កូរ៉េខាងត្បូង៖ ក្រោយពីបានឆ្លងកាត់កិច្ចប្រជុំពិនិត្យជាច្រើនលើកបន្តបន្ទាប់មក អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសទទួលស្គាល់ការជាប់ពាក់ព័ន្ធគ្នាថ្មីចុងក្រោយគេបង្អស់រវាងករណីទាហានកូរ៉េខាងត្បូងម្នាក់ដែលបានបាត់បង់ជីវិត ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer រួចបាន៦ថ្ងៃ រួមជាមួយករណី២ផ្សេងទៀត ដែលអ្នកចាក់វ៉ាក់សាំងហើយមានអាការៈជំងឺធ្ងន់ធ្ងរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន News 1 របស់កូរ៉េ។
តាមរយៈការបញ្ជាក់ជាសាធារណៈនៃលទ្ធផលកិច្ចប្រជុំលើកទី២៣នៃក្រុមជំនាញសុខាភិបាលកូរ៉េខាងត្បូង ដែលពិនិត្យលើករណីសង្ស័យអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ហើយបានបាត់បង់ជីវិត និងធ្លាក់ខ្លួនឈឺធ្ងន់ចំនួន ១០៦ ករណីកន្លងមកនេះ បានឱ្យដឹងថាអជ្ញាធរបានប្រកាសទទួលស្គាល់ជាផ្លូវការចុងក្រោយថ្មីបង្អស់ពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ដែលឈាននាំឱ្យបាត់បង់ជីវិតចំនួន ១ករណី និងករណីធ្លាក់ខ្លួនឈឺធ្ងន់ចំនួន២ករណីទៀត ខណៈ៣ករណីផ្សេងទៀតគឺករណីប្រតិកម្មថ្នាំបណ្តាលពីវ៉ាក់សាំងកូវីដដូចគ្នា។
ករណីបាត់បង់ជីវិតគឺករណីទាហានកូរ៉េខាងត្បូងម្នាក់អាយុ ២០ឆ្នាំ ដែលបានបាត់បង់ជីវិតកាលពីថ្ងៃទី ១៣ មិថុនា ត្រឹមរយៈពេល ៦ថ្ងៃ ក្រោយពីបានចាក់វ៉ាក់សាំងដូសទី១របស់ Pfizer កាលពីថ្ងៃទី៧ ខែមិថុនា។ ទាហានរូបនេះមានអាការៈឈឺទ្រូងខ្លាំង និងចាប់ផ្តើមចុះខ្សោយខ្លាំងពីម៉ោង១យប់ថ្ងៃទី១៣មិថុនា ហើយរហូតដល់ព្រឹកថ្ងៃដដែលនោះម៉ោង៨ជាង ក៏ចាប់ផ្តើមគាំងបេះដូង ហើយបើទោះជាមានការសង្គ្រោះបឋម និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក៏ដោយ ក៏គាត់មិនអាចត្រូវជួយសង្គ្រោះបាន។ អាការៈដែលឈានដល់ការបាត់បង់ជីវិតគឺអាការៈរលាកសាច់ដុំបេះដូង ដែលក្រោយពីការពិនិត្យដោយអ្នកជំនាញសុខាភិបាលបន្តបន្ទាប់ គេអាចសន្និដ្ឋានជាផ្លូវការបានថាអាការៈរបស់គាត់គឺមានពាក់ព័ន្ធផ្ទាល់ជាមួយនឹងវ៉ាក់សាំងកូវីដ Pfizer ដែលបានចាក់កាលពី៦ថ្ងៃមុនកើតហេតុនោះ។
បើតាមការបញ្ជាក់របស់អ្នកស៊ើបអង្កេតករណីបាត់បង់ជីវិតនេះបានឱ្យដឹងថា ទាហានខាងលើបានដឹងពីអាការៈឈឺទ្រូង និងអាការៈសង្ស័យលើរាងកាយដទៃទៀតតាំងពីម៉ោង១យប់ តែមិនបានរាយការណ៍រកជំនួយនោះទេ រហូតដល់ពេលព្រឹកទើបមានបញ្ហា និងលែងអាចសង្គ្រោះទាន់ពេលវេលាតែម្តង។
ក្នុងចំណោម២ករណីទៀតដែលអ្នកចាក់វ៉ាក់សាំងកូវីដ បាននាំឱ្យឈានដល់ធ្លាក់ខ្លួនឈឺធ្ងន់នោះគឺ មាន១ករណីជាករណីរលាកស្រោមបេះដូង ដែលជាអ្នកបានចាក់វ៉ាក់សាំង Pfizer អាយុ២០ឆ្នាំជាង និងមិនមានប្រវត្តិអាការៈជំងឺធ្ងន់ធ្ងរណាមួយជាប់ខ្លួនពីមុននោះទេ។ បុរសរូបនេះបានមានអាការៈឈឺទ្រូងខ្លាំងប្រមាណ១១ម៉ោង ក្រោយចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី២ ហើយក៏បានទៅពិនិត្យស្ថានភាពនៅមន្ទីរពេទ្យ និងរកឃើញនូវករណីដូចបានរៀបរាប់នេះ។ ក្រោយពីទទួលការព្យាបាល គាត់បានជាសះស្បើយទាំងស្រុង។ ចំណែកឯ១ករណីទៀតជាបញ្ហាកំណកកកដុំឈាម ដែលជាអ្នកចាក់វ៉ាក់សាំង AstraZeneca ដែលក្រោយពីបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ រយៈពេលបាន៩ថ្ងៃ គាត់ចាប់ផ្តើមមានអាការៈឈឺសាច់ដុំកំភួនជើង និងឡើងហើម ដែលក្រោយមកគាត់បានទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលាដូចគ្នា។
ចំណែកឯ៣ករណីទៀត ដែលអជ្ញាធរបានរកឃើញជាផលប៉ះពាល់នៃការចាក់វ៉ាក់សាំងដែរនោះ គឺករណីប្រតិកម្មថ្នាំ តែករណីទាំង៣នេះមិនមានអាការៈអ្វីធ្ងន់ធ្ងរខ្លាំងនោះទេ។