ដំណឹងល្អវិញហើយ! បងប្អូនកូរ៉េទាំងពីរក្រោយពីល្អក់កករខ្លាំងជាមួយគ្នាជាង១៣ខែមក ថ្ងៃនេះបានសម្រេចតភ្ជាប់ខ្សែទូរស័ព្ទពិសេស ដើម្បីទាក់ទងគ្នាបានវិញហើយ

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារនេះ ទំនាក់ទំនងនៃរដ្ឋជាបងប្អូនកូរ៉េទាំងពីរហាក់មានដំណើរការជាវិជ្ជមានឈានទៅរកភាពល្អប្រសើរជាងមុន ក្រោយពីប្រទេសទាំងពីរបានប្រកាសពីការតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់រវាងគ្នាជាថ្មីឡើងវិញ ក្រោយពីបានកាត់ផ្តាច់អស់រយៈពេលជាង១៣ខែកន្លងមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ព័ត៌មានដ៏ល្អនេះត្រូវបានប្រកាសផ្ទាល់ពីភាគីខាងសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារនេះ ដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង Korean Central News Agency បានបញ្ជាក់ថា «ឥឡូវនេះ ប្រជាជាតិកូរ៉េទាំងមូលចង់ឃើញទំនាក់ទំនងរវាងរដ្ឋកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានភាពធូរស្រាល ពីបញ្ហាទំនាក់ទំនងជាប់គាំងឱ្យបានកាន់តែឆាប់កាន់តែល្អ» ព្រមទាំងបានប្រកាសបញ្ជាក់ថា បណ្តាញខ្សែទូរស័ព្ទផ្លូវការសម្រាប់ទំនាក់ទំនងរវាងរដ្ឋកូរ៉េទាំងពីរត្រូវបានតភ្ជាប់ឡើងវិញហើយ គិតត្រឹមម៉ោង១០ព្រឹក ម៉ោងនៅកូរ៉េថ្ងៃអង្គារនេះ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើងនេះក៏បានបញ្ជាក់ថា ការតភ្ជាប់ឡើងវិញនេះនឹងមានឥទ្ធិពលជាវិជ្ជមានចំពោះការពង្រឹង និងវិវត្តនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយបាននិយាយថាលទ្ធផលផ្លែផ្កាថ្ងៃនេះជាសមិទ្ធផលនៃការទំនាក់ទំនងគ្នាតាមរយៈសំបុត្រជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកំពូលនៃរដ្ឋទាំងពីរនេះ។

សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ដូចគ្នាទៅនឹងអ្វីដែលបានបញ្ជាក់ និងលើកឡើងដោយសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង ជុំវិញបញ្ហានេះដែរ។ វិមានប្រធានាធិបតីក៏បានបញ្ជាក់ផងដែរថាថ្នាក់ដឹកនាំប្រទេសទាំងពីរ លោកប្រធានាធិបតី មូន ជេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមផ្លាស់ប្តូរលិខិតឆ្លើយឆ្លងគ្នាជាច្រើនដងតាំងពីអំឡុងខែមេសា ឆ្នាំ២០២១នេះ​មក ដែលជាដើមហេតុឈានដល់សមិទ្ធផលនៃការតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋទាំងពីរនេះឡើងវិញ។

សូមបញ្ជាក់ថា បណ្តាញខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់រវាងរដ្ឋទាំងពីរនេះ ត្រូវបានកាត់ផ្តាច់ទាំងស្រុងកាលពីខែមិថុនាឆ្នាំ២០២០កន្លងទៅ ក្រោយពីកូរ៉េខាងជើងបានសម្តែងការខឹងសម្បារចំពោះទង្វើរក្រុមមួយចំនួនពីប្រទេសកូរ៉េខាងត្បូង ដែលបានបង្ហោះខិតប័ណ្ណផ្សព្វផ្សាយប្រឆាំងរដ្ឋកូរ៉េខាងជើង ចូលទៅក្នុងទឹកដីខាងជើង ដែលនៅពេលនោះកូរ៉េខាងជើងថែមទាំងបានឆ្លើយតបដោយកំទេចចោលអាគារទំនាក់ទំនងរវាងរដ្ឋកូរ៉េទាំងពីរដែលនៅនឹងតំបន់ព្រំដែនផងដែរ។

ជានិមិត្តសញ្ញានៃការតភ្ជាប់ថ្មីនេះ ក៏មានការសាកល្បងទំនាក់ទំនងគ្នារវាងរដ្ឋកូរ៉េទាំងពីរទាំងសំណាក់មន្ត្រីនៅនឹងតំបន់ព្រំដែនផ្ទាល់ រួមជាមួយនឹងការទំនាក់ទំនងកម្រិតក្រសួងជំនាញនៃប្រទេសកូរ៉េទាំងពីរបានជួបពិភាក្សាគ្នាផងដែរ។

ជាមួយនឹងសមិទ្ធផលថ្មីនេះ មានការសាទរជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកនយោបាយមួយចំនួនបានបញ្ចញការអបអរសាទរ និងជំរុញកុំឱ្យមានការកាត់ផ្តាច់ខ្សែទំនាក់ទំនងនេះជាថ្មីឱ្យសោះ ខណៈដែលសារព័ត៌មានក៏មានការលើកឡើងជាបន្តបន្ទាប់ពីលទ្ធភាពបន្តបន្ទាប់ដែលប្រទេសកូរ៉េទាំងពីរអាចនឹងបន្តដំណើរការចរចាជាមួយគ្នានាពេលខាងមុខផងដែរ។ យ៉ាងណាមិញ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានចេញមកបញ្ជាក់ថាត្រឹមវេលានេះ ភាគីកូរ៉េខាងត្បូងក៏ដូចជាភាគីកូរ៉េខាងជើងមិនទាន់ផែនការណាមួយក្នុងការផ្ញើមន្ត្រីជំនាញទៅជួបចរចាគ្នាលើបញ្ហាណាមួយបន្ថែមទៀតនោះទេ។

 

មន្ត្រីកូរ៉េខាងត្បូង កំពុងទំនាក់ទំនងជាមួយភាគីកូរ៉េខាងជើង តាមខ្សែទូរស័ព្ទទំនាក់ទំនងពិសេសនេះ កាលពីឆ្នាំ២០១៨

Leave a Reply

Your email address will not be published. Required fields are marked *