ចាស់ហើយក៏មិនចង់សម្រាកដែរ! នៅកូរ៉េខាងត្បូងមនុស្សវ័យចំណាស់យ៉ាងហោច ៧ ក្នុងចំណោម១០នាក់ ចង់នៅបន្តធ្វើការដល់អាយុ ៧៣ឆ្នាំ ដោយសារហេតុផល ២យ៉ាងនេះ ..

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចាស់ចំនួនដល់ទៅ ៧នាក់ក្នុងចំណោម ១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានបំណងចង់នៅបន្តធ្វើការងារយ៉ាងហោចក៏ដល់អាយុ៧៣ឆ្នាំដែរ នេះបើតាមរបាយការណ៍នៃទិន្នន័យសម្រង់មតិដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើយោងតាមទិន្នន័យសម្រង់មតិរៀបចំឡើងកាលពីខែឧសភាកន្លងមក ដោយស្ថាប័នស្ថិតិកូរ៉េបានបង្ហាញ​ឱ្យដឹងថា ក្នុងចំណោមមនុស្ស១០លាននាក់ ឬប្រមាណដល់ទៅ ៦៨.១% នៃប្រជាជនវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង អាយុចន្លោះពី៥៥ឆ្នាំដល់ ៧៩ឆ្នាំ គឺមានបំណងចង់បន្តធ្វើការងារនានាបន្តទៀតនៅពេលអនាគតខាងមុខ បើទោះជាខ្លួនមានវ័យចំណាស់ហើយក៏ដោយ ដែលតួលេខសម្រាប់ឆ្នាំ២០២១នេះ កើនឡើងប្រមាណដល់០.៧% ធៀបទៅនឹងតួលេខដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។

ក្នុងនោះដែរ ទិន្នន័យសម្រង់មតិក៏បានបង្ហាញថាមនុស្សដែលមានវ័យចំណាស់នៅកូរ៉េខាងត្បូងចង់បន្តធ្វើការរហូតយ៉ាងហោចដល់អាយុមធ្យម ៧៣ឆ្នាំឯណោះ។ តួលេខនេះ គឺមិនមានការផ្លាស់ប្តូរទេធៀបទៅនឹងទិន្នន័យសម្រង់មតិដូចគ្នាពីឆ្នាំ២០២០មកដែរ។ សម្រាប់ពីហេតុផលចម្បងដែលជម្រុញឱ្យពួកគាត់នៅមានទឹកចិត្តចង់បន្តធ្វើការទោះបីជាមានវ័យចំណាស់នោះ គឺមាន ៥៨.៧% លើកឡើងថាពួកគេចង់រកបានចំណូលខ្លះដើម្បីយកមកចាយវាយប្រចាំថ្ងៃ ខណៈ ៣៣.២% ទៀតលើកឡើងថាពួកគេចង់ធ្វើការដោយសារពួកគេចង់ទទួលបានអារម្មណ៍សប្បាយរីករាយពីការងារ យ៉ាងហោចណាស់រហូតដល់សុខភាពពួកគេលែងអាចទ្រាំទ្របាន។

សូមបញ្ជាក់ថា ក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សចាស់ដែលមានអាយុពី ៥៥ឆ្នាំដល់ ៧៩ឆ្នាំ មានដល់ទៅ ៣២.៨% នៃប្រជាជនកូរ៉េខាងត្បូងទាំងអស់ដែលមានអាយុពី១៥ឆ្នាំឡើងទៅ គិតត្រឹមចុងខែឧសភាចុងក្រោយនេះ។ តួលេខនេះបង្ហាញពីទំនោរប្រជាសាស្រ្តបច្ចុប្បន្នក្នុងសង្គមកូរ៉េខាងត្បូង ដែលប្រជាជនវ័យចំណាស់កើនឡើងកាន់តែច្រើន ខណៈដែលអាយុរំពឹងរស់របស់ប្រជាជនកើនឡើង រីឯកំណើនប្រជាជនវិញហាក់មានការកើនឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។

បើតាមតួលេខប្រជាសាស្រ្ត គេអាចព្យាករណ៍បានថា សង្គមកូរ៉េខាងត្បូងអាចនឹងក្លាយជាសង្គមដែលមានមនុស្សចាស់កាន់តែខ្លាំង (super-aged society) ត្រឹមឆ្នាំ២០២៥ ដែលមានន័យថាប្រជាជនវ័យ៦៥ឆ្នាំឡើងទៅ មានលើសពី២០% នៃចំនួនប្រជាជនសរុបក្នុងប្រទេស។ កាលពីឆ្នាំ២០១៧ កន្លងមកសង្គមកូរ៉េខាងត្បូងបានក្លាយជាសង្គមមនុស្សចាស់ (aged society) ដែលមានន័យថាប្រជាជនវ័យ៦៥ឆ្នាំឡើងទៅ មានលើសពី១៤% នៃចំនួនប្រជាជនសរុបក្នុងប្រទេស។

សម្រាប់ជាគោលនយោបាយលើការកំណត់អាយុចូលនិវត្តន៍សម្រាប់មនុស្សចាស់ បានក្លាយជាប្រធានបទពិភាក្សាក្តៅ ដោយសារតែបង្ហាកង្វះខាតកម្លាំងពលកម្មខ្លាំងនៅក្នុងប្រទេសនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមផែនការដែលបានលើកមកមួយចំនួន គឺរដ្ឋាភិបាលកូរ៉េអាចនឹងគ្រោងតម្លើងអាយុចូលនិវត្តន៍ជាគោលការណ៍ដល់ ៦៥ឆ្នាំ តែយ៉ាងណាមិញ ទាល់តែមានការឯកភាពពីសំណាក់សាធារណជនទាំងមូលសិន ទើបគោលនយោបាយនេះអាចដាក់ចេញបាន។

Leave a Reply

Your email address will not be published. Required fields are marked *