អជ្ញាធរកូរ៉េខាងត្បូង៖ ស្ថានការណ៍កូវីដពេលនេះ គម្លាតសង្គមតឹងរ៉ឹងអាចនឹងបន្តយូរថែមទៀត លុះត្រាសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជនដល់ទៅ … %

កូរ៉េខាងត្បូង៖ ខណៈពេលដែលករណកូវីដថ្មីនៅកូរ៉េខាងត្បូងបន្តកើនឡើងជាប្រចាំថ្ងៃក្នុងចំនួនគួរឱ្យបារម្ភ និងស្របពេលដែលរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋានានាបាននាំគ្នាតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ និងកម្រិត៤ជាបន្តបន្ទាប់ផងដែរនោះ អ្វីដែលអជ្ញាធរសុខាភិបាលជំនាញបានលើកឡើងនៅពេលនេះគឺ នៅពេលនេះមានតែដំណើរការចាក់វ៉ាក់សាំងឱ្យបានដល់គោលដៅកំណត់ប៉ុណ្ណោះដែលអាចជាដំណោះស្រាយក្នុងស្ថានការណ៍បច្ចុប្បន្ននេះ។

ចុះផ្សាយក្នុងសារព័ត៌មាន YTN ជាភាសាកូរ៉េ បានឱ្យដឹងថាសម្រាប់ដំណាក់កាលបច្ចុប្បន្ននេះរដ្ឋាភិបាល និងអជ្ញាធរជំនាញសុខាភិបាលកូរ៉េសុទ្ធតែយល់ឃើញ និងជឿជាក់ដូចគ្នាថាដំណើរការអនុវត្តគម្លាតសង្គមដែលមានសព្វថ្ងៃនេះ នឹងត្រូវតែនៅអនុវត្តបន្តរហូតទាល់តែដំណើរការចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេស អាចសម្រេចបានដល់៥០%ឯណោះ។

សម្រាប់វិធានការគម្លាតសង្គមដែលកំពុងអនុវត្តបច្ចុប្បន្ននេះ គឺកម្រិត៤នៅតំបន់ប្រជុំជនសេអ៊ូល ដែលមានក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលត្រូវបន្តរយៈពេល២សប្តាហ៍ទៀត ដោយក្នុងវិធានការគម្លាតសង្គមកម្រិត៤នេះ ការជួបជុំឯកជនបានត្រឹម៤នាក់ជាទូទៅ ហើយចាប់ពីម៉ោង៦ល្ងាចទៅអាចជួបជុំបានត្រឹម២នាក់ប៉ុណ្ណោះ ជួបជុំហើយចំណែកឯតំបន់ផ្សេងៗទៀតទូទាំងប្រទេសនឹងត្រូវតម្លើងដល់កម្រិត៣ ដែលក្នុងកម្រិត៣នេះ ការជួបជុំ​ឯកជនត្រូវកម្រិតនៅក្រោម៥នាក់ ហើយភោជនីយដ្ឋាន និងហាងអាជីវកម្មនានាបើកដំណើរការទទួលភ្ញៀវបានត្រឹមម៉ោង១០យប់ប៉ុណ្ណោះ រួមជាមួយនឹងវិធានការលម្អិតៗដទៃទៀតជាច្រើនផងដែរ។

បើពិនិត្យមើលស្ថានភាពនៃការឆ្លងរាលដាលបច្ចុប្បន្នវិញ គេឃើញថាចំនួននៃករណីឆ្លងបច្ចុប្បន្ននេះ គឺបានរាលដាលខ្លាំងទៅគ្រប់ខេត្ត ក្រុងធំៗសឹងទូទាំងប្រទេសទៅហើយ ហើយទីតាំងឆ្លងជាចង្កោមដូចជាសាលារៀន កន្លែងធ្វើការក៏កើនមានឡើងកាន់តែច្រើនផងដែរ។ អ្វីដែលកាន់តែបារម្ភទៀតនោះ គឺការធ្វើដំណើររបស់ប្រជាជនក្នុងរដូវកាលវិស្សមកាល រដូវក្តៅនេះ ដែលសូម្បីតែលោកប្រធានាធិបតី មូន ជេអ៊ីនបានចេញមកថ្លែងអំពាវនាវផងដែរ ថាក្នុងអំឡុងពេលនេះ ប្រជាជនកូរ៉េគួរផ្អាក ឬកាត់បន្ថយការធ្វើដំណើរកំសាន្តឆ្ងាយៗសិន ទំរាំដល់ចុងខែសីហាខាងមុខ។

អ្វីដែលជាកត្តាបារម្ភនោះគឺ បច្ចុប្បន្នក្នុងចំណោមអ្នកឆ្លង១០នាក់ មាន៣នាក់ហើយដែលគេមិនអាចរកឃើញ និងដែលជាកត្តានាំឱ្យមានការចម្លងបន្តបន្ទាប់ដល់អ្នកពាក់ព័ន្ធដទៃទៀត បូកផ្សំជាមួយនឹងវត្តមានកើនឡើងនៃប្រភេទមេរោគកូវីដបម្លែងខ្លួនថ្មី ដែលតា ដែលអាចមានសមត្ថភាពចម្លងបានកាន់តែលឿន និងខ្លាំងជាងមេរោគកូវីដធម្មតាផងដែរ។ ដូចនេះហើយទើបអជ្ញាធរសុខាភិបាលកូរ៉េ បញ្ជាក់ថាសម្រាប់ដំណាក់កាលនេះ គ្មានអ្វីដែលអាចធ្វើបាន ក្រៅពីការព្យាយាមកាត់បន្ថយការជួបជុំគ្នារវាងបុគ្គលផ្ទាល់នោះទេ រហូតទាល់តែដំណើរការចាក់វ៉ាក់សាំងអាចសម្រេចបានកាន់តែច្រើនឡើង។

បើតាមការបញ្ជាក់របស់អនុប្រធានទី១ នៃទីស្នាក់កាលកណ្តាលប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយកូរ៉េ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េ លោក Kwon Deok-cheol បានឱ្យដឹងថាស្ថានភាពនៃករណីកូវីដលាក់ខ្លួនដែលអជ្ញាធរមិនអាចកំណត់ប្រភពបាន រួមជាមួយនឹងវត្តមានមេរោគបម្លែងខ្លួនផង អាចនឹងតម្រូវឱ្យការបន្តឆ្លង និងវិធានការដើម្បីឆ្លើយតបត្រូវធ្វើឡើងក្នុងរយៈពេលយូរ ហើយសម្រាប់ស្ថានការណ៍នេះមានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ជាកូនសោរសំខាន់ជាងគេ។

អជ្ញាធរសុខាភិបាលជឿជាក់ថាវិធានការគម្លាតសង្គមតឹងរ៉ឹងដូចសព្វថ្ងៃនេះ នឹងត្រូវបន្តអនុវត្តយ៉ាងហោចរហូតដល់ពេលដែលប្រជាជនពាក់កណ្តាលប្រទេសបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ សម្រាប់បច្ចុប្បន្ននេះ មានត្រឹមតែក្បែរ ២នាក់ ក្នុង១០នាក់នៃប្រជាជនទាំងអស់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង។ ដូចនេះនីតិវិធី និងដំណើរការនៃការចាក់វ៉ាក់សាំងនឹងត្រូវចាំបាច់ពន្លឿនឱ្យកាន់តែលឿន ជាពិសេសក្នុងខណៈពេលនៃរដូវក្តៅនេះ ដែលអជ្ញាធរយល់ឃើញថាជាហានិភ័យសុខាភិបាល ដោយសារប្រជាជនអាចនឹងចង់នៅកន្លែងខាងក្នុងអាគារជុំៗគ្នាមានម៉ាស៊ីនត្រជាក់គេចពីកម្តៅថ្ងៃ ហើយក៏ជាពេលដែលប្រជាជនទូទាំងប្រទេសកំពុងចង់ធ្វើដំណើរកម្សាន្ត ដែលសុទ្ធជាហានិភ័យនៃការចម្លងមេរោគទៅកាន់គ្រប់ទីកន្លែងទូទាំងប្រទេសផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *