តោះ! មកដឹងអំពី ៧ ជំហានងាយៗ ក្នុងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ចំណាយពេលអស់ត្រឹម ៨ ថ្ងៃប៉ុណ្ណោះ

ការចាប់ផ្តើមអាជីវកម្មដំបូង ប្រឈមនឹងបញ្ហាដែលត្រូវជួបប្រទះជាច្រើន ក្នុងនោះបញ្ហាមួយគឺការចុះការចុះឈ្មោះបញ្ជីពាណិជ្ជកម្ម សម្រាប់អាជីវកម្មរបស់យើង។

កន្លងមក ជំហានធំៗ ដែលយើងត្រូវធ្វើមានការចុះបញ្ជីពាណិជ្ជកម្ម មានដូចជាត្រូវស្នើសុំចុះបញ្ជីពាណិជ្ជកម្មធ្វើនៅក្រសួងពាណិជ្ជកម្ម រួចត្រូវចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងបន្ទាប់មកត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាការអនុវត្តជាក់ស្តែង អ្នកត្រូវទៅចុះបញ្ជី និងបំពេញបែបបទនីតិវិធីខុសៗគ្នា នៅក្រសួងផ្សេងៗគ្នា ជាច្រើនលើក ច្រើនសារ ហើយត្រូវចំណាយពេលយូរ ទម្រាំទទួលបានការអនុញ្ញាតពីក្រសួងនីមួយៗ អាចរហូតដល់ ១ ខែ ឬ ១ ខែកន្លះផងក៏មាន។ លើសពីនោះទៀត សម្រាប់នីតិវិធីនៅក្រសួងនីមួយៗ តម្រូវឱ្យយើងភ្ជាប់ជាមួយឯកសារ យ៉ាងច្រើន ហើយដូចៗគ្នា ដែលនាំឱ្យខាតបង់ទាំងពេលវេលា និងថវិកាដែលត្រូវចំណាយលើឯកសារដដែលនោះផងដែរ។

ដោយមើលឃើញពីភាពខ្វះចន្លោះនេះហើយ រដ្ឋាភិបាលកម្ពុជាបានសម្រួលដាក់ចេញនូវនីតិវិធីថ្មីនៃការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ចេញកាលពីថ្ងៃទី ១០ មិថុនា ២០២០ កន្លងទៅ។

សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មី ដែលបានដាក់ចេញនេះ មាន ៧ជំហានងាយៗ ដែលយើងត្រូវអនុវត្ត៖

១. ចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh រួចចុចលើ «ចុះបញ្ជីពាណិជ្ជកម្ម»

២. បង្កើតគណនីលើកម្មវិធី CamDigiKey ដោយទាញយកក្នុងទូរស័ព្ទតាមរយៈ Google’s Play Store ឬ Apple’s App Store។ (រំលងជំហាននេះ ប្រសិនបើអ្នកមានគណនី CamDigiKey រួចរាល់ហើយ)

៣. Login ដោយប្រើប្រាស់កម្មវិធី CamDigiKey

៤. បំពេញព័ត៌មាន និងភ្ជាប់ឯកសារចាំបាច់

៥. ទូទាត់សងប្រាក់តាមមធ្យោបាយទូទាត់ប្រាក់អនឡាញដែលមានស្រាប់

  • អ្នកអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយតាមសេវា ABA Pay សម្រាប់អតិថិជនធនាគារ ABA ឬអាចតាមរយៈ Credit Card ឬ Debit Card សម្រាប់អតិថិជនធនាគារទូទៅ។
  • សម្រាប់តម្លៃសេវាចុះបញ្ជីពាណិជ្ជកម្ម សូមពិនិត្យការណែនាំក្នុង ខិតប័ណ្ណណែនាំ (ភាសាខ្មែរ) និង (ភាសាអង់គ្លេស)

៦. ទទួលបានការសម្រេចចិត្តក្នុងរយៈពេល ៨ ថ្ងៃនៃថ្ងៃធ្វើការយ៉ាងយូរ។ អ្នកអាចត្រូវបានស្នើសុំឯកសារបន្ថែម។

  • ក្រសួងពាណិជ្ជកម្ម ត្រូវការរយៈពេលយ៉ាងយូរ ៣ ថ្ងៃ
  • អគ្គនាយកដ្ឋានពន្ធដារ ត្រូវការរយៈពេលយ៉ាងយូរ ៤ ថ្ងៃ
  • ក្រសួងការងារ ត្រូវការរយៈពេលយ៉ាងយូរ ១ ថ្ងៃ

៧. ទាញយក និងបោះពុម្ភអាជ្ញាប័ណ្ណ / វិញ្ញាបនបត្រឌីជីថលចំនួន ៥ និងប័ណ្ណពន្ធប៉ាតង់ ប្រសិនបើទទួលបានការអនុញ្ញាត។

 

ប្រសិនបើមានជាចម្ងល់នានា អាចទាក់ទង៖

  • គេហទំព័រ៖ www.registrationservices.gov.kh
  • ទូរស័ព្ទ៖ ០៨១ ៨៨៨ ២៩៦
  • អ៊ីម៉ែល៖ registrationservices@mef.gov.kh
  • Facebook & Telegram៖ Online Business Registration Service

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *