កូរ៉េខាងត្បូង៖ បច្ចេកវិទ្យាទូរស័ព្ទថ្មីចុងក្រោយ នឹងត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងសហការជាមួយអជ្ញាធរខេត្តឃ្យ៉ុងគី រៀបចំដាក់ឱ្យសាធារណជនអាចប្រើប្រាស់បាន ដោយអ្នកប្រើប្រាស់ទូទៅគ្រាន់តែប្រើប្រាស់ទូរស័ព្ទ Smartphone ដើម្បីអាចដឹងថាក្នុងរង្វង់ចន្លោះក្បែរៗខ្លួនអ្នកប្រើប្រាស់នោះ មានវត្តមានអ្នកដែលធ្លាប់មានប្រវត្តិបទឧក្រិដ្ឋបំពានផ្លូវភេទដែរឬទេ ជាវិធីសាស្រ្តថ្មីដើម្បីអាចការពារប្រជាជនពីករណីបំពានផ្លូវភេទនៅពេលអនាគត។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាបច្ចេកវិទ្យាថ្មី ដែលជា App ប្រើប្រាស់បានតាមប្រព័ន្ធទូរស័ព្ទ Smartphone នេះជាសមិទ្ធផលថ្មីបង្កើតឡើងដោយក្រសួងយុត្តិធម៌កូរ៉េខាងត្បូង សហការជាមួយនឹងរដ្ឋបាលខេត្តឃ្យ៉ុងគី ដែលគេនឹងអាចចាប់ផ្តើមដាក់ឱ្យដំណើរការនៅថ្ងៃពុធសប្តាហ៍នេះហើយ សម្រាប់ដំណើរការសាកល្បងក្នុងក្រុងចំនួន១៥ និងតាមតំបន់នានាជុំវិញទីក្រុងសេអ៊ូល នេះបើតាមការបញ្ជាក់របស់តំណាងក្រសួងជំនាញ។
កម្មវិធី App ប្រើប្រាស់ក្នុង Smartphone នេះត្រូវបានបង្កើត និងរចនាឡើងដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលបានតម្លើងកម្មវិធីនេះក្នុងទូរស័ព្ទខ្លួន អាចស្វែងរក និងដឹងថាតើមានវត្តមានអ្នកដែលធ្លាប់មានប្រវត្តិបទឧក្រិដ្ឋបំពានផ្លូវភេទ នៅក្បែរៗខ្លួនដែរឬទេក្នុងចន្លោះរង្វង់ជុំវិញខ្លួន២០ម៉ែត្រ ដោយអ្នកប្រើប្រាស់គ្រាន់តែធ្វើការរង្គើទូរស័ព្ទ Smartphone របស់ខ្លួនយ៉ាងតិច៣ដង ឬច្រើនជាងនេះបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីដំណើរការកម្មវិធី និងផ្ញើចេញនូវទីតាំងរបស់អ្នកប្រើប្រាស់ទៅកាន់ប្រព័ន្ធគ្រប់គ្រងនៅក្នុងក្រសួងយុត្តិធម៌កូរ៉េ ដែលប្រព័ន្ធនេះបន្ទាប់មកនឹងធ្វើការផ្ទៀងផ្ទាត់នូវទីតាំងរបស់អ្នកប្រើប្រាស់ ទៅនឹងទីតាំងរបស់អ្នកដែលធ្លាប់មានប្រវត្តិបទឧក្រិដ្ឋបំពានផ្លូវភេទ ថាតើមាននៅក្បែរគ្នាក្នុងចន្លោះ២០ម៉ែត្រជុំវិញនោះឬទេ។
ក្នុងករណីបើរកឃើញមានវត្តមានជនដែលធ្លាប់មានប្រវត្តិបទឧក្រិដ្ឋបំពានផ្លូវភេទនៅក្បែរនោះ ក្រសួងជំនាញនឹងមានអ្នកធ្វើការខលទៅជននោះដោយផ្ទាល់ ដើម្បីឱ្យដឹងថាខ្លួនកំពុងត្រូវបានអជ្ញាធរឃ្លាំមើល ដូចនេះមិនអាចធ្វើសកម្មភាពខុសឆ្គងណាមួយនោះទេ ហើយបើក្នុងករណីចាំបាច់ទៀតនោះ ក្រោយពីបានតាមដានសកម្មភាពរបស់ជននោះតាមប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ហើយមានការសង្ស័យទៀតនោះ សមត្ថកិច្ចប៉ូលិសអាចនឹងបញ្ជូនកងកម្លាំងចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។
តែយ៉ាងណាមិញ ប្រព័ន្ធនេះដំណើរការទៅបាន ក្នុងករណីដែលជនដែលធ្លាប់មានប្រវត្តិបទឧក្រិដ្ឋបំពានផ្លូវភេទ មានពាក់ជាប់ខ្លួននូវកងជើងអេឡិកត្រូនិកពិសេសមួយដែលអជ្ញាធររៀបចំផ្តល់ឱ្យ ដើម្បីអាចឱ្យអជ្ញាធរតាមឃ្លាំមើលបានជានិច្ចនូវទីតាំងរបស់ជននោះ ដោយភ្ជាប់ទៅនឹងប្រព័ន្ធទើបនឹងបង្កើតថ្មីខាងលើនេះ។
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េបានចុះទៅពិនិត្យទីតាំងគ្រប់គ្រងប្រព័ន្ធនេះដោយផ្ទាល់ និងបានធ្វើតេស្តសាកល្បងផ្ទាល់ដោយខ្លួនឯងលើដោយបានពាក់កងជើងនោះផ្ទាល់ ហើយដើរទៅកាន់ទីតាំងសាកល្បងដើម្បីឱ្យឃើញថាប្រព័ន្ធនេះពិតជាដំណើរការពិតមែន។ គាត់បានលើកឡើងថា កម្មវិធីទូរស័ព្ទ និងបច្ចេកវិទ្យានេះពិតជាមានន័យ និងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ ដោយសារតែអត្រាកម្រិតខ្ពស់ដែលអ្នកធ្លាប់បំពានផ្លូវភេទ អាចនឹងប្រព្រឹត្តិសកម្មភាពបំពានសារជាថ្មី។ លោករដ្ឋមន្ត្រីបញ្ជាក់ផងដែរថា បច្ចេកវិទ្យានេះអាចនឹងត្រូវពង្រីកវិសាលភាពប្រើប្រាស់បន្ថែមទៅកាន់ផ្នែកផ្សេងៗទៀតនៃខេត្តឃ្យ៉ុងគី និងក្រុងសេអ៊ូលត្រឹមចុងឆ្នាំ២០២១នេះផងដែរ។