កូរ៉េខាងត្បូង៖ នៅក្នុងស្រុកកូរ៉េខាងត្បូងនាពេលនេះ ជារដូវក្តៅពេញទំហឹងហើយ អាកាសធាតុឡើងដល់សឹងតែលើស៣៧ អង្សាជារៀងរាល់ថ្ងៃ ដែលជាទូទៅផ្ទះណាក៏ដូចផ្ទះណាដែរ គឺសុទ្ធតែត្រូវប្រើម៉ាស៊ីនត្រជាក់ដើម្បីឆ្លើយតបទៅនឹងកម្តៅដ៏ក្តៅនាពេលនេះ។ ស្របពេលដែលគ្រប់គ្នាប្រើម៉ាស៊ីនត្រជាក់ ការចំណាយក្នុងរដូវនេះលើអគ្គិសនីនេះក៏កើនឡើងច្រើនដូចគ្នា ដូចនេះវិធីសាស្រ្តខាងក្រោមនេះ ជាតិកនិកមួយចំនួនដែលអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់គ្រប់រូបអាចធ្វើតាមដើម្បីកាត់បន្ថយថ្លៃចំណាយលើម៉ាស៊ីនត្រជាក់។
បើតាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន Hankook Ilbo របស់កូរ៉េ បានលើកយកនូវអនុសាសន៍របស់អ្នកជំនាញផ្នែកម៉ាស៊ីនត្រជាក់មកប្រាប់អំពីការប្រើប្រាស់បែបណា ដើម្បីឱ្យមានប្រសិទ្ធភាពពេញលេញ ហើយកុំឱ្យស៊ីភ្លើងខ្លាំង។ វិធីសាស្រ្តទី១ គឺត្រូវចេះមើលថាតើពេលណាគួរត្រូវបិទម៉ាស៊ីនត្រជាក់។
មានការលើកឡើង និងលឺតៗគ្នាថា នៅពេលដែលម៉ាស៊ីនត្រជាក់បើកចោលយូរ ហើយត្រជាក់ពេញបន្ទប់ហើយ យើងគួរតែបិទវាចោល ដើម្បីកុំឱ្យម៉ាស៊ីនត្រជាក់រត់តទៀតខាតចោលអត់ប្រយោជន៍ ដើម្បីអាចកាត់បន្ថយចំណាយអគ្គិសនីបាន។ តែជាក់ស្តែង អ្នកជំនាញលើកឡើងថា ការអនុវត្តបែបនេះ មានប្រសិទ្ធភាពសម្រាប់តែម៉ាស៊ីនត្រជាក់សេរ៊ីចាស់ៗប៉ុណ្ណោះ ជាពិសេសម៉ាស៊ីនត្រជាក់ដែលមិនមានបច្ចេកវិទ្យា Non-inverter ដែលមានន័យថា បើអ្នកបើកម៉ាស៊ីនត្រជាក់គឺវានឹងដំណើរការពេញកម្លាំងរហូតដល់ត្រជាក់ហើយ វានឹងឈប់ដំណើរការអូតូទាំងស្រុងតែម្តង ហើយនៅពេលដែលសីតុណ្ហភាពក្តៅឡើងវិញ វានឹងចាប់ផ្តើមដំណើរការពេញទាំងស្រុងវិញ ដែលជាហេតុនាំឱ្យត្រូវចំណាយថាមពលច្រើន។ ដូចនេះចំពោះម៉ាស៊ីនត្រជាក់សេរ៊ីចាស់បែបនេះ យើងអាចបិទវាចោលបាននៅពេលដែលត្រជាក់ហើយ និងបើកដំណើរការឡើងវិញនៅពេលត្រូវការ។
តែចំណែកឯម៉ាស៊ីនត្រជាក់សេរ៊ីទំនើបចេញក្រោយៗវិញ ភាគច្រើនសឹងទាំងអស់មានបច្ចេកវិទ្យា Inverter ដែលមានន័យថាម៉ាស៊ីនត្រជាក់នឹងដំណើរការដោយភាពវ័យឆ្លាត ដោយនៅពេលដែលយើងបើកដំណើរការ ហើយកំណត់សីតុណ្ហភាព ម៉ាស៊ីនត្រជាក់នឹងដំណើរការពេញសមត្ថភាពរយៈពេលដំបូង ហើយក្រោយពីចាប់ផ្តើមចុះត្រជាក់ហើយ ម៉ាស៊ីននឹងផ្លាស់ប្តូរអូតូទៅដំណើរការតិចៗ ដោយអាចបន្តរក្សាសីតុណ្ហភាពក្នុងបន្ទប់ត្រជាក់បានរហូត និងប្រើអគ្គិសនីតិចតួចថេររហូត។ ដូចនេះ សម្រាប់អ្នកដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់សេរ៊ីទំនើបមានប្រព័ន្ធ Inverter នេះ មិនចាំបាច់បិទម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើងនោះទេ ដោយប្រព័ន្ធដំណើរការវាមានភាពវ័យឆ្លាតជួយសន្សំសំចៃអគ្គិសនីឱ្យយើងរួចទៅហើយ។

វិធីសាស្រ្តទី២ ដែលអ្នកជំនាញម៉ាស៊ីនត្រជាក់លើកឡើងគឺ នៅពេលប្រើប្រាស់អាចប្រើម៉ូតសន្សំសំចៃថាមពល ឬ «energy saver mode» ដោយសារប្រព័ន្ធនេះ អាចជួយសន្សំសំចៃថាមពល ហើយប្រសិនបើមា៉ស៊ីនត្រជាក់សេរ៊ីទំនើបទៀតនោះ គឺវានឹងបន្ថែម ឬបន្ថយដំណើរការដោយអូតូអាស្រ័យទៅនឹងស្ថានភាពសីតុណ្ហភាពក្នុងបន្ទប់ធ្វើយ៉ាងណាឱ្យដំណើរការបានត្រជាក់ហើយដោយអស់ថាមពលតិចតួចផងដែរ។
វិធីសាស្រ្តទី៣នោះគឺរបៀបបង្វែរខ្យល់ម៉ាស៊ីនត្រជាក់ ឱ្យដំណើរការមានប្រសិទ្ធភាពខ្ពស់។ បើតាមអ្នកជំនាញ ពេលបើកម៉ាស៊ីនត្រជាក់ គេគួរបង្វែរខ្យល់ម៉ាស៊ីនត្រជាក់ឱ្យបាញ់ទៅខាងលើ ដោយសារតែជាទូទៅខ្យល់ក្តៅតែងតែហើរឡើងទៅលើ រីឯខ្យល់ត្រជាក់តែងហើរចុះមកក្រោម ដូចនេះប្រសិនបើយើងបាញ់ខ្យល់ម៉ាស៊ីនត្រជាក់ទៅខាងលើ នោះខ្យល់ត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ នឹងបាញ់ទៅចំខ្យល់ក្តៅនៅខាងលើស្រាប់ ដែលអាចធ្វើឱ្យសីតុណ្ហភាពនៅក្នុងបន្ទប់ចុះត្រជាក់លឿនជាង និងអស់ថាមពលតិចជាង។ ហើយប្រសិនបើមានកង្ហារទៀត អាចបើកអមជាមួយម៉ាស៊ីនត្រជាក់ ក៏អាចជួយធ្វើឱ្យឆាប់ត្រជាក់លឿនជាងមុនផងដែរ។

វិធីសាស្រ្តទី៤គឺត្រូវដាក់ប្រអប់ម៉ាស៊ីនត្រជាក់សម្រាប់បាញ់ខ្យល់ក្តៅចេញមកខាងក្រៅ ឱ្យនៅទីតាំងណាដែលត្រជាក់ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ ដោយសារតែនៅពេលដែលដំណើរការ ខ្យល់ក្តៅបាញ់ចេញមកកាន់តែយូរ ធ្វើឱ្យប្រអប់ម៉ាស៊ីនត្រជាក់កាន់តែឆាប់ក្តៅ ដែលមានន័យថានឹងប្រើថាមពលកាន់តែច្រើន។ ដូចនេះ បើយើងរកកន្លែងណាដែលត្រជាក់ និងមានខ្យល់ចេញចូល នឹងអាចជួយធ្វើឱ្យប្រអប់ម៉ាស៊ីនត្រជាក់ខាងក្រៅនេះ ដំណើរការបានមិនឆាប់ក្តៅ និងអាចសន្សំថាមពលបានផងដែរ។