កូរ៉េខាងត្បូង រកឃើញករណីឆ្លងថ្មីពីកប៉ាល់រុស្ស៊ី ជាង ២០ករណី ដែលទើបនឹងចូលមកដល់កំពង់ផែប៊ូសាន

ប៊ូសាន៖ ប្រទេសកូរ៉េខាងត្បូង រកឃើញករណីឆ្លងកូវីដ-១៩ ជាលក្ខណៈក្រុមថ្មីទៀត ពីសំណាក់នាវារបស់រុស្ស៊ីដែលបានចូលមកសំចតក្នុងកំពង់ផែទីក្រុងប៊ូសាន កាលពីថ្ងៃអង្គារម្សិលមិញនេះ។

បើតាមអជ្ញាធរកូរ៉េខាងត្បូង ចំនួនករណីថ្មីដែលជាប់ទាក់ទងទៅនឹងនាវារបស់រុស្ស៊ី ដែលជាករណីនាំចូលថ្មីនេះមានដល់ទៅ ១៦ ករណី។ នាវាខាងលើនេះមានសមាជិកចំនួន ២១ នាក់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក តាមដានបន្ត។ ករណីឆ្លងនេះអាចជាការឆ្លងបន្តពីកាពីតែននាវា ដែលត្រូវបានអជ្ញាធររុស្ស៊ីរកឃើញវិជ្ជមានតាំងពីពេលដែលគាត់មិនទាន់ចេញពីកំពង់ផែរបស់រុស្ស៊ីនៅតំបន់ Vladivostok មកម្លេះ ប៉ុន្តែមិនបានជូនដំណឹងមកកាន់អជ្ញាធរកូរ៉េខាងត្បូងឡើយ។

ក្នុងនោះដែរ គេក៏កំពុងតាមដានសមាជិកនាវិកកប៉ាល់នៅជុំវិញ និងកម្មករកំពង់ផែ ក្នុងកំពង់ផែប៊ូសាន ដែលបានទាក់ទងគ្នាជាមួយនាវិកនោះ មុនពេលដែលរកឃើញករណីឆ្លងនេះ ប្រមាណចំនួន ១៧៦នាក់បន្ថែមទៀត។

ជាវិធានការទប់ស្កាត់ការឆ្លងបន្ត គេបានបិទផ្នែកខ្លះៗនៃកំពង់ផែប៊ូសាននេះ ដើម្បីធ្វើការសម្លាប់មេរោគដែលអាចជាប់នៅនឹងសម្ភារៈប្រើប្រាស់នានា។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងហាក់មានទំនោរកើនឡើងសម្រាប់ករណីនាំចូលកូវីដ-១៩ ពីខាងក្រៅ ដោយថ្មីៗនេះមានករណីនាំចូលជាច្រើនមកពីប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន ដែលអជ្ញាធរបានដាក់បម្រាមផ្តល់ទិដ្ឋាការថ្មីដល់ប្រជាជនប្រទេសទាំងពីរខាងលើផងដែរ។

គិតត្រឹមថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកកូវីដ បានលើសពី ១លាន ដងហើយ ដែលក្នុងនោះរកឃើញករណីវិជ្ជមានដល់ ១២២៨៤ ករណី។

Leave a Reply

Your email address will not be published. Required fields are marked *