមទៀត ហើយនៅពេលពលករខាងលើបានធូរស្បើយ ក្រុមការងារនឹងអនុវត្តនីតិវិធីបន្តទៀត។

ជាចុងក្រោយ ក្រុមអនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៅកូរ៉េបានស្នើសុំបងប្អូនពលករ និងពលការិនីទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយសាររដូវកាលនេះគឺមានការឡើងកំដៅខ្លាំង ជាពិសេសបងប្អូនពលករ និងពលការិនីដែលអាចមាន និងងាយរងនូវបញ្ហាសម្ពាធផ្លូវចិត្ត ស្ត្រេស្ដ យ៉ាងងាយ ហើយក្នុងករណីដែលដឹងខ្លួនថាមានបញ្ហាសតិអារម្មណ៍ផ្សេងៗ គួរតែព្យាយាមស្វែងរកគ្រូពេទ្យ និងអ្នកជំនាញដើម្បីប្រឹក្សាយោបល់ ក៏ដូចជាទទួលយកការព្យាបាលនានាជាបន្ទាន់។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េទាំងអស់ មានសុខភាពល្អ ជៀសវាងពីបញ្ហាផ្សេងៗ

Leave a Reply

Your email address will not be published. Required fields are marked *