កូរ៉េខាងត្បូង៖ ជនសង្ស័យជាទាហានកូរ៉េខាងត្បូងម្នាក់ត្រូវបានរកឃើញថាបាត់បង់ជីវិតបាត់ទៅហើយ ក្នុងមណ្ឌលឃុំឃាំងទាហាន ដែលទាហានជាជនសង្ស័យនេះបានជាប់ពាក់ព័ន្ធក្នុងករណីក៏ក្តៅគគុកនៃការបំពានផ្លូវភេទលើទាហានស្រ្តីជាជនរងគ្រោះម្នាក់ ដែលការបំពាននេះឈាននាំឱ្យជនរងគ្រោះសម្រេចធ្វើអត្តឃាតកាលពីប៉ុន្មានខែមុននោះ ដែលបង្កជាកំហឹងក្នុងចំណោមសាធារណជន ក៏ដូចជានាំឱ្យមានការស៊ើបអង្កេតខ្នាតធំ រហូតដល់ត្រូវផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងជួរយោធាផងនោះ។
ទាហានកូរ៉េខាងត្បូងជាជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីដ៏ក្តៅគគុក និងរសើបជាងគេក្នុងជួរកងទ័ពនេះ មានឋាន្តរស័ក្តិជាពលបាលទោលជាន់ខ្ពស់ ហើយត្រូវបានគេចោទប្រកាន់ថាជាអ្នកល្មើសក្នុងករណីបំពានផ្លូវភេទលើសមាជិកទាហានស្ត្រីម្នាក់ ឋាន្តរស័ក្តិជាពលបាលទោល ដែលមានឈ្មោះថា លី ដែលឈាននាំឱ្យជនរងគ្រោះសម្រេចបញ្ចប់ជីវិតខ្លួនឯងកាលពីខែឧសភាកន្លងទៅ គឺរយពេល៣ខែក្រោយពីថ្ងៃកើតហេតុ និងក្រោយពីពេលដែលខ្លួនបានប្តឹងទៅថ្នាក់លើក្នុងជួរយោធា តែត្រូវទទួលការអើពើ និងបង្ខំឱ្យដកពាក្យប្តឹងនោះចេញទៅវិញ។
ទាហានជាជនសង្ស័យរូបនេះ ដែលគេរកឃើញថាបាត់បង់ជីវិតនេះ កន្លងមកក្រោយពីរឿងរ៉ាវនេះត្រូវបានផ្ទុះឡើងជាសាធារណៈ ត្រូវបានកម្លាំងប៉ូលីសយោធាឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នក្នុងមន្ទីរឃុំឃាំងយោធា ដើម្បីរង់ចាំការចូលបកស្រាយបំភ្លឺក្នុងដំណើរកាត់ក្តីរបស់តុលាការកូរ៉េដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃ ៦ សីហាខាងមុខនេះ។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលសិទ្ធមនុស្សយោធាកូរ៉េខាងត្បូង ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានគេរកឃើញបាត់បង់ស្មារតីកាលពីថ្ងៃអាទិត្យម្សិលមិញ វេលាម៉ោង ២:៥៥នាទី ម៉ោងនៅកូរ៉េ ហើយក៏ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យស៊ីវិល តែក្រោយមកក៏បាត់បង់ជីវិតតែម្តង។

ក្រុមសិទ្ធមនុស្សខាងលើបានស្តីបន្ទោសលើក្រសួងការពារជាតិ ដែលគ្រប់គ្រងអ្នកជាប់ឃុំឃាំងមិនបានល្អ ដែលនាំឱ្យមានករណីនេះកើតឡើង ជាពិសេសដោយសារតែជនសង្ស័យរូបនេះជាបុគ្គលជាប់ពាក់ព័ន្ធនឹងករណីបំពានផ្លូវភេទដែលជាករណីក្តៅគគុកបំផុតនាពេលបច្ចុប្បន្ននេះទៀតផង ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺជនសង្ស័យនេះបាត់បង់ស្មារតីនៅពេលថ្ងៃទៀតផងដែលជាទង្វើខ្វះការយកចិត្តទុកដាក់ពីមន្ត្រីនៅប្រចាំការនៅនឹងកន្លែងមណ្ឌលឃុំឃាំងនោះតែម្តង។
អ្វីដែលជាកង្វល់ខ្លាំងដែលក្រុមសិទ្ធិមនុស្សខាងលើនេះលើកឡើងដែរនោះ គឺការបាត់បង់ជីវិតរបស់ជនសង្ស័យធំជាងគេនេះ អាចនឹងបង្អាក់ដល់ដំណើរការស៊ើបអង្កេតស្វែងរកយុត្តិធម៌ឱ្យទាហានជនរងគ្រោះជាស្រ្តីដែលបានរងការបំពានកន្លងមកនោះ។ ចំណែកឯក្រុមគ្រួសាររបស់ទាហានស្រ្តីរងគ្រោះ ក្រោយទទួលបានដំណឹងនេះក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យអជ្ញាធរបន្តធ្វើការស៊ើបអង្កេតករណីនេះ ឱ្យបានស៊ីជម្រៅ និងដោយយុត្តិធម៌ ហើយក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមគ្រួសារទាហានស្រ្តីរងគ្រោះ ក៏បានស្តីបន្ទោសលើការមិនយកចិត្តទុកដាក់របស់ក្រសួងការពារជាតិកូរ៉េផងដែរ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានលើកឡើងផងដែរថាអជ្ញាធរពាក់ព័ន្ធនឹងស៊ើបអង្កេតឱ្យច្បាស់អំពីមូលហេតុដែលនាំឱ្យជនសង្ស័យនេះបាត់បង់ជីវិតបែបនេះ ថាតើមានជាប់ពាក់ព័ន្ធនឹងការបង្ខិតបង្ខំណាមួយធ្វើឡើងពីក្រោយខ្នងដោយភាគីណាមួយផ្សេងទៀតឬយ៉ាងណា ដែលអាចនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតករណីបំពានផ្លូវភេទដ៏ចម្រូងចម្រាស់នេះបន្តទៀត។
សូមបញ្ជាក់ថា កន្លងមកនេះ ករណីនេះជាករណីដ៏ក្តៅបំផុតដែលសូម្បីតែប្រធានាធិបតីកូរ៉េខាងត្បូង បានចេញមុខថ្លែងសុំអភ័យទោសដោយផ្ទាល់ ហើយមេបញ្ជាការកងទ័ពកូរ៉េខាងត្បូងក៏បានលាលែងពីតំណែងដោយសារតែករណីនេះផងដែរ រួមជាមួយនឹងការរកឃើញជាបន្តបន្ទាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើនៃជួរកងទ័ពដែលបានពាក់ព័ន្ធនឹងករណីនេះកន្លងមកនោះ។