កូរ៉េខាងត្បូង៖ «ខិតខំប្រឹងប្រែងធ្វើការរៀនសូត្រក្រេបជញ្ជក់ ចំណេះដឹងនាពេលដែលត្រលប់ទៅប្រទេសមាតុភូមិវិញ ដើម្បីកសាងប្រទេសអោយកាន់តែរីកចំរើនទៅមុខបន្ត» ជាអនុសាសន៍ដែលឯកអគ្គរាជទូតកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានលើកឡើងផ្តល់ជូនដល់បងប្រុសជាពលករខ្មែរយើងនៅកូរ៉េ ដែលមានគណនីហ្វេសប៊ុក Tiger Win បើតាមការចែករំលែកជាសាធារណៈរបស់គាត់ផ្ទាល់កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងឱកាសដែលលោកឯកអគ្គរាជទូត និងក្រុមការងារក្នុងនោះមានអមដំណើរដោយទីប្រឹក្សាទទួលបន្ទុកពលករប្រចាំស្ថានទូតផង បានចុះទៅជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរយើងកាលពីថ្ងៃទី២៣ កក្កដា ២០២១កន្លងទៅនេះ បងប្រុសគណនីហ្វេសប៊ុក Tiger Win បានសរសេររៀបរាប់លើហ្វេសប៊ុកខ្លួនថាពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមអាហារសាមគ្គី និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយបងប្រុស ឡុង ឌីម៉ង់់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមជាមួយបងប្រុសទីប្រឹក្សាទទួលបន្ទុកពលករ ប្រចាំសាធារណរដ្ឋកូរ៉េ ហើយអ្វីដែលរឹតតែពិសេសសម្រាប់បងប្រុសទៀតនោះ គឺការទទួលបានការផ្តល់ជាអនុសាសន៍ល្អៗ ជំរុញទឺកចិត្តឱ្យបងប្រុសខិតខំប្រឹងប្រែងធ្វើការរៀនសូត្រក្រេបជញ្ជក់ ចំណេះដឹង ដើម្បីអាចទទួលបានដើមទុនជាចំណេះ និងធនធានដ៏មានតម្លៃនាពេលដែលត្រលប់ទៅប្រទេសមាតុភូមិវិញ ដើម្បីក៏សាងប្រទេសអោយកាន់តែរីកចំរើនទៅមុខបន្ត។
បងប្រុសថែមទាំងបានបញ្ជាក់ទៀតថា ទឹកចិត្តដ៏ថ្លៃថ្លា ជាមួយនឹងសកម្មភាពទាំងអស់កន្លងមក សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាលោកទូត ឡុងឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមជាមួយក្រុមការងារស្ថានទូតទាំងអស់ គឺតែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់ព្រមទាំងចុះសួរសុខទុក្ខដល់បងប្អូនខ្មែរដោយផ្ទាល់ មិនថាក្នុងកាល:ទេស:ណាទេ គឺក្រុមការងារស្ថានទូតតែងតែលះបង់កំលាំងកាយនិងកំលាំងចិត្តដើម្បីជួយសម្របសម្រួលដល់បងប្អូនជានិច្ច។
ជាចុងបញ្ចប់បងប្រុសបានថ្លែងជូនពរលោកទូត ដោយគាត់បានហៅថា «បងប្រុស ឡុង ឌីម៉ង់» រួមជាមួយនឹងលោកជំទាវ ញឹម ដាវី ព្រមទាំងក្រុមការងារស្ថានទូតទាំងអស់ សូមអោយជួបតែសំណាងល្អប្រកបការងារជោគជ័យគ្រប់ភារកិច្ច។