នៅកូរ៉េខាងត្បូង អ្នកចាក់វ៉ាក់សាំងហើយ នៅតែឆ្លងវិជ្ជមានកូវីដ កើនឡើងដល់ជិត៨០០នាក់ហើយ លើសពីពាក់កណ្តាលគឺអ្នកបានចាក់វ៉ាក់សាំងអាម៉េរិកមួយនេះ ..

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសថាករណីឆ្លងកូវីដវិជ្ជមានលើអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ គិតមកដល់ពេលនេះកើនដល់ជាង៨០០នាក់ហើយ ដែលអ្នកទាំងនោះសុទ្ធសឹងជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ទាំងស្រុងទៅតាមការកំណត់នៃវ៉ាក់សាំង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News។

ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ទាំងស្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានដល់ទៅ ៥.៥លាននាក់ហើយនោះ គេរកឃើញករណីអ្នកដែលបានឆ្លងវិជ្ជមានកូវីដ-១៩ ចំនួន ៧៧៩ ករណីហើយ ដែលគេកំណត់ករណីវិជ្ជមានកូវីដនោះថាជាករណីពិសេស (Breakthrough) បើតាមការប្រកាសរបស់អជ្ញាធរនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង(KDCA) កាលពីថ្ងៃអង្គារម្សិលមិញ។

ក្នុងចំណោមករណីវិជ្ជមានអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងនេះ មានដល់ទៅលើសពាក់កណ្តាលគឺប្រមាណជាង៤៣៧ករណីជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ Janssen របស់ក្រុមហ៊ុនអាម៉េរិក Johnson & Johnson ខណៈអ្នកដែលបានចាក់វ៉ាក់សាំង Pfizer មានចំនួន ១៧២ករណី និងវ៉ាក់សាំង AstraZeneca របស់អង់គ្លេសមានចំនួន ១៦៩ករណីផងដែរ។ តួលេខនេះបានកើនឡើងខ្លាំងដល់ទៅ ១៣២ករណីថ្មីក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ ក្នុងនោះដែរ អជ្ញាធរបញ្ជាក់ថាក្នុងចំណោមអ្នកវិជ្ជមានដល់ទៅជាង ៨០០នាក់នេះ មាន៥ករណីដែលឆ្លងវិជ្ជមានកូវីដហើយមានអាការៈធ្ងន់ធ្ងរ ដែលមានម្នាក់អាយុ៣០ឆ្នាំជាង ម្នាក់ទៀតអាយុ៥០ឆ្នាំជាង និង៣នាក់ទៀតអាយុជាង៨០ឆ្នាំ។

អជ្ញាធរសុខាភិបាលកូរ៉េនៅតែបន្តបញ្ជាក់ថា បើទោះបីជាបានចាក់វ៉ាក់សាំងកូវីដរួចហើយក៏ដោយ ការការពារពីជំងឺកូវីដនៅតែត្រូវបន្តអនុវត្តដោយសារតែលទ្ធភាពនៃការឆ្លងគឺនៅតែមាន បើទោះជាមានកម្រិតការពារពីមេរោគបានខ្ពស់ជាងមុនច្រើនក៏ដោយ។ អជ្ញាធរនៅតែជឿថានៅពេលដែលតួលេខអ្នកដែលបានចាក់វ៉ាក់សាំងកូវីដកើនឡើងកាន់តែច្រើននាពេលខាងមុខ តួលេខនៃករណីឆ្លងកូវីដលើអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គឺនឹងនៅតែបន្តកើនឡើងកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា នៅថ្ងៃពុធនេះ ករណីឆ្លងកូវីដថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ទៅ ១៨៩៦ករណី ដែលជាតួលេខកំណត់ត្រាថ្មីទៀតហើយ ខណៈដែលរយៈពេលជាង៣សប្តាហ៍ចុងក្រោយនេះតួលេខកូវីដនៅក្នុងប្រទេសមិនមានការថមថយចុះនោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *