ក្រោយបុគ្គលិកធ្វើអត្តឃាត និងស៊ើបអង្កេតពីក្រសួង រកឃើញថាលើស ៥០% នៃបុគ្គលិកក្រុមហ៊ុនយក្ស Naver នៅកូរ៉េ សុទ្ធធ្លាប់រងការជិះជាន់ធ្វើបាបនៅកន្លែងការងារ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ដល់ទៅលើសពាក់កណ្តាលនៃបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា Naver Corp. សុទ្ធតែបានរាយការណ៍មកថាធ្លាប់រងការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងការងារកូរ៉េខាងត្បូងបានប្រកាសពីលទ្ធផលនៃការចុះពិនិត្យពិសេសនៅនឹងទីតាំងការងាររបស់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា Naver Corp. ក្រោយពីមានការធ្វើអត្តឃាតពីសំណាក់បុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនដ៏ល្បីពេញប្រទេសកូរ៉េខាងត្បូងនេះ ដែលមូលហេតុចម្បងគេសន្និដ្ឋាននោះគឺបណ្តាលមកពីការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារ។ ក្នុងលទ្ធផលត្រួតពិនិត្យដោយក្រសួងការងារនោះដែលបានធ្វើឡើងចន្លោះពីថ្ងៃទី ៩មិថុនា ដល់ថ្ងៃទី២៣ កក្កដា បានឱ្យដឹងថាមានដល់ទៅ ៥២.៧% នៃបុគ្គលិកក្រុមហ៊ុនយក្សនេះ បានឆ្លើយថាពួកគេសុទ្ធតែធ្លាប់មានបទពិសោធន៍រងគ្រោះផ្ទាល់ដោយការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារ យ៉ាងហោចណាស់ម្តង ក្នុងរយៈពេលជាង៦ខែចុងក្រោយ។ ហើយក្នុងនោះអ្វីដែលគួរឱ្យបារម្ភកាន់តែខ្លាំង គឺមានបុគ្គលិកដល់ទៅ ‌១០.៥% បានឆ្លើយថាពួកគេរងគ្រោះផ្ទាល់ដោយការជិះជាន់ធ្វើបាប (bully) នេះយ៉ាងហោចម្តងជារៀងរាល់សប្តាហ៍។

ក្នុងការពិនិត្យ និងស្រង់ទិន្នន័យខាងលើតាមសម្រង់មតិ មានការចូលរួមធ្វើពីបុគ្គលិកដល់ទៅ ១៩៨២នាក់ ក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Naver Corp. ទាំងអស់ ៤០២៨នាក់ ដែលមិនរាប់បញ្ចូលនូវថ្នាក់ដឹកនាំនោះទេ។

ពាក់ព័ន្ធនឹងករណីអត្តឃាតរបស់បុគ្គលិកក្រុមហ៊ុននេះ ក្រសួងការងារបានបញ្ជាក់ថាបុគ្គលិករូបនោះពិតជាធ្លាប់រងគ្រោះដោយការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារពិតមែន។ តាមការរៀបរាល់លម្អិតក្នុងរបាយការណ៍របស់ក្រសួងការងារ គឺបុគ្គលិកដែលធ្វើអត្តឃាតខ្លួនឯងនោះមានអាយុ៤០ឆ្នាំជាង ធ្លាប់រងការជិះជាន់ធ្វើបាបមើលងាយពីថ្នាក់លើផ្ទាល់របស់ខ្លួន ក្រោមទម្រង់រូបភាពជាពាក្យសម្តីផង និងកាយវិការផងដែរ ហើយបុគ្គលិកនេះត្រូវបានមេចង់ធ្វើបាបដោយទុកចោលមិនឱ្យចូលរួមធ្វើការងារ ធ្វើការសម្រេចចិត្តនានាក្នុងក្រុម ហើយត្រូវដាក់បន្ទុកឱ្យធ្វើការងារច្រើនលើសលប់ដោយរងសម្ពាធការងារជារៀងរាល់ថ្ងៃ។

ក្រសួងបានរកឃើញថែមទៀតថា ថ្នាក់លើផ្ទាល់ដែលបានធ្វើបាប និងជិះជាន់បុគ្គលិកខាងលើរហូតឈានដល់ការធ្វើអត្តឃាតនេះ ស្ថិតនៅក្នុងកម្រិតថ្នាក់ដឹកនាំក្រុមហ៊ុនតែម្តង។ ចំពោះករណីនេះដែរ កន្លងមកបុគ្គលិករងគ្រោះ ក៏ដូចជាបុគ្គលិកដទៃទៀតធ្វើការជាមួយក៏ធ្លាប់លើកបញ្ហានេះទៅរាយការណ៍ដល់ថ្នាក់លើក្រុមហ៊ុនដែរ តែមិនមានសកម្មភាពឆ្លើយតបណាមួយពីក្រុមហ៊ុនដើម្បីជួយដោះស្រាយស្ថានការណ៍នោះទេ។ បើតាមច្បាប់ នៅពេលដែលនិយោជក ឬតំណាងក្រុមហ៊ុនដឹងលឺពីករណីដែលមានការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារ និយោជក ឬក្រុមហ៊ុនត្រូវដោះស្រាយ និងស៊ើបអង្កេតជាបន្ទាន់។

ក្រសួងការងារក្នុងរបាយការណ៍លទ្ធផលស៊ើបអង្កេតនោះបានបញ្ជាក់ថា ក្រុមហ៊ុន Naver Corp. បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ ជាពិសេសគឺពេញនិយមទៀតក្នុងចំណោមយុវជនវ័យក្មេងពិតមែន តែតាមរបាយការណ៍ស៊ើបអង្កេតគេរកឃើញមានចំណុចខ្វះខាតជាច្រើនចំពោះការជិះជាន់ធ្វើបាប (bully) នៅនឹងកន្លែងការងារ ដែលត្រូវកែលម្អឡើងវិញ។ ក្រសួងក៏បានបញ្ជាក់ថាគ្រោងនឹងរៀបចំការផាកពិន័យក្រុមហ៊ុន Naver Corp. នេះ ហើយអាចនឹងបង្វែរករណីនេះទៅដល់រដ្ឋអជ្ញាដើម្បីចាត់ចែងនីតិវិធីតុលាការបន្ត ពីបទល្មើសនឹងច្បាប់ការងារផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនត្រៀមនឹងរៀបចំការផ្លាស់ប្តូរចាំបាច់នានា ដើម្បីចៀសវាងបញ្ហាដូចគ្នានេះនៅពេលអនាគតផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *