ត្រឹមសប្តាហ៍ក្រោយ បើស្ថានការណ៍ឆ្លងកូវីដនៅកូរ៉េខាងត្បូងមិនថមថយទេនោះ អជ្ញាធរគ្រោងនឹងតម្លើងគម្លាតសង្គមបន្ថែមទៀតហើយ ដែលម្តងនេះនឹងផ្តោតលើ …

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងបង្កើនវិធានការគម្លាតសង្គមឱ្យកាន់តែតឹងរ៉ឹងខ្លាំងជាងបច្ចុប្បន្នបន្ថែមទៀត ក្នុងករណីដែលស្ថានការណ៍កូវីដ-១៩ ទូទាំងប្រទេសនៅតែមិនធូរស្បើយ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធនេះ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។

រយៈពេលជាងប៉ុន្មានសប្តាហ៍មកហើយដែលស្ថានការណ៍កូវីដនៅកូរ៉េខាងត្បូងមានសភាពកាន់តែធ្ងន់ធ្ងរទៅ បើទោះបីជាវិធានការគម្លាតសង្គមត្រូវបានតម្លើងជាបន្តបន្ទាប់ ដូចជាតំបន់ប្រជុំជនសេអ៊ូល និងនៅតំបន់ខេត្តក្រុងនានាទូទាំងប្រទេសផងដែរ។ នាព្រឹកថ្ងៃពុធនេះ កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបា​នប្រាប់មកសារព័ត៌មានឱ្យដឹងថា រដ្ឋាភិបាលបានកំពុងពិនិត្យលើលទ្ធផលនៃវិធានការគម្លាតសង្គមដែលបានដាក់ចេញឱ្យអនុវត្តលើសពី២ ទៅ៣សប្តាហ៍កន្លងមកហើយនោះ ហើយក្នុងករណីវិធានការគម្លាតសង្គមហាក់មិនផ្តល់លទ្ធផលក្នុងការជួយកាត់បន្ថយស្ថានការណ៍ឆ្លងក្នុងអំឡុងសប្តាហ៍ក្រោយនេះទេ រដ្ឋាភិបាល និងអជ្ញាធរអាចនឹងអាចពិចារណាតម្លើងគម្លាតសង្គមបន្ថែមទៀតផងដែរ។

តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី វិធានការគម្លាតសង្គមដែលអាចនឹងដាក់ចេញនៅពេលខាងមុខ ដែលអាចនឹងតឹងរ៉ឹងខ្លាំងជាងអ្វីដែលកំពុងមានអនុវត្តបច្ចុប្បន្ននេះទៀតនោះ នឹងត្រូវអនុវត្តឱ្យចំគោលដៅដែលត្រូវអនុវត្តតែម្តង មានន័យថានឹងអនុវត្តចំកន្លែងដែលមានបញ្ហាហានិភ័យឆ្លងកូវីដកើនឡើងខ្លាំងជាងគេ និងចំណុចខ្សោយដែលជាចន្លោះប្រហោងនៃវិធានការគម្លាតសង្គមដែលកំពុងអនុវត្ត។

ការតម្លើងវិធានការថ្មីបន្ថែមនេះ អាចនឹងត្រូវរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលពិនិត្យមើលបន្ថែមសិនថាតើគួរតម្លើងដល់កម្រិតណា ហើយក្នុងនោះដែរប្រសិនបើនឹងតម្លើងមែននោះ គេអាចនឹងប្រកាសវិធានការគម្លាតសង្គមតម្លើងថ្មីនេះនៅអំឡុងពេលសប្តាហ៍ក្រោយបន្ថែមទៀត។

សូមបញ្ជាក់ថា នៅថ្ងៃពុធនេះកូរ៉េខាងត្បូងបានរកឃើញករណីកូវីដ-១៩ កើនឡើងដល់កំណត់ត្រាច្រើនជាងគេថ្មីទៀតហើយ ដែលមានដល់ទៅ១៨៩៦ករណី ដែលមានឆ្លងក្នុងស្រុកដល់ទៅ ១៨២៣ករណី។ អ្វីដែលជាការកត់សម្គាល់ដែរនោះ គឺករណីឆ្លងក្នុងតំបន់ប្រជុំជនសេអ៊ូលបើទោះបីនៅមានច្រើនក៏ដោយ តែហាក់មានសញ្ញាណថយចុះ តែករណីឆ្លងនៅតាមខេត្តក្រុងនានាបានបន្តកើនឡើងវិញគួរឱ្យបារម្ភ។

Leave a Reply

Your email address will not be published. Required fields are marked *