កូរ៉េខាងត្បូង៖ មូលនិធិ Woojung របស់ក្រុមហ៊ុន Booyoung Group នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរមួយចំនួនដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េសម្រាប់ទ្រទ្រង់ចំណាយក្នុងការសិក្សាឆមាសទី២ ឆ្នាំ២០២១ នេះបើតាមការសេចក្តីជូនដំណឹងចេញផ្សាយដោយស្ថានឯកអគ្គរាជទូតកម្ពុជានៅសេអ៊ូលនៅថ្ងៃពុធទី២៨ កក្កដា ២០២១នេះ។
តាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា កម្មវិធីអាហារូបករណ៍នេះដែលជាសមិទ្ធផលនៃកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយមូលនិធិអប់រំ និងវប្បធម៌ Woojung គឺផ្តល់ជូនសម្រាប់បណ្តានិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតបានរៀបរាប់លម្អិតអំពីលក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍របស់មូលនិធិ និងឯកសារស្នើសុំមានដូចខាងក្រោម៖
១-ជានិស្សិតដែលកំពុងស្វែងរកជំនួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ថ្លៃសិក្សា ឬថ្លៃស្នាក់នៅ។ ២-មិនមែនជានិស្សិតដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ៣-ជានិស្សិតដែលមានពិន្ទុចាប់ពី ៨០ពិន្ទុឡើង (សមាមាត្រនឹងនិទ្ទេស B ឡើង)។ ៤-ជានិស្សិតដែលមានអត្តចរិកស្លូតបូត។ ៥-ឯកសារស្នើសុំជាភាសាអង់គ្លេស និងកូរ៉េ៖ (១) Application Form, (២) Certificate of Admission, (៣) Certificate of Enrollment (Original Copy), (៤) Transcript(Original Copy), (៥) Recommendation Letter by Dean or Professor, (៦) Self Introduction (មួយទំព័រ), (៧) Study Plan for 2nd semester of 2021, (៨) ថតចំលងសៀវភៅធនាគារជាមួយនឹងលេខគណនី, និង (៩) រូបថតផ្ទៃស១សន្លឹក (៤*៦)។ ៦-ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃចន្ទ ទី ២ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង ១៨៖០០។ ៧-មូលនិធិអប់រំ និងវប្បធម៌ Woojung នឹងធ្វើការសម្ភាស និងជ្រើសរើសដោយផ្ទាល់។
បញ្ចាក់៖ តំណសម្រាប់ទាញយក Application Form៖ https://drive.google.com/file/d/1ywpsfStsdD5QzbWioRn53cFNAYnypnDl/view ។ សូមផ្ញើឯកសារមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមអាសយដ្ឋាន 서울시 중구 세종대로 55, 부영태평빌딩 14층 (캄보디아대사관) តាមរយៈ우채국។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូននិស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
